សូមចូលរួមត្រេកអរផង!!! អង្គការ​ណា​សា​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​ផលិត​អុកស៊ីសែន​នៅ​លើ​ភព​ព្រះ​អង្គារហើយ!​

ទីភ្នាក់ងារ​អវកាស​អាមេរិក​ណា​សា (NASA) និយាយ​ថា ​យានអវកាស​ទៅកាន់​ភព​ព្រះ​អង្គារ Perseverance របស់​ខ្លួន ​បាន​ផលិត​អុកស៊ីសែន​ចេញពី​អាកាស​ដ៏​ស្តើង​ របស់​ភព​ក្រហម​ជា​លើកដំបូង​។ អង្គការ​នេះ​និយាយ​ថា ​បច្ចេកវិទ្យា​នេះ​អាច​ត្រូវ​បាន​ប្រើ ​សម្រាប់​ការរុករក​មនុស្ស​នៅ​ភព​ព្រះ​អង្គារ​។​
     
​អង្គការ​ណា​សាបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​ឧបករណ៍​ពិសោធន៍​របស់​យាន​នេះ​បាន​ទាញ​យក​អុកស៊ីសែន ៥.៤ក្រាម​ចេញពី​បរិយាកាស​ដែល​សំបូរ​ទៅ​ដោយ​កាបូនឌីអុកស៊ីត​ នៅ​ក្នុង​ប្រតិបត្តិការ​មួយ​ដែល​មាន​រយៈពេល​ប្រហែល ៣​ម៉ោង​។​ ក្រុម​មន្ត្រី​និយាយ​ថា ​វា​ស្មើនឹង​បរិមាណ​អុកស៊ីសែន​ដកដង្ហើម​ ដែល​មាន​រយៈពេល​ប្រហែល ១០នាទី​សម្រាប់​អវកាសយានិក​។​ បរិយាកាស​របស់​ភព​ព្រះ​អង្គារ​គឺ​ប្រហែល ៩៦% ​នៃ​កាបូនឌីអុកស៊ីត​។

ឧបករណ៍​នេះ​បញ្ជូន​កម្ដៅ ៨០០​អង្សា​សេ​ទៅកាន់​កាបូនឌីអុកស៊ីត ​ដើម្បី​បំបែក​វា​ទៅជា​អុកស៊ីសែន​ និង​កាបូន​ម៉ូ​ណូ​ស៊ីត​។​ យានអវកាស ​Perseverance បាន​ចុះចត​នៅ​លើ​ភព​ព្រះ​អង្គារ​កាលពី​ខែ​កុម្ភៈ ​ក្នុង​បេសកកម្ម​ដើម្បី​ស្វែងរក​តម្រុយ​នៃ​រូប​បែប​ជីវិត​។​ កាលពីដើម​សប្តាហ៍​នេះ​ឧទ្ធម្ភាគចក្រ​ខ្នាត​តូច​របស់​ខ្លួន ​បាន​ហោះហើរ​ប្រកបដោយ​ជោគជ័យ​នៅ​លើ​ភព​ព្រះ​អង្គារ​ ជា​លើកដំបូង​នៅ​លើ​ភព​មួយ​ផ្សេងទៀត​៕​
              
អត្ថបទ btv

Leave a Reply

Your email address will not be published. Required fields are marked *