ព្រឺរោម! បុរសថៃម្នាក់ ធ្វើពិធីជប់លៀងឲ្យពពួកអមនុស្ស តាមបណ្ដាំចុងក្រោយរបស់ម្ដាយគាត់

កាលពីដើមសប្ដាហ៍នេះ បុរសជនជាតិថៃម្នាក់ បានរៀបចំពិធីជប់លៀងបែបចិនមួយ មានតុអាហារដល់ទៅ ៣៦តុ រួមមានកម្មវិធីកម្សាន្ដផ្សេងទៀតជាងមួយម៉ោង សម្រាប់ពពួកអមនុស្ស (ខ្មោច) នៅឯទីបញ្ចុះសព Sawang Uttayan ក្នុងខេត្ដឈុនបុរី ប្រទេសថៃ។

ជុំវិញពិធីជប់លៀងដ៏ចម្លែកមួយនេះ លោក Tanawan Choti អាយុ ៤៣ឆ្នាំ បានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា៖ម្ដាយរបស់ខ្ញុំបានប្រាប់ខ្ញុំថា គាត់ចង់រៀបចំពិធីជប់លៀងមួយសម្រាប់ពពួកអមនុស្ស មុនពេលដែលគាត់ចែកឋានទៅ ។ ដូច្នេះគាត់អាចបរិភោគអាហារជុំគ្នាជាមួយមិត្ដភក្ដិ និងសមាជិកគ្រួសាររបស់គាត់ដទៃទៀត ដែលបានចែកឋានមុនគាត់ ហើយពួកគេនឹងស្វាគមន៍គាត់ទៅកាន់លោកខាងមុខដែរ។

ហើយនៅទីបំផុត មុនពេលម្ដាយរបស់លោកបានទទួលអនិច្ចកម្មកាលពីពេលថ្មីៗនេះ លោកក៏បានបំពេញបំណងចុងក្រោយរបស់គាត់ផងដែរ។
ជាមួយគ្នានេះ លោក Eakkaluck Undee អាយុ ៣៥ឆ្នាំ ដែលជាអ្នកទទួលរៀបចំពិធីជប់លៀង បានប្រាប់សារព័ត៌មានថៃដែរថា៖

ខ្ញុំបានប្រកបអាជីពរៀបចំពិធីជប់លៀងបែបចិនអស់រយៈពេលជាង ១៨ឆ្នាំមកហើយ តែគ្មាននរណាម្នាក់ធ្លាប់ជួលឲ្យរៀបចំអាហារពេលល្ងាចសម្រាប់ខ្មោចដូច្នេះពីមុនមកទេ។ នេះជាលើកទីមួយសម្រាប់ខ្ញុំ និងអ្នកផ្សេងទៀតដែលខ្ញុំបានស្គាល់ ដែលជាអ្នកប្រកបអាជីពដូចគ្នា។ វារៀងប្លែកបន្ដិច ហើយខ្ញុំមានអារម្មណ៍ស្រៀវឆ្អឹងខ្នងខ្លះដែរ ចំពោះការរៀបចំតុ និងបម្រើអាហារដល់ភ្ញៀវ(ខ្លោច)។ ហើយបន្ទាប់ពីពិធីជប់លៀងត្រូវបានបញ្ចប់ អាហារទាំងនោះត្រូវបានផ្ដល់ឲ្យប្រជាជនក្រីក្រនៅក្នុងតំបន់។

គួរឲ្យដឹងថា​ ជំនឿលើរឿងចម្លែកៗ និងព្រលឹងវិញ្ញាណ ជារឿងធម្មតាទៅហើយនៅក្នុងប្រទេសថៃ ជាក់ស្ដែងកាលពីខែកុម្ភៈកន្លងទៅនេះ អ្នកស្រុកមួយក្រុមនៅក្នុងខេត្ដឈុនបុរី ក៏បានរៀបចំបញ្ចាំងកុនសម្រាប់ពពួកអមនុស្សផងដែរ៕

ប្រភព៖khmerload

Leave a Reply

Your email address will not be published. Required fields are marked *