បង្គោលដែកនៅរដ្ឋយូថាហ៍បាត់ខ្លួនយ៉ាងអាថ៌កំបាំងទៀតហើយ បន្ទាប់ពីបង្ហាញខ្លួនយ៉ាងអាថ៌កំបាំងមិនបានប៉ុន្មាន!

ទីភ្នាក់ងារ AFP និង UPI បានរាយការណ៍កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ការិយាល័យគ្រប់គ្រងដែនដីរដ្ឋយូថាហ៍ បាននិយាយថាខ្លួនបានជូនដំណឹងពីប្រភពដែលអាចជឿទុកចិត្តបានរាយការណ៍មកថា បង្គោលដែករាងត្រីកោណមានកំពស់ ៣.៦៥ ម៉ែត្រនៅវាលខ្សាច់នៃរដ្ឋយូថាហ៍ និងធ្លាប់បានក្លាយជាពត៌មានភ្ញាក់ផ្អើលកាលពីមុននេះ បន្ទាប់ពីទីភ្នាក់ងារអភិរក្សសត្វព្រៃរដ្ឋយូថាហ៍ បានរកឃើញបង្គោលដែកអាថ៌កំបាំងមួយដោយចៃដន្យ ពេលកំពុងជិះឧទ្ធម្ភាគចក្រដើម្បីរុករកតំបន់នោះកាលពីពាក់កណ្តាលខែវិច្ឆិកា ឥលូវនេះសេចក្តីរាយការណ៍បានឱ្យដឹងថា បង្គោលដែកនោះត្រូវបានជនមិនស្គាល់មុខដកចេញចាប់តាំងពីថ្ងៃសុក្រទី ២៧ ខែវិច្ឆិកាមកម្លេះ ។

ព្រមទាំងបានសង្កត់ធ្ងន់ថា ខាងការិយាល័យដែនដីមិនបានរើបង្គោលដែកនោះចេញទេ ចាប់តាំងពីវាត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិឯកជន ហើយថាសិទ្ធិអំណាចក្នុងការស៊ើបអង្កេតបទឧក្រិដ្ឋទាក់ទងនឹងទ្រព្យសម្បត្តិផ្ទាល់ខ្លួន វាជាមុខងាររបស់ការិយាល័យតម្រួតក្នុងស្រុក ។

ទន្ទឹមនឹងនោះលោក Spencer Owen Owen មកពីកាសែត The Salt Lake Tribune បានធ្វើដំណើរទៅកន្លែងកើតហេតុដោយខ្លួនឯង ហើយបានរកឃើញថា កន្លែងដែលធ្លាប់មានបង្គោលដែក នាពេលបច្ចុប្បន្ននេះនៅសល់តែដែកបន្ទះរាងត្រីកោណប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថា មុននេះមានមន្ដ្រីម្នាក់បានប្រទះឃើញបង្គោលដែក ដែលគេសន្និដ្ឋានថាវាអាចជាស្នាដៃសិល្បៈ ឬវាអាចជាឧបករណ៍ដែលអង្គការណាសា ប្រើដើម្បីឆ្លុះបញ្ចាំងពីសញ្ញាផ្កាយរណប ។

តាមរយៈការរកឃើញនៅពេលនោះ ក៏មានអ្នកស៊ើបអង្កេតមួយក្រុមបានចុះទៅដល់ទីតាំងនៃបង្គោលដែកនោះដើម្បីធ្វើការពិនិត្យមើល និងបានប៉ាន់ស្មានថា បង្គោលដែកដ៏អាថ៌កំបាំងនោះអាចនឹងត្រូវបានតម្លើងនៅចន្លោះឆ្នាំ ២០១៥ និង ២០១៦ ។ បង្គោលនេះធ្វើពីដែកថែបដែលមានអ៊ីសូឡង់ការពារកម្តៅខាងក្នុង ហើយវាទំនងជាបង្គោលអ្វីមួយដែលត្រូវបានបង្កើតដោយស្នាដៃមនុស្ស មិនមែនជាស្នាដៃរបស់មនុស្សក្រៅភព ដូចការសន្និដ្ឋានដែលធ្លាប់បានលើកឡើងកន្លងមកទេ ។

វិចិត្រករ John McCracken
ចំពោះសំណួរថាតើអ្នកណាអ្នកតម្លើងបង្គោលដែកមួយនេះ? កាលពីមុនខាងវិចិត្រសាល David Zwirner Gallary បានបញ្ជាក់ថា បង្គោលនេះទំនងជាកម្មសិទ្ធិរបស់វិចិត្រករសិល្បៈស្នាដៃបែប Minimalist ម្នាក់ឈ្មោះ ចនម៉ាកគ្រីសសិន (John McCracken) ៕

Leave a Reply

Your email address will not be published. Required fields are marked *