សារដាស់តឿន សម្រាប់បងប្អូនដែលចតរថយន្តក្បែរអាគារកំពុងសាងសង់ ប្រយ័ត្នជួបហេតុការណ៍ដូច្នេះ!

ថៃ៖ ហេតុការណ៍រនាំងដែកដែលជាគ្រោង សាងសង់អគារកម្ពស់ ២៣ ជាន់បានធ្លាក់លើរថយន្តដែលចតនៅចំណតរថយន្តខាងក្រោមក្បែរអាគារនោះ បណ្តាលឱ្យខូចខាតផ្នែកខាងមុខ តែសំណាងល្អដែលមាននរណានៅក្នុងនោះ មិនដូច្នោះទេច្បាស់ជារងរបួសយ៉ាងដំណំហើយ ។

នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ កម្មវិធីពត៌មានប៉ុស្តិលេខ៣ បានរាយការណ៍ថា ៖ កាលពីយប់ថ្ងៃទី៦ មានសម្ភារៈម្យ៉ាងធ្វើពីដែកថែប របស់ការសាងសង់អាគារកម្ពស់ ២៣ជាន់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ Chlerm Pra keat ខេត្តប៉ាតាយ៉ា បានធ្លាក់មកលើរថយន្តម៉ាក Honda Jazz ពណ៌សដែលចតនៅចំណតរថយន្តក្បែរនេះ បណ្តាលឱ្យខូចខាតផ្នែកខាងមុខ និងកញ្ចក់នៃរថយន្ត ។

តាមការពិនិត្យបានឱ្យដឹងថា ដែកនោះមានប្រវែងប្រហែល ៨០ សម បានធ្លាក់មកលើគម្របរថយន្តផ្នែកខាងមុខ បណ្តាលឱ្យធ្លុះប្រវែងប្រហែល ១០ សម រីឯចុងម្ខាងទៀតបានបុកទង្គិចទៅនឹងកញ្ចក់រថយន្តបណ្តាលឱ្យបែក។ មិនតែប៉ុណ្ណោះផ្ទាំងតង់ដែលជាតំបូលបាំងរថយន្ត ក៏ត្រូវបានដែកមួយដើមនេះធ្លាក់ពីលើ ទម្លុះមកដល់រថយន្តបង្កជាការខូចដូច្នេះដែរ។ សំណាងល្អហើយក្នុងហេតុការណ៍នេះ មិនមាននរណាម្នាក់រងរបួស ។

បន្ទាប់ពីបានសួរនាំលោកវិឆៃ ដែលជាម្ចាស់រថយន្ដរងការខូចខាតបង្ហើបឱ្យដឹងថា មុនពេលកើតហេតុលោកបានចតរថយន្ដនៅកន្លែងចំណតរថយន្ត ដែលមានដំបូលតង់សំរាប់់បាំងពន្លឺថ្ងៃ ឬទឹកភ្លៀង ក្រោយមកគាត់ក៏បានឮសូរសំលេងរត្ថុម្យ៉ាងធ្លាក់ចុះមកយ៉ាងខ្លាំង គាត់ក៏បានចេញមកត្រួតពិនិត្យមើល ទើបឃើញថាមានដែកថែបមួយបាន ធ្លាក់មកលើឡានរបស់គាត់។

ម្ចាស់រថយន្តរូបនោះក៏បានធ្វើតំណើរទៅ ស្ថានីយ៍ប៉ូលីសប៉ាតាយ៉ា ដើម្បីរាយការណ៍ពីហេតុការណ៍ដែលបានកើតឡើង ខណៈដែលម្ចាស់សំណង់អគារកម្ពស់ ២៣ ជាន់នោះ ក៏បានទាក់ទងមកជនរងគ្រោះ ដើម្បីទទួលខុសត្រូវចំពោះការខូចខាតទាំងអស់រួចរាល់ហើយ។

ចំពោះគម្រោងសាងសង់អាគារ ២៣ជាន់នេះ បានចាប់ផ្តើមសាងសង់តាំងថ្ងៃទី២៥ ខែមករា មកម៉្លេះរហូតមកដល់សព្វថ្ងៃ នៅតែមិនទាន់សាងសង់រួចរាល់ទេ ដូច្នេះសូមស្នើរសុំឱ្យមន្ទីរដែលពាក់ព័ន្ធជួយធ្វើការត្រួតពិនិត្យ ដើម្បីការពារសុវត្ថិភាពរបស់ប្រជាជនដែលរស់នៅក្នុងសង្កាត់ផង ៕

Leave a Reply

Your email address will not be published. Required fields are marked *