ភ្ញាក់ផ្អើលខ្លាំង! ក្រពើមាត់ស្រួចប្រវែង ៤ម៉ែត្រទម្ងន់ជាង ២០០គីឡូ ងាប់ដោយសាររថយន្តជីកដីកិន

ឥណ្ឌូនេស៊ី៖ អ្នកភូមិរន្ធត់ខ្លាំងក្រោយពីបានឃើញក្រពើមាត់ស្រួចប្រវែង ៤ម៉ែត្រទំងន់ ២០០គីឡូក្រាម ត្រូវបានរថយន្តជីកដី (Excavator) បើកកិនងាប់។ មុនតំបូងអង្គភាពរដ្ឋបាលស្មានតែជាសត្វក្រពើធម្មតា បន្ទាប់មកទើបដឹងថាវាជាប្រភេទសត្វកម្របំផុតនិងជិតផុតពូជហើយ។

នៅថ្ងៃទី៩ ខែមេសាឆ្នាំ ២០២០ គេហទំព័រព័ត៌មាន News OK Zone បានរាយការណ៍ថា៖ អ្នកភូមិភាគខាងកើតស្រុក Muarasabag Barat ខេត្ត Jambi ភាគកណ្តាលនៃកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ីបានផ្ទុះការភ្ញាក់ផ្អើលនិងភ័យស្លន់ស្លោ បន្ទាប់ពីពួកគេបានឃើញសាកសពសត្វក្រពើដែលបានងាប់ដោយសាររថយន្តជីកដីកិន ខណៈពេលដែលពួកគេកំពុងកែសម្រួលផ្ទៃប្រឡាយទឹកក្នុងចម្ការដូង។ ហើយរឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុតនោះគឺ វាមិនមែនត្រឹមតែជាសត្វក្រពើធម្មតានោះទេ តែវាជាក្រពើមាត់ស្រួចដែលជិតនឹងដាច់ពូជហើយ។

លោក Arie Julian Syah Putra មន្រ្តីប្រចាំក្រុង West Sabak បាននិយាយថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិ Keru Halan Parit Julum នៅពេលដែលអ្នកភូមិបានឃើញសត្វក្រពើនោះ គ្រប់គ្នាមានការភ្ញាក់ផ្អើលខ្លាំងដោយសារតែ សត្វក្រពើនោះវាមានរូបរាងចម្លែក មានមាត់ស្រួច និងមានសម្បុរសរលាយលឿង វាមើលទៅមិនដូចក្រពើធម្មតាទេ ទើបអ្នកភូមិបានរាយការណ៍ឱ្យគាត់មកធ្វើការស៊ើបអង្កេត។

តំបូងឡើងគាត់ក៏មិនដឹងថាវាជាក្រពើប្រភេទអ្វីដែរ ដូច្នេះគាត់ក៏បានទាក់ទងទៅការិយាល័យអភិរក្សធនធានធម្មជាតិ ឱ្យចុះមកមើលរហូតពួកគេអាចបញ្ជាក់បាន ក្រពើនេះគឺ ជាក្រពើមាត់ស្រួច (false gharial)។

ក្រពើមាត់ស្រួច (false gharial) បានស្ថិតនៅក្នុងបញ្ជីក្រហមរបស់ IUCN (IUCN Red List) ជាប្រភេទសត្វមានជីវិតដែលជិតផុតពូជ (Vulnerable)។ ចំនួនសត្វក្រពើមាត់ស្រួចដែលរស់នៅតាមធម្មជាតិមានកម្រិតទាបណាស់ ប្រហែលជា ២៥០០-៩៩៩៩ ក្បាលតែប៉ុណ្ណោះ ដែលបច្ចុប្បន្ននេះវារស់នៅរាយប៉ាយក្នុងតំបន់នៃកោះស៊ូម៉ាត្រា និងកោះ Borneo។

លោក Arie បាននិយាយថានេះជាលើកទីមួយក្នុងជីវិតរបស់លោកហើយ ដែលបានជួបសត្វក្រពើរូបរាងចម្លែកបែបនេះ វាមានប្រវែងប្រហែល ៤ម៉ែត្រនិងមានទម្ងន់ប្រហែល ២០០គីឡូក្រាម។ អ្នកភូមិបាននិយាយថា កាលពីរយៈពេលកន្លងផុតទៅមុននេះ ពួកគេក៏ធ្លាប់បានឃើញក្រពើមានរាងប្រហែលនេះ នៅក្នុងប្រឡាយទឹកដែរ ដូច្នេះនេះជាលើកទី២ ដែលពួកគេបានឃើញម្តងទៀត តែអកុសលពួកគេក៏បានបើករថយន្តជីកដីកិនវាងាប់ដោយអចេតនាតែម្តង។

មន្ត្រីសាលាក្រុងបាននិយាយថា ពួកគេសង្ឃឹមថាមន្រ្តីមន្ទីរព្រៃឈើនិងការិយាល័យអភិរក្សធម្មជាតិ នឹងតាមរកឃើញសត្វក្រពើមាត់ស្រួចមួយក្បាលទៀត ដែលអ្នកភូមិបានឃើញកាលពីថ្ងៃមុនក្នុងពេលឆាប់ៗនេះទៅចុះ ដើម្បីនាំវាទៅនៅកន្លែងដែលមានសុវត្ថិភាពជាងនេះ ព្រោះថាវាជាដ៏សត្វកម្រនិងជិតផុតពូជហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *