សូមប្រុងប្រយ័ត្ន! បុរសម្នាក់ពាក់ AirPods គេងស្តាប់ចម្រៀងនៅពេលយប់ ព្រឹកឡើងក្រោកមកស្រាប់តែកាស ទៅនៅក្នុងពោះទៅវិញ!

សម្រាប់មនុស្សជាច្រើនកាស AirPods ឬកាសឥតខ្សែ អាចចាត់បានថា ជាឧបករណ៍មានប្រយោជន៍ណាស់ ប៉ុន្តែពេលខ្លះវាក៏អាចបង្កគ្រោះថ្នាកដល់អ្នកប្រើប្រាស់ដែរ ប្រសិនបើអ្នកប្រើដោយមិនយកចិត្តទុកដាក់។

ហើយកាលពីថ្មីៗនេះ មានបុរសម្នាក់មកពី ទីក្រុង Worcester រដ្ឋ Massachusetts សហរដ្ឋអាមេរិក បានចេញមកបង្ហោះសារដាស់តឿនថា គាត់បានពាក់កាស AirPods ពេលកំពុកគេង លុះភ្ញាក់ឡើងកាសរបស់គាត់បានបាត់គ្មានស្រមោល។ នៅពេលគាត់ព្យាយាមរកទៅរកមក ស្រាប់តែកាសនោះ បែរជាទៅនៅក្នុងក្រពះរបស់គាត់ទៅវិញ ។

លោក Brad Gauthier បានបង្ហោះឃ្លីបវីដេអូនៅលើហ្វេសប៊ុក អំពីរឿងរ៉ាវដែលបានកើតឡើង ដើម្បីជាការដាស់តឿន អ្នកដទៃឱ្យប្រុងប្រយ័ត្ននៅពេលប្រើកាសឥតខ្សែ “សូមប្រុងប្រយ័ត្នពេលប្រើកាសឥតខ្សែ ខណៈពេលអ្នកកំពុងគេង អ្នកមិនដឹងថា វានឹងបាត់ទៅណាទេ នៅពេលអ្នកភ្ញាក់ពីគេង”

លោក Brad បាននិយាយថា ហេតុការណ៍នេះបានកើតឡើង កាលពីល្ងាចថ្ងៃច័ន្ទ ទី ១ ខែកុម្ភៈឆ្នាំ ២០២១ មុនពេលចូលគេងគាត់បានយកកាសឥតខ្សែមួយគូមកពាក់នៅត្រចៀកស្តាប់ចម្រៀង ដើម្បីឲ្យគេងលក់ស្រួល ។

“លុះនៅពេលខ្ញុំភ្ញាក់ពីគេងព្រឹកឡើង ខ្ញុំមិនបានចាប់អារម្មណ៍អ្វីទាំងអស់ រហូតដល់ខ្ញុំចេញដើរទៅខាងក្រៅផ្ទះ ដើម្បីបោសសំអាតព្រិលនៅច្រកចូលខាងមុខផ្ទះ ខ្ញុំចាប់ផ្តើមមានរោគសញ្ញាចម្លែកៗ”

លោកបានបន្ថែមទៀតថា ៖ បន្ទាប់មកគាត់ក៏បានដឹងថា កាសឥតខ្សែរបស់គាត់មួយចំហៀងត្រូវបានបាត់ មុនពេលព្យាយាមប្រើកម្មវិធី Find My AirPod ដើម្បីស្វែងរកកាសដែលបាត់របស់គាត់ ប៉ុន្តែដោយសារកាសអស់ថ្ម ដូច្នេះគាត់មិនអាចរកវាឃើញទេ។

“វាពិតជាសំណាងណាស់ដែលកាសអស់ថ្ម ប្រសិនបើខ្ញុំចុចប៊ូតុងរក ហើយមានសម្លេងឮឡើងចេញពីបំពង់ករបស់ខ្ញុំ ខ្ញុំច្បាស់ជាគាំងបេះដូងស្លាប់មិនខាន”

បន្ទាប់មកក្រុមគ្រួសារ ក៏បាននាំ Brad ទៅជួបគ្រូពេទ្យ ព្រមទាំងប្រាប់ទៅពេទ្យថា គាត់លេបកាស AirPods ដោយចៃដន្យ បន្ទាប់មកគ្រូពេទ្យបាននាំគាត់ទៅឆ្លុះកាំរស្មីអ៊ិច X-Ray ហើយក៏បានរកឃើញថាមានកាសនៅក្នុងក្រពះរបស់ Brad ពិតប្រាកដមែន ។

បន្ទាប់មកគ្រូពេទ្យបានដាក់ម៉ាស៊ីនឆ្លុះចូលទៅក្នុងបំពង់អាហារ ហើយទាញយកកាសចេញមកដោយសុវត្ថិភាព។

ហើយ Brad បានបន្ថែមនៅចុងបញ្ចប់ថា កាស AirPods កម្មនេះ នៅអាចប្រើការបានធម្មតាទៀតផង ៕

ប្រភព : ladbible, nypost

Leave a Reply

Your email address will not be published. Required fields are marked *