រកឃើញទារកនៅរដ្ឋផ្លរីដា កើតមកមានអង់ទីគ័រ “COVID-19” បន្ទាប់ពីម្តាយបានចាក់វ៉ាក់សាំងអំឡុងពេលមានផ្ទៃពោះ!

ចាប់តាំងពីចុងឆ្នាំ ២០១៩ មក មនុស្សជាតិបានប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរជាងពេលណាៗទាំងអស់ ជាមួយនឹងជំងឺរាតត្បាតចង្រៃកូវីដ-១៩ ។ តែទោះយ៉ាងណា មកទល់ឆ្នាំ ២០២១ មើលទៅការប្រយុទ្ធជាមួយនឹងជំងឺដ៏គួរឱ្យភ័យខ្លាចមួយនេះ ហាក់ដូចជាកាន់តែខិតជិតចូលទៅដល់ចំណុចរបត់ហើយ ។

ព្រោះដោយសារតែ បច្ចុប្បន្ននេះមិនត្រឹមតែប្រទេសជាច្រើននឹងអាចផលិតវ៉ាក់សាំងប្រឆាំង នឹងជំងឺដ៏កាចសាហាវមួយនេះបាន ប៉ុន្តែថ្មីៗនេះនៅសហរដ្ឋអាមេរិក ទើបតែមានព័ត៌មាន  អំពីការចាប់កំណើតរបស់ទារក ដែលមានប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺនេះទៀតផង ។
រឿងរ៉ាវមួយនេះ វាបានកើតឡើងនៅសាកលវិទ្យាល័យផ្លរីដា អាត្លង់ទិក បានរកឃើញថា ស្ត្រីជាបុគ្គលិកសុខាភិបាលម្នាក់ រស់នៅរដ្ឋផ្លរីដាបានផ្តល់កំណើតកូនស្រីម្នាក់ ដែលមានអង្គបដិប្រាណការពារជំងឺកូវីដ-១៩ រួចជាស្រេច បន្ទាប់ពីនាងត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ របស់ក្រុមហ៊ុន Moderna ដែលប្រសិទ្ធិភាពរំញោចការផលិតអង្គបដិប្រាណក្នុងរយៈពេល ៣ សប្តាហ៍។

អង្គបដិប្រាណខាងលើ ត្រូវគេបានរកឃើញអំឡុងពេលវិភាគនៅឈាមទងផ្ចិត ជាបឋមអ្នកស្រាវជ្រាវបានសន្និដ្ឋានថា អង្គបដិប្រាណដែលពួកគេបានរកឃើញអាច ត្រូវបានផ្ទេរពីម្តាយ ទៅកូនតាមរយៈទងផ្ចិត ។

“ពីព័ត៌មានដែលយើងមាន នេះជាលើកទី ១ នៅលើពិភពលោក ដែលទារកត្រូវបានគេរាយការណ៍ថា បានកើតមកដោយមានអង្គបដិប្រាណ បន្ទាប់ពីការចាក់វ៉ាក់សាំងរបស់ម្តាយ” នេះជាការលើកឡើងរបស់ លោកវេជ្ជបណ្ឌិតផ្នែកជំងឺកុមារ Paul Gilbert ។

នេះជារបកគំហើញ ដ៏គួរឱ្យចាប់អារម្មណ៍មួយទៀតអំពីករណីកូវីដ-១៩ ទោះបីជាកន្លងមក យើងធ្លាប់បានទទួលដំណឹងដែរថា ម្តាយម្នាក់ដែលឆ្លងវីរុសកូវីដ-១៩ អាចនឹងបញ្ជូនអង្គបដិប្រាណទៅទារកក៏ដោយ ។

ហើយនេះក៏ជាលើកដំបូង ដែលវាត្រូវបានគេកត់ត្រាទុកថា ការចាក់វ៉ាក់សាំងអំឡុងពេលមានផ្ទៃពោះ សូម្បីតែកៀកថ្ងៃសម្រាលក៏ដោយ ក៏អាចនាំឱ្យមានការបញ្ជូនអង្គបដិប្រាណទៅទារកបានដែរ ។

តែទោះយ៉ាងណាក៏ដោយ យើងត្រូវតែបញ្ជាក់នៅទីនេះផងដែរថា ការស្រាវជ្រាវនេះនៅតែជាការសិក្សាថ្មីស្រឡាងបំផុតមួយ ដែលមិនទាន់ត្រូវបានពិនិត្យជាផ្លូវការ សម្រាប់ការបោះពុម្ពផ្សាយនៅក្នុងទិនានុប្បវត្តិនៅឡើយទេ ។

ដូច្នេះព័ត៌មានដែលត្រូវបានផ្សព្វផ្សាយ គឺកំពុងស្ថិតក្នុងដំណើរការស៊ើបអង្កេតនៅឡើយ និងត្រូវរង់ចាំការការបញ្ជាក់បន្តទៀត។

លើសពីនេះទៅទៀត ទោះបីជាទារកពិតជាមានអង្គបដិប្រាណក៏ដោយ ប៉ុន្តែអ្នកស្រាវជ្រាវមិនអាចឆ្លើយតបឲ្យជាក់លាក់បានទេថា តើប្រព័ន្ធភាពស៊ាំនេះនឹងមានរយៈពេលយូរទេ? ហើយក៏មិនអាចបញ្ជាក់បានទេថា តើអង្គបដិប្រាណដែលត្រូវបានរកឃើញ ពិតជាបានមកពីវ៉ាក់សាំងពិតឬអត់ដែរ ៕

ប្រភព៖ thairath

Leave a Reply

Your email address will not be published. Required fields are marked *