អាមេរិកនឹងបញ្ចេញវ៉ាក់សាំង Johnson & Johnson «ចាក់តែ១ដូស» ចំនួន១១លានដូសនៅសប្តាហ៍ក្រោយ!

(វ៉ាស៊ីនតោន)៖ ក្រោយពីបានប្រកាសគោលដៅថ្មី នោះគឺការចាក់វ៉ាក់សាំងឲ្យបាន ២០០លានដូស ក្នុងរយៈពេល ១០០ថ្ងៃនៃការកាន់តំណែងជាប្រធានាធិបតីនោះ លោក ចូ បៃដិន នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសទៀតថា នឹងបញ្ចេញវ៉ាក់សាំងបង្ការ COVID-19 ផលិតដោយក្រុមហ៊ុន Johnson & Johnson ចំនួន ១១លានដូសនៅសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១។

លក្ខណៈពិសេសរបស់វ៉ាក់សាំងខាងលើនេះ គឺគ្រប់គ្នាបានដឹងរួចមកហើយ ដោយវាមានប្រសិទ្ធភាពលើស ៩០% ទប់ទល់នឹង COVID-19 សម្រាប់ការធ្វើតេស្តក្នុងសហរដ្ឋអាមេរិកផ្ទាល់ និងជាប្រភេទវ៉ាក់សាំងដែលតម្រូវឲ្យ «ចាក់តែ១ដូស» ប៉ុណ្ណោះ។ ដូច្នេះវាមានន័យថា វ៉ាក់សាំង Johnson & Johnson ចំនួន ១១លានដូសខាងលើនេះ នឹងត្រូវយកទៅចាក់ជូនប្រជាជនអាមេរិក នៅតាមរដ្ឋនានាបានចំនួន ១១លាននាក់។

ដោយឡែកសម្រាប់ក្រុមហ៊ុន Moderna និង Pfizer វិញបានអះអាងថា ពួកគេរំពឹងអាចផ្គត់ផ្គង់វ៉ាក់សាំងបាន ២២០លានដូស ទៅតាមគ្រោងទុកនៅក្នុងត្រីមាសទី ១ នៃឆ្នាំ២០២១។ កន្លងមកនេះក្រុមហ៊ុន Johnson & Johnson ធ្លាប់បានអះអាងថា ខ្លួនត្រៀមវ៉ាក់សាំងផលិតបានជាស្រេចសរុប ២០លានដូស ប៉ុន្តែការសម្រេចឲ្យដឹកជញ្ជូនទៅកាន់ទីណាខ្លះនោះ គឺត្រូវរង់ចាំការកំណត់ពីអាជ្ញាធរអាមេរិក។

គួរបញ្ជាក់តាមលោក ចូ បៃដិន ធ្លាប់បានអះអាងថា លោកនឹងគិតគូរក្នុងការផ្គង់ផ្គង់វ៉ាក់សាំង នៅក្នុងសហរដ្ឋអាមេរិកឲ្យបានគ្រប់ចំនួនសិន នោះគឺមនុស្សពេញវ័យសរុប ២៥៨លាននាក់ នឹងត្រូវទទួលបានការចាកវ៉ាក់សាំងនៅត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២១ រួចហើយទើបសហរដ្ឋអាមេរិកអាចចែកចាយវ៉ាក់សាំង ទៅកាន់ប្រទេសនានាបាន ដោយចាប់ផ្តើមពីកាណាដា និងមិចស៊ីកូ ដែលជាប្រទេសជិតខាងទាំងពីររបស់ខ្លួន៕

ប្រភព៖freshnews

Leave a Reply

Your email address will not be published. Required fields are marked *