បណ្តាំចុងក្រោយដ៏មានន័យ! រាជនីសម្រស់ និងតារាសម្តែងល្បីឈ្មោះ ជូនទៅស្ត្រីដែលកែសម្ផស្ស

Audrey Hepburn​​ គឺជារាជនីសម្រស់ និងតារាសម្តែងស្រីដ៏ល្បីឈ្មោះរបស់អង់គ្លេស ថែមទាំងជាតារាដែលមានឈ្មោះល្បីនៅក្នុងកិច្ចការងារសង្គមសប្បុរធម៌ផងដែរ។ ធ្លាប់មានអ្នកកាសែត និងអ្នកគាំទ្រជាច្រើនបានសួរនាំនាង ពីអាថ៌កំបាំងនៃការថែរក្សាសម្រស់របស់នាង តែនាងបានលាក់បាំងពេញមួយជីវិត។​

រហូតដល់​ឆ្នាំ ១៩៩៣ ជាថ្ងៃមរណភាពរបស់នាងនោះ Audrey Hepburn ក៏បានបន្សល់ទុកសំបុត្រមួយច្បាប់ទាក់ទងនឹងអាថ៌កំបាំងពិសេសនៃវិធីថែសម្រស់របស់នាង ដែលបានលាក់ទុកពេញមួយជីវិត ​ទៅកាន់អ្នកដែលចូលរួមពិធីបុណ្យសពរបស់នាង ដែលមានអត្ថន័យទាំងស្រុងថា៖

ជូនចំពោះនារីៗទាំងឡាយដែលស្រលាញ់សម្រស់ខ្លួនឯងខ្លាំង រហូតកែច្នៃគ្រប់បែបយ៉ាងដើម្បីឱ្យខ្លួនឯងបានស្អាត​ទាំងការចាក់ Botox និងការវះកាត់កែសម្ផស្ស។​

ខាងក្រោមនេះបញ្ចាក់បានថា សម្រស់ពិតរបស់អ្នកពិតជាមានពិត ដោយមិនចាំបាច់ ចាក់ Botox និងការវះកាត់កែសម្ផស្សនោះទេ ៖

-ប្រសិនជាអ្នកចង់បានបបូរមាត់ស្រស់ស្អាតទាក់ទាញ​ ចូលញញឹមឱ្យបានច្រើន និងនិយាយពាក្យល្អៗពិរោះពិសារឱ្យបានច្រើន នេះហើយទើបជាសម្រស់ស្រស់ស្អាតពិតនៃបបូរមាត់របស់អ្នក

-ប្រសិនជាចង់ឱ្យខ្លួនឯងទាក់ទាញ និងមើលទៅគួរជាទីស្រលាញ់រាប់អានរបស់មនុស្សជុំវិញ ចូរធ្វើចិត្តអ្នកឱ្យបានស្អាត ហើយមើលទៅមនុស្សជុំវិញដោយសុទិដ្ឋនិយម ពោលគឺគិតវិជ្ជមាន និងមើលទៅចំណុចល្អនៅក្នុងខ្លួនរបស់មនុស្សដែលនៅក្បែរអ្នក

-ប្រសិនជាចង់ឱ្យអ្នកដទៃមើលទៅអ្នកថាមានរូបរាងស្អាតទាក់ទាញ និងរាងស្វែលស្រស់ស្អាត ចូលចែករំលែកអាហាររបស់អ្នក​ ទៅកាន់អ្នកដែលអត់ឃ្លាន និងគ្មានទីពឹង

-ប្រសិនជាអ្នកចង់បានសរសៃស្រស់ស្អាត និងមើលទៅគួរឱ្យចាប់អារម្មណ៍ ចូលលេងជាមួយក្មេងៗឱ្យបានច្រើន និងឱ្យក្មេងលេងសរសៃសក់របស់អ្នកឱ្យបានមួយថ្ងៃមួយដងចុះ

-ប្រសិនជាចង់បានរាងស្អាត និងមានដំណើរមើលទៅជឿជាក់ប៉ិនប្រសព្វដូចតារាបង្ហាញម៉ូត សូមដើរទៅដោយភាពជឿជាក់ និងមានទំនុកចិត្តលើខ្លួនឯងខ្ពស់ ពិសេសដើរដោយជំនឿជាក់ថាអ្នកមិនមែនដើរតែម្នាក់ឯងឡើយ ព្រោះនៅក្នុងជីវិតអ្នកនឹងមានមនុស្សដែលអ្នកស្រលាញ់ និងអ្នកដែលស្រលាញ់អ្នកតាមចាំគាំទ្រពីក្រោយជានិច្ច។

ត្រូវចាំថាឱ្យតែអ្នកមានជំនឿចិត្ត និងមានទំនុកចិត្តលើខ្លួនឯង ហើយត្រូវការជំនួយនោះ អ្នកនឹងតែងតែមានដៃមួយគួនៅក្បែរអ្នកគ្រប់ពេលគ្រប់វេលាជានិច្ច មិនថាអ្នកណាម្នាក់ចាកចេញពីអ្នក​ ឬអ្នកចាស់ទៅមិនសល់អ្នកណាម្នាក់ អ្នកត្រូវចាំថាតែងតែមានដៃមួយគូនៅក្បែរអ្នក​គឺដៃម្ខាងអ្នកជួយខ្លួនឯង ឯដៃម្ខាងទៀតគឺជួយអ្នកដទៃ។

តើអ្នកដឹងទេ មនុស្សមិនមែនវត្ថុ ហើយមនុស្សមានភាពពិសេសខ្លាំង​ ព្រោះតែយើងត្រូវការកែលម្អ ត្រូវការភ្ញាក់រលឹក ត្រូវការលើកទឹកចិត្ត មានចំណង់ ចង់ទទួលបានការជួយសង្គ្រោះដូចៗគ្នា មនុស្សម្នាក់ៗសុទ្ធតែមានបញ្ហា និងផលវិបាករៀងៗខ្លួន ដូច្នេះកុំបោះបង់ខ្លួនឯង និងបោះបង់អ្នកដទៃ អាត្មានិយមតែខ្លួនឯង​ ហើយភាពល្អទាំងនេះពីក្នុងខ្លួន គឺមានភាពស្រស់ស្អាតស្ថិតស្ថេរជាអមតៈជាងសម្រស់ខាងក្រៅទៅទៀត។

សម្រស់ពិត គឺមិនមែនសំដៅលើសំលៀកបំពាក់ដែលនាងស្លៀកពាក់ មិនមែនលើផ្ទៃមុខដ៏ស្រស់ស្អាត ឬគ្រឿងតុបតែងលើផ្ទៃមុខ មិនមែនសក់ដែលវែង /ខ្លី ឬការតុបតែងផ្សេងៗ…សម្រស់ពិតរបស់នារីម្នាក់ៗគឺស្ថិតនៅលើកែវភ្នែកទាំងគូរបស់នាង ហើយវាគឺជាទ្វារដែលបើកដួងចិត្តនាង ដែលជាប្រភពនៃសេចក្តីស្រលាញ់ពិតដែលកែវភ្នែកមួយគូនេះមិនអាចកុហកបោកប្រាស់ពីសេចក្តីល្អ ឬអាក្រក់ដែលចេញពីក្នុងចិត្តបានឡើយ​ ។ ជាពិសេស សម្រស់ពិតប្រាកដរបស់មនុស្សស្រីគឺស្រស់ស្អាតចេញពីចិត្ត និងវិញ្ញាណពិតដែលចេញពីខាងក្នុង។ ដូច្នេះមិនថាសម្រស់ខាងក្រៅអ្នកយ៉ាងណា ប្រសិនជាអ្នកមានចិត្តល្អ បរិសុទ្ធ ភាពទន់ភ្លន់ និងចិត្តសប្បុរសដល់មនុស្សជុំវិញខ្លួននោះ នេះហើយទើបជាសម្រស់ពិត ដ៏ស្រស់ស្អាតបំផុតជានិរន្តិ៍របស់អ្នក​ ដែលអាចយកឈ្នះចិត្តមនុស្សគ្រប់គ្នាបាន៕

អត្ថបទពីបរទេស កែសម្រួលដោយ៖ កវីលាក់ស្នេហ៍ប្រលោមលោក

Leave a Reply

Your email address will not be published. Required fields are marked *