ដំណឹងល្អ!សម្តេចតេជោ ហ៊ុន សែន ប្រកាសថា វ៉ាក់សាំងប្រភេទ Sinovac ចំនួន១,៥លានដូស នឹងមកដល់កម្ពុជាថ្ងៃទី២៦ ខែមីនា ខាងមុខនេះ!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសថា វ៉ាក់សាំងប្រភេទ Sinovac ចំនួន១,៥លានដូស ដែលរដ្ឋាភិបាលបានទិញពីមិត្តចិន នឹងមកដល់កម្ពុជា នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ។

តាមរយៈសារពិសេសនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅពេលខាងមុខនេះ បើគ្មានការផ្លាស់ប្តូរទេ វ៉ាក់សាំងស៊ីណូវ៉ាក់ នឹងមកដល់កម្ពុជា នៅថ្ងៃទី២៦ ខែមីនា។ នេះបើយោងតាមការជូនដំណឹងរបស់ភាគីមិត្តចិន ដែលយើងបានទិញ Sinovac ចំនួន១,៥លានដូស»

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ក្រៅពីវ៉ាក់សាំងនេះ ក៏សល់ជំនួយវ៉ាក់សាំង Sinopharm របស់មិត្តចិនចំនួន៤០ម៉ឺនដូសទៀត ដែលសង្ឃឹមថា នឹងបានទទួលមុនចូលឆ្នាំខ្មែរផងដែរ។

សម្តេចបានស្នើគណៈកម្មការចំពោះកិច្ចដើម្បីការចាក់វ៉ាក់សាំង ដែលដឹកនាំដោយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ផ្តល់អាទិភាពសម្រាប់អ្នកដែលមានអាយុចាប់ពី៦០ឆ្នាំឡើង នៅទីក្រុងភ្នំពេញ ដែលជាតំបន់រាតត្បាត ដែលសម្រាប់មនុស្សចាស់គឺងាយឆ្លង។

រហូតមកដល់ពេលនេះ កម្ពុជាបានទទួលវ៉ាក់សាំងចំនួន២ប្រភេទ នោះគឺ Sinopharm ដែលជាជំនួនរបស់ភាគីចិនជំហានចំបូងចំនួន៦០ម៉ឺនដូស និង Astra Zeneca ជាង៣២ម៉ឺន ដែលជាជំនួយតាមរយៈយន្តការកូវ៉ាក់។

រហូតមកដល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់កងទ័ព និងមន្រ្តី និងជនស៊ីវិល បានជាង៣០ម៉ឺននាក់ ដែលក្នុងនោះក្រសួងសុខាភិបាល ចាក់បាន ១៩៨៤៤៧នាក់ ដោយវ៉ាក់សាំងទាំងពីរប្រភេទទាំងស៊ីណូហ្វាម និងអាស្រ្តាសេនេហ្កា ដោយឡែកកងទ័ពគឺចាក់បានចំនួន ១០៩៧៥៦នាក់ ហើយចាក់ដូសទី២ បាន៨១៣៧១នាក់៕

ប្រភព៖freshnews

Leave a Reply

Your email address will not be published. Required fields are marked *