គួរឱ្យអាសូរ! ប្អូនស្រីជេននីអាយុទើបតែ ១១ ឆ្នាំ តែសុខភាពរាងកាយដូចជាមនុស្សចាស់ជរា

អាចនិយាយបានថាតាមរយៈកម្មវិធីផ្តល់បទសម្ភាសន៍មួយបានធ្វើឱ្យមហាជនមានការអាណិតអាសូរ ប្អូនស្រីជេននី ក្មេងស្រីអាយុ ១១ ឆ្នាំដែលមានជំងឺចាស់ជរាក្នុងវ័យកុមារភាព ។

ប្អូនស្រីជេននី ឬឈ្មោះថា Chanakarn Sung O ដែលមានអាយុទើបតែ ១១ ឆ្នាំប៉ុណ្ណោះ តែជាអកុសលនាងមានជំងឺចាស់ជរាតាំងពីកុមារភាព នាងមានរូបរាងនិងសម្លេងដូចជាមនុស្សចាស់ ចំណែកឯក្រុមគ្រួសារនិងម្តាយរបស់នាងគឺជាអ្នកភូមិ Tai Yai រស់នៅក្នុងខេត្តឈៀងម៉ៃ ។

ម្តាយរបស់ប្អូនស្រីជេននីបានរៀបរាប់ថា គាត់បានបង្កើតប្អូនស្រីកាលពីគាត់មានអាយុ ២០ ឆ្នាំ ដំបូងឡើយប្អូនស្រីជេននីកើតមកដូចជាក្មេងធម្មតាដែរ ប៉ុន្តែលុះកើតមកបានមួយរយៈ នាងក៏ចាប់ផ្តើមមានស្បែកជ្រីវជ្រួញ ហើយនៅពេលដែលនាងមានអាយុ ១ ឆ្នាំរោគសញ្ញារបស់នាងចាប់ផ្តើមបង្ហាញច្រើនឡើងៗ នាងចាប់ផ្តើមមានជំងឺហឺតដូចជាមនុស្សចាស់ រហូតគាត់ (ម្តាយ) បាននាំប្អូនស្រីជេននីទៅជួបគ្រូពេទ្យ

ហើយគ្រូពេទ្យបានសន្និដ្ឋានថាប្អូនស្រីជេននីមានជំងឺចាស់ជរាក្នុងវ័យកុមារ ករណីជំងឺបែបនេះគឺមានតិចតួចណាស់ ហើយប្អូនស្រីជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៨ លាននាក់ ដែលមានជំងឺបែបនេះ ។ ជំងឺនេះគឺបណ្តាលឱ្យអ្នកជំងឺដែលមានអាយុ ១ ឆ្នាំ មានអាការៈស្មើនឹងអាយុ ១០ ឆ្នាំ ដូច្នេះពេលនេះជេននីមានអាយុ ១១ ឆ្នាំ គឺស្មើនឹងមនុស្សអាយុ ១១០ ឆ្នាំ ។

ទន្ទឹមនឹងនោះនៅមានជំងឺផ្សេងៗទៀតដែលប្អូនស្រីជេននីត្រូវប្រឈមមុខ គឺដូចជាជំងឺមនុស្សចាស់ដែរ មិនថាជំងឺភ្នែក, ជំងឺតម្រងនោម, សន្ទះបិទបើកបេះដូង ឬបេះដូងប្រហោងជាដើម ប៉ុន្តែទោះបីជានាងត្រូវប្រឈមមុខនឹងជំងឺជាច្រើនក៏ដោយ ប៉ុន្តែជេននីនាងជាមនុស្សម្នាក់ដែលមានទឹកចិត្តតស៊ូណាស់ មានពេលខ្លះនាងក៏មានអារម្មណ៍តូចចិត្តនឹងវាសនាខ្លួនឯង ប៉ុន្តែប្អូនស្រីនៅតែតស៊ូ និងយកឈ្នះអារម្មណ៍តូចចិត្តតូចថ្លើមនេះដែរ ។

មុននេះក្រុមវេជ្ជបណ្ឌិតធ្លាប់បានជូនដំណឹងដល់ម្តាយប្អូនស្រីថា ស្ថានភាពជំងឺរបស់ជេននីនឹងធ្វើឱ្យនាងមានអាយុខ្លីជាងមនុស្សទូទៅ អាចមានអាយុត្រឹមតែ ១៤-១៥ ឆ្នាំតែប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះនាងមានអាយុ ១១ ឆ្នាំហើយ ដូច្នេះនាងហាក់ដូចជាសល់ពេលវេលាយូរទៀតទេ ។ ម្តាយរបស់ប្អូនស្រីបានរៀបរាប់បន្ថែមថាគាត់ពិតជាឈឺចាប់ និងមិនអាចទទួលយកបានទេដែលជារៀងរាល់ថ្ងៃ គាត់ត្រូវរស់នៅរាប់ថ្ងៃនៃការរស់នៅរបស់កូនស្រីគាត់ដូច្នេះ ។

ទោះបីជារាងកាយរបស់ប្អូនស្រីមានជំងឺជាច្រើន ហើយមានជីវិតរស់នៅមិនប្រក្រតីដូចកុមារទូទៅក៏ពិតមែន ប៉ុន្តែអ្វីដែលធ្វើឱ្យជេននីសប្បាយរីករាយនោះការសិក្សា បច្ចុប្បន្ននាងរៀននៅថ្នាក់បឋមសិក្សាឆ្នាំទី ៤ ហើយនាងជាសិស្សពូកែម្នាក់ មុខវិជ្ជាដែលនាងចូលចិត្តជាងគេគឺភាសានិងសិល្បៈ ព្រោះវាជាមុខវិជ្ជាដែលនាងបានរៀនហើយសប្បាយចិត្ត ។

ទោះយ៉ាងណា ខាងគេហទំព័រសករាជយើងខ្ញុំ សុំផ្តល់ជាកំលាំងចិត្តដល់ប្អូនស្រីជេននី និងអ្នកម្ដាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ដើម្បីឆ្ពោះទៅរកជីវិតដែលប្រសើរជាងមុន ៕

Leave a Reply

Your email address will not be published. Required fields are marked *