តួអង្គស្រី “ស៊ាវឡុងនី” សារភាពថា លួចស្រឡាញ់ “យ៉ាងគួ” កាលពីសម័យថតរឿងជុំគ្នា!

កាលពីឆ្នាំ ១៩៩៥ ពុំមានអ្នកស្នេហាខ្សែភាពយន្តភាគចិនណា ដែលមុនស្គាល់ដៃគូសម្តែងមួយគូនេះទេ នោះគឺតារាស្រី Lee Yeuk-tung ដែលជាតួអង្គស្រីឈ្មោះ “ស៊ាវឡុងនី” និងលោក “Gu Tian Le” ដែលជាតួអង្គប្រុសឈ្មោះថា “យ៉ាងគួ” នៅក្នុងខ្សែភាពយន្តភាគចិនមានចំណងជើងថា “Jade Dragon” ឬ “និស្ស័យស្នេហ៍អន្ទ្រីទេព” ។ តែកាលពីថ្មីៗ ខាងតួស្រីបានសារភាពថា ខ្លួនមានចិត្តឲ្យតួប្រុសរហូតដល់ថ្នាក់ត្រូវលាក់ខ្លួន ពួនអាត្មាខណៈពេលថតរឿងទៀតផង ។

តារាស្រី Lee Yeuk-tung អាយុ ៥៤ ឆ្នាំ បានបង្ហាញរឿងរ៉ាវទាក់ទងនឹងអារម្មណ៍របស់អ្នកនាងចំពោះលោក Gu Tian Le នៅពេលដែលគាត់សម្តែងរឿង “និស្ស័យស្នេហ៍អន្ទ្រីទេព” កាលពីឆ្នាំ ១៩៩៥ តាមរយៈសៀវភៅមួយដែលមានចំណងជើងថា “A good life” ដែលជាសៀវភៅជីវប្រវត្តិរបស់អ្នកនាង។

រឿង Jade Dragon គឺជារឿងមួយ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ភ្លូកទឹកភ្លូកដី ពីសំណាក់អ្នកតាមដានទាំងក្នុង និងក្រៅប្រទេស រួមទាំងប្រទេសកម្ពុជាយើងដែរ។ នាពេលនោះតារាស្រី Lee Yeuk-tung បានសារភាពថា ក្នុងអំឡុងពេលថតរឿង គាត់ពិតមានអារម្មណ៍ល្អចំពោះ “យ៉ាងគួ” ដែលសម្តែងដោយលោក Gu Tian Le ណាស់ ។

ហើយក្នុងរយៈពេល ៥ ខែ នៃការថតខ្សែភាពយន្ត គាត់មិនមានទំនាក់ទំនងជាមួយពិភពខាងក្រៅ ឬមិនបានជួបមិត្តភក្តិទាល់តែសោះ ព្រោះនៅពេលនោះគាត់ចង់ចូលតួជា “ស៊ាវឡុងនី” ឲ្យដល់កម្រិតបំផុត ។ ស្រាប់តែពេលនោះ គាត់ក៏ចាប់ផ្តើមមានស្នេហាលើតួអង្គ “យ៉ាងគួ” បន្តិចម្តងៗ រហូតដកចិត្តមិនបានទៀតផង ។ ហើយ​អំឡុងពេលនោះ  រឿងតែមួយគត់ដែលគាត់បានជួប គឺពុំមាននរណាម្នាក់នៅក្នុងខ្សែភ្នែករបស់គាត់ ក្រៅពី “យ៉ាងគួ” ទេ ។

តែទោះយ៉ាងណា សម្រាប់តារាស្រី Lee Yeuk-tung និងលោក Gu Tian Le អាយុ ៥០ ឆ្នាំ អ្នកទាំង ២ សុទ្ធតែមិនដែលមានឱកាសបានអភិវឌ្ឍទំនាក់ទំនងក្រៅឆាកសូម្បីតែម្តងទេ ។ ព្រោះដោយសារតែពួកគេសុទ្ធតែរវល់នឹងកាលវិភាគការងារផ្ទាល់ខ្លួន ។ ហើយចាប់តាំងពីរឿងភាគ “និស្ស័យស្នេហ៍អន្ទ្រីទេព” ត្រូវបានបញ្ចប់ អ្នកទាំងពីរក៏លែងបានជួបគ្នា រហូតអស់រយៈពេល ១៦ ឆ្នាំក្រោយមក វាក៏ជារយៈពេលដូចគ្នាដែល តួអង្គ “ស៊ាវឡុងនី” ត្រូវបែកពី “យ៉ាងគួ” ផងដែរ ។ ហេតុផលនោះហើយទើបធ្វើឲ្យ តារាស្រី Lee Yeuk-tung គិតថា នេះគឺជាជោគវាសនារបស់នាងនិងនាង Gu Tian Le ដែលត្រូវតែទទួលយក នៅក្នុងជីវិតពិត ។

ដោយឡែក មកទល់ពេលនេះ អ្នកទាំងពីរសុទ្ធតែមានស្ថានភាពនៅលិវរៀងៗខ្លួន ជាហេតុធ្វើឱ្យអ្នកគាំទ្របានប្រមូលផ្តុំគ្នាម្តងទៀត ដើម្បីចាប់គូឲ្យពួកគេស្រលាញ់​គ្នា​ទៅវិញទៅមកនៅក្នុងជីវិតពិត ក៏ដូចជាបង្កើតរឿងព្រេងនិទានមួយ សម្រាប់ឧស្សាហកម្ម​កំសាន្តចិនផងដែរ ។ តែទោះជាយ៉ាងណា ចំពោះរឿងរ៉ាវបេះដូងរបស់អ្នកទាំងពីរ នឹងទៅជាយ៉ងងណាគឺពុំមាននរណាម្នាក់ដឹងឡើយ ប៉ុន្តែលោក Gu Tian Le ធ្លាប់លើកឡើងថា លោកចង់ក្លាយជាផ្នែកមួយតាមរយៈការសរសេរបុព្វកថា នៅក្នុងសៀវភៅ ជីវប្រវត្តិរបស់អ្នកនាង Lee Yeuk-tung ព្រមទាំងរៀបរាប់អំពីពេលវេលា ដែលលោកមានឱកាសក្នុងការថតរឿងជុំគ្នា មុនពេលលើកទឹកចិត្តអ្នកអានឱ្យមានសុទិដ្ឋិនិយម នៅពេលពួកគេប្រឈមមុខនឹងគ្រាលំបាក ហើយសូមជូនពរឱ្យអ្នកទាំងអស់គ្នាជួបតែសំណាងល្អទៀតផង ៕


ប្រភពពី sakkarach

Leave a Reply

Your email address will not be published. Required fields are marked *