ទំពាំងបារាំងដំណាំងាយរកទីផ្សារ តម្លៃខ្ពស់ ចាយពេល ៤ខែ អាចប្រមូលផលបានពី ២០ ទៅ ២៥ឆ្នាំ!

ដំណាំទំពាំងបារាំង គឺជាបន្លែដែលកំពុងពេញនិយម និងមានតម្រូវការខ្ពស់នៅលើទីផ្សារ មានតម្លៃថ្លៃមួយវិញទៀតនោះវាត្រូវបានគេចាត់ទុកថាគឺជាបន្លែស្អាត គ្មានជាតិគីមី ពីព្រោះក្នុងមួយយប់វាលូតបានដល់ទៅ ១៥សង់ទីម៉ែត្រ ។ ដំណាំនេះប្រើរយៈពេលដាំដុះ និងថែទាំត្រឹមតែ ៤ខែប៉ុណ្ណោះ គឺអាចប្រមូលបានជារៀងរាល់ថ្ងៃ គ្រប់រដូវ ( ពេញមួយឆ្នាំ ) និងអាចប្រមូលផលបានរយៈពេល ចន្លោះពី ២០ ទៅ ២៥ឆ្នាំ ដាំតែម្ដង អាចចិញ្ចឹមគ្រួសារបានជាង ២០ឆ្នាំឯណ្ណោះ ។

លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិនបានប្រាប់ឱ្យដឹងថា បច្ចុប្បន្នប្រជាកសិករក្នុងខេត្តបាននាំគ្នាចង់ក្រងជាបណ្តុំដាំបន្លែទំពាំងបារំាង ដែលមានសមាជិកចំនួនជិត៤០នាក់ ខណៈដែលដំណាំប្រភេទនេះ ឆាប់ទទួលផល ហើយយើងអាចទទួលបផលបានរាល់ថ្ងៃ ឯការដាំដុះ និងថែទាំក៏ងាយស្រួល ងាយស្រួលក្នុងការរកទីផ្សារ តម្លៃក៏ខ្ពស់ ហើយមានរស់ជាតិឆ្ងាញ់ពិសារ ។

លោកបន្តថា ចំពោះទីផ្សារបន្លែទំពាំងបារាំងនេះ មានឈ្មួញពីភ្នំពេញ បានមកទិញដល់កន្លែងតែម្ដង ក្នុងមួយគីឡូក្រាមតម្លៃ ១២,០០០រៀល ។ លោកបញ្ជាក់ថា ដំណាំទំពាំងបារាំង អាចប្រមូលផលបានគ្រប់រដូវ សំខាន់ការប្រើប្រាស់ជីធម្មជាតិ មានដូចជា ជីកំប៉ុស ជីអង្កាម ឬជីលាមកសត្វ រួមនឹងការថែទាំ ការស្រោចស្រពឲ្យបានជាប់ជាប្រចាំ ដោយប្រើរយៈពេលដាំប្រហែល ៤ខែប៉ុណ្ណោះ អាចប្រមូលផលបានជារៀងរាល់ថ្ងៃ ។ ហេតុដូចនេះ មន្ទីរតែងតែចុះណែនាំ ឲ្យប្រជាកសិករដែលមានដីទំនេរ គួរនាំគ្នាដាំដំណាំបន្លែទំពាំងបារំាងនេះឲ្យបានច្រើន ព្រោះមានតម្លៃខ្ពស់ណាស់ និងមិនពិបាករកទីផ្សារឡើយ ។

លោកបន្តថា « ទំពាំងបារាំងជាដំណាំមួយប្រភេទងាយស្រួលដាំ មានទីផ្សារល្អ ដោយសារការដាំដុះមិនប្រើប្រាស់ថ្នាំពុលឬសារធាតុគីមីឡើយ ចំណាយដើមទន់តិចទទួលផលបានខ្ពស់ និងមានរយៈពេលយូក្នុងការទទួលផល ទើបប្រជាកសិករបាននាំគ្នាងាកមកដាំដំណាំប្រភេទនេះច្រើន ហើយការនិយមរបស់ទីផ្សារក៏ច្រើន ជាពិសេសមានអ្នកចាំទទួលទិញដល់កន្លែងតែម្តង ដែលពួកគាត់បានចុះកិច្ចសន្យាទិញលក់ និងមានទីផ្សារទំនើបនៅទីក្រុងភ្នំពេញបើគេត្រូវការយើងបោះដុំឲ្យគេ ហេតុដូចនេះប្រជាកសិករមើលឃើញថាមានទីផ្សារគាត់ក៏នាំគ្នានាំជាបណ្តើរៗ »។

លោកស្រី លឹម សុភាព កសិករដាំបន្លែទំពាំបារាំង នៅក្នុងភូមិក្រចាប់ ឃុំអូតាវ៉ៅ ស្រុកប៉ៃលិន ខេត្តប៉ៃលិន បានឲ្យដឹងដែរថា កាលពីមុនដំណាំនេះ មិនសូវមានទីផ្សារទេ តែក្រោយមក ដោយមានការជំរុញ និងផ្សព្វផ្សាយពីមន្ទីរកសិកម្មខេត្តប៉ៃលិន ក៏ដូចជាបណ្តុំក្នុងសហគមន៍ក្រចាប់ គឺទទួលបានការកម្មង់ទិញពីប្រជាពលរដ្ឋអ្នកទទួលទានជាច្រើន ជាពិសេសអ្នកនៅភ្នំពេញ ។

លោកស្រីមានប្រសាសន៍ថា បច្នុប្បន្ននេះ អ្នកស្រីដាំបន្លែទំពាំងបារាំងលើផ្ទៃដីចំនួន២៤០០ម៉ែតការេ ដោយប្រមូលផលចាប់ពី ៨ទៅ ១០គីឡូក្រាម ក្នុងមួយថ្ងៃ ហើយមានម៉ូយយកទៅលក់បន្តនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ក្នុងតម្លៃ១២០០០ រៀលក្នុងមួយគីឡូក្រាម ។ លោកស្រី គ្រោងនឹងពង្រីកផ្ទៃដីដាំដុះបន្លែទំពាំងបារាំងនេះឲ្យបានកាន់តែច្រើន ចៀសវាងទុកដីឱ្យទំនេរចោល ។

កសិករស្រ្តីឆ្នើមម្នាក់នេះបានបន្ថែមថា «ទំពាំងបារាំងគឺមានទីផ្សារល្អ ដោយបច្នុប្បន្ននេះ មានក្រុមហ៊ុនបន្លែបៃតងស្រស់នៅទីក្រុងភ្នំពេញគឺជាអ្នកទទួលទិញរហូតទៅដល់៥០០គីឡូ ក្រាមក្នុងមួយថ្ងៃ ហើយនៅក្នុងភូមិក្រចាប់នេះមានប្រជាកសិករចំនួន១០នាក់ជាអ្នកដាំ»។

យោងតាមឯកសារស្រាវជ្រាវបានបង្ហាញថា ទំពាំងបារាំងមានផ្ទុកជីវជាតិ និងវីតាមីនជាច្រើន ដូចជា វីតាមីនអា (A) វីតាមីនសេ (C) វីតាមីនអ៊ី(E) វីតាមីនបេ1 (B1) ហើយសម្បកវាសម្បូរទៅដោយជាតិដែក កាល់ស្យូម(CA) សារធាតុខ្លាញ់ និងមានសារធាតុចិញ្ចឹមផ្សេងៗជាច្រើនទៀត ដែលរាងកាយមនុស្សត្រូវការ ។ ក្រៅពីនេះ ជាតិកាកសរសៃដ៏ល្អក្នុងបន្លែទំពាំងបារាំង អាចជួយទប់ជាតិស្ករនៅក្នុងឈាមមិនឱ្យឡើងខ្លាំង ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ ជួយឱ្យពោះវៀនធំដំណើរការបានល្អ ជួយឱ្យសរសៃសក់មានសុខភាពល្អ ជួយថែរក្សាសុខភាពភ្នែក និងជួយថែរក្សាសុខភាពបេះដូងថែមទៀតផង ។

ប្រភពពី Business Cambodia

Leave a Reply

Your email address will not be published. Required fields are marked *