រឿងមួយចំនួនដែលកូនខ្មែរប្រហែលជាមិនធ្លាប់បានដឹងពី ​« ប្រាសាទនាគព័ន្ធ ​»!

ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយដល់ព្រះពោធិសត្វ លោកេស្វរៈ (ព្រះពុទ្ធសាសនាមហាយាន) និងព្រះពុទ្ធស្ដេចថ្នាំនាម ភែសជ្យគុរុ។ ប្រាសាទនេះមានទីតាំងឋិតនៅចំកណ្ដាលបារាយណ៍ « ជ័យតដាក » (Jayatataka) ដែលបារាយណ៍នេះមានទទឹង ៩០០ម និងបណ្ដោយប្រវែង ៣,៥០០ម ។ ប្រាសាទនេះសាងសង់ឈរលើអ័ក្សតែមួយនឹងប្រាសាទព្រះខ័ន ។ វាត្រូវគេសាងសង់ឡើងនៅលើកោះសិប្បនិម្មិតដែលមាន ៣៥០ម ក្នុងមួយជ្រុងៗ ព្រមទាំងមានកាំជណ្ដើរថ្មបាយក្រៀម និងរចនាដោយបង្កាន់ដៃ ។ កំពែងដី ដែលមានប្រវែង ៣៤០ម ក្នុងមួយជ្រុង បានត្រូវគេសង់ព័ទ្ធជុំវិញប្រាសាទ។

នាគព័ន្ធជាប្រាសាទតូចមួយដែលមានស្រះប្រាំ ស្រះតូចបួននៅជុំវិញ ស្រះធំមួយដែលសង់នៅចំកណ្ដាល ។

ចំណុចកណ្ដាលប្រាសាទស្ថិតនៅលើអ័ក្សនៃស្រះទឹករាងកាត់ខ្វែងគ្នា ឬជាផ្កាឈូក។ ឈ្មោះដំបូងដែលត្រូវបានស្គាល់គឺរាជ្យស្រី (Rajasri) ដែលនាគព័ន្ធការហៅសម័យទំនើបដែលមានន័យថា «នាគព័ទ្ធជុំវិញ » ពីនាគដែលព័ទ្ធជុំវិញជារង្វង់ប្រាសាទ។

ស្រះធំកណ្ដាលគឺជាតំណាងស្រះ «អនវតប្តៈ» ដែលជាស្រះបរិសុទ្ធនៅភ្នំមេរុ ជាចំណុចកណ្ដាលនៅពិភពលោក។ ស្រះនេះបានផ្ដល់កំណើតដល់ទន្លេស័ក្ដិសិទ្ធិធំៗទាំងបួនគឺ៖ «ទន្លេគង្គា, ទន្លេព្រហ្មបុត្រ, ទន្លេយមនា, ទន្លេឥណ្ឌុ» ស្រះទាំងអស់នេះមានទំហំ ២៥ម. ក្នុងមួយជ្រុងៗ ដែលនៅប្រាសាទនាគព័ន្ធគេកំណត់យករូបសំណាកមកតំណាងឲ្យទន្លេទាំងនេះ ហើយរូបសំណាកទាំងនោះគឺជាតំណាងធាតុទាំងបួន៖ «ធាតុទឹក, ដី, ភ្លើង, និងខ្យល់» (ធាតុទឹកតំណាងដោយក្បាលដំរីនៅទិសខាងជើង, ធាតុខ្យល់តំណាងដោយក្បាលសេះនៅទិសខាងលិច, ធាតុភ្លើងតំណាងដោយក្បាលតោនៅទិសខាងត្បូង, និងធាតុដីតំណាងដោយក្បាលមនុស្សនៅទិសខាងកើត) ។ ស្រះអនវតប្តៈ ត្រូវបំពេញដោយទឹកក្ដៅផុសពីដី និងត្រូវបានគេគោរពណាស់នៅឥណ្ឌា ចំពោះអំណាចនៃការកែរោគរបស់ទឹកនោះ។

តាមសិលាចារឹកនៃប្រាសាទព្រះខ័ននិយាយពីនាគព័ន្ធថាជា « កោះដ៏ឧត្តម ដែលមានកោះផ្សេងៗធ្វើឲ្យលេចសម្រស់ឡើង ព្រមទាំងលាងភក់មន្ទិលទាំងពួងនៃអ្នកមកទីនេះឲ្យជ្រះស្រឡះ » ។ ស្រះនោះមានបួន ហើយសុទ្ធសឹងមានក្បាលទបាញ់បញ្ចេញទឹក ដែលគេឆ្លាក់ជាក្បាលមនុស្សនិងសត្វផ្សេងៗ ដែលទឹកនោះត្រូវបានគិតថាមានសារជាតិព្យាបាលជំងឺ។ នេះធ្វើឲ្យយើងសង្ស័យថាកោះនាគព័ន្ធមាននាទីព្យាបាលរោគផង ឫប្រហែលជាត្រូវបានប្រើជាកន្លែងលាងបាបផងដែរ ។ ការសង្ស័យនេះក៏សមស្របនឹងចម្លាក់រូបអវលោកិតេស្វរ នៅច្រើនកន្លែង ដែលជាទេពសង្គ្រោះសត្វលោក ។ ម្យ៉ាងទៀត មានចម្លាក់ទេពនេះ តំណែងខ្លួនជាសេះ ដើម្បីស្រោចស្រង់ឈ្មួញសំពៅមួយក្រុមដែលត្រូវយក្ខិនីចាប់ទុកធ្វើជាចំណីផងដែរ។

ទឹកពិសិដ្ឋហូរចេញពីទរបង្ហូរទឹក តភ្ជាប់ពីស្រះធំ ហើយទរបង្ហូរទឹកទាំងបួននេះមានលក្ខណៈខុសៗគ្នាគឺ៖
– ខាងជើង ៖ ជាក្បាលដំរី
– ខាងត្បូង ៖ ជាក្បាលតោ

– ខាងកើត ៖ ជាក្បាលមនុស្ស
– ខាងលិច ៖ ជាក្បាលសេះ
ដំបូលអគារតូចទាំងបួននេះមានរាងកោងក្រឡូម ដែលមានលម្អដោយក្បាច់ត្របកឈូក ។

ស្រះខាងជើង ជាស្រះសម្រាប់លទ្ធិព្រាហ្មណ៍ ដែលគេសន្មតថាទឹកចេញពីក្បាលដំរីនេះបានបង្កើតទន្លេព្រះម៉ែគង្គាសម្រាប់ប្រើលាងបាប ។
ស្រះខាងកើត ជាស្រះហូរបង្កើតទន្លេព្រហ្មបុត្រ ។ គេជឿថាទឹកហូរពីក្បាលមនុស្សនេះ ជួយបង្កើនឫទ្ធិអំណាច មានប្រាជ្ញាដូចអង្គព្រះពោធិសត្វភេទស្រីនាម «ប្រាជ្ញាបារមីតា» និងផ្ដល់ភាពបរិសុទ្ធដល់មនុស្ស ។

ស្រះខាងត្បូង តំណាងអំណាចស្ត្រី តំណាងអំណាចរបស់ស្ដេចសត្វ ។ ពេលចង់បានឫទ្ធអំណាចចេញច្បាំងឲ្យបានជោគជ័យ គេធ្វើពិធីនៅស្រះខាងត្បូង ស្រះដែលបង្កើតទន្លេឈ្មោះ «ឥណ្ឌុ» ហេតុដែលគេបង្កើតទន្លេឥណ្ឌុនិងក្បាលតោនេះ ព្រោះតោនេះមានកំណើតនៅឋានត្រៃត្រិង្ស ។ តោមានកំណើតចេញពីអណ្ដាតភ្លើងកំហឹងនៃពួកអាទិទេពកួចបញ្ចូលគ្នាបង្កើតបានជាសត្វតោមួយនាម «ទុគ៌ា» ។ ទទួលទានទឹកពីក្បាលតោ គេជឿថាទទួលបានអំណាច និងពរជ័យពីព្រះនាង «ទុគ៌ា» ដែលនាងបានសម្លាប់យក្សក្បាលក្របីឈ្មោះ «មហិង្សាសុរៈ» ។

ស្រះខាងលិច ទទួលទានទឹកចេញពីក្បាលសេះ គេជឿថានឹងទទួលបានអំណាចអមត អំណាចកម្លាំងដ៏មហាសាលនៃអង្គព្រះពាយ ព្រោះសេះនេះមានកំណើតនៅឋានទេវលោក ដែលព្រះវិស្ណុបានប្រទានទៅព្រះពាយធ្វើជាជំនិះ ។ ទឹកស្រះខាងលិចនេះហូរបង្កើតជាទន្លេ «យមនា» ។

ចំណែកឯ ពីដើមប៉មកណ្ដាលនេះបើចំហនៅទិសខាងកើត ចំណែកបីជ្រុងទៀតត្រូវបិទខ្ទប់ដោយរូបសំណាក «អវតាលោកិតេស្វរ» និងមានរូបចម្លាក់លៀននៃសត្វដំរីតូចៗនៅលើជ្រុងនីមួយៗ ។ នៅលើហោជាងនៃតួប៉មមានពិពណ៌នាពីជីវិតរបស់ព្រះពុទ្ធ៖

– ហោជាងខាងកើត ៖ ព្រះពុទ្ធកាត់ព្រះកេសា
– ហោជាងខាងលិច ៖ ព្រះពុទ្ធទទួលការការពារពីនាគរាជ មុជ្ជលិន
– ហោជាងខាងជើង ៖ ការចាកចោលរាជវាំងរបស់ព្រះពុទ្ធ

– ហោជាងខាងត្បូង ៖ ព្រះពុទ្ធធ្វើសមាធិនៅក្រោមដើមពោធិព្រឹក្ស
នៅតួប៉មកណ្ដាល មានតួខ្លួននាគរាជពីរ (នន្ទ និងឧបនន្ទ) បានឆ្វាយជារង្វេលជុំវិញគ្រឹះកោះ ហើយកន្ទុយរបស់នាគព័ទ្ធព័ន្ធគ្នានៅទិសខាងលិច នេះជាការសន្មតហៅប្រាសាទនេះថា «ប្រាសាទនាគព័ន្ធ» ។ តួអង្គពិសេសនៅក្នុងស្រះធំគឺចម្លាក់លោតសេះឈ្មោះ «ពលហ៍» កំពុងហែលសំដៅកោះព្រមទាំងមានឆ្លាក់រូបមនុស្សតោងខ្លួនសេះទាំងមូល ។ សេះនេះជាការនិម្មិតខ្លួនរបស់អវតាលោកិតេស្វរដើម្បីជួយសង្គ្រោះឈ្មួញសំពៅឈ្មោះ «សិហាល» និងសហសេវិករបស់គាត់ពីគ្រោះកំណាច ។ ពួកគេបានលិចសំពៅនៅសិរីលង្កា ហើយត្រូវចាប់ទុកជាចំណីដោយយក្ខិនីដែលមានចង្កូមវែង ។

នៅក្នុងនោះប្រាសាទនាគពន្ធ័ នេះក៏ត្រូវបានគេដឹងថា ជាកន្លែងផលិតឱសថ បុរាណក្នុងយុគសម័យ ។ ដើមឈើប្រភេទថ្នាំដុះពទ្ធ័ជុំជិត ។ អ្នកជំម្ងឺតែងតែទៅយកឪសថពីទីប្រាសាទនាគពន្ធ័នោះ យកមកហូប ជាសះស្បើយពីជំម្ងឺ ក្នុងសម័យនោះ ។ ដោយត្រាំគ្រប់រុក្ខជាតិនៅក្នុងរង្វង់មូលក្នុងតួប្រាសាទ។

ដោយអ្នកដែលរៀនផ្នែកឪសថបុរាណ ក្រុមការងារផ្នែកឪសថបុរាណដឹកនាំក្រុមទៅមើល ពិនិត្យ ដើមឈើដុះៗនៅក្បែរៗមាត់ប្រាសាទនោះ សទុ្ធតែជាដើមឈើសំរាប់ផលិតជាឪសថថ្នាំបុរាណក្នុងយុគសម័យនោះដោយកាប់ត្រាំ បំពងបង្ហូរ ត្រូវជាពីជំម្ងឺរយមុខ នាសម័យអង្គរ រួចបង្ហូរតាមរូបសំណាក់មាត់ដំរីដើម្បីឱ្យប្រជាជនត្រងទឹកនេះមកព្យាបាលជំងឺ៕

រូបភាពហ្វេសបុក

Leave a Reply

Your email address will not be published. Required fields are marked *