ហួសចិត្ត! សុខចិត្តដេញម្តាយ ឲ្យអង្គុយ នៅគូទឡាន ដើម្បីទុកកន្លែង ឲ្យកូនដេក បានស្រួល

ចិន៖ បុរស​ជនជាតិ​ចិន​ម្នាក់​ បាន​ធ្វើ​ឲ្យ​អ្នកប្រើ​ប្រាស់​អ៊ីនធឺណេត ខឹងសម្បារ និងរិះ​គន់​ យ៉ាង​ចាស់ដៃ ​កាលពីម្សិលមិញ ព្រោះ​ហេតុតែចង់ ទុកកន្លែងឲ្យកូន ដេកបានស្រួល សុខចិត្តដេញម្តាយ ឲ្យទៅអង្គុយ នៅគូទឡាន ដែលស្រ្តីចំណាស់ជាម្តាយ ខិតខំសន្សំលុយទិញ ជិតមួយជីវិតទៅហើយ។


រូបភាពរបស់ស្ត្រីចំណាស់នោះ អង្គុយនៅគូទឡាន

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ប៉ូលីសត្រួតពិនិត្យចរាចរណ៍ បានបញ្ឈប់ឡានមួយគ្រឿង ដែលកំពុងតែធ្វើដំណើរ ពី​ខេត្ត​ជាំងស៊ី ទៅ​ខេត្ត​ហ៊ូបេ ប្រទេសចិន ដោយប៉ូលីស បានឃើញ បុរសម្នាក់ ឈ្មោះ Liu ជាអ្នកបើកបរ និង​ប្រពន្ធ​ របស់គាត់ អង្គុយ​កៅអី​ខាង​មុខ ​ជា​មួយគ្នា​ ចំណែកឯ​កូន​ប្រុស ​របស់​ពួកគេ​ ដេក​នៅ​​កៅអី ជួរខាងក្រោយ តែម្នាក់ឯង យ៉ាងសុខស្រួល ជាទីបំផុត។ ប៉ុន្តែអ្វីដែលធ្វើឲ្យប៉ូលីស មានការភ្ញាក់ផ្អើល ខ្លាំងបំផុតនោះគឺ ពួកគេឃើញ​ស្ត្រី​ចំណាស់ ​ជាម្តាយ អង្គុយ​នៅគូថឡាន ​ដែលមានសភាព តូចចង្អៀត តែម្នាក់ឯងទៅវិញ។

តាមការសាកសួរ លោក Liu បានប្រាប់ឲ្យដឹង​ថា​ គាត់​បាន​សុំឲ្យម្តាយ​ ទៅ​អង្គុយ​នៅគូទឡាន ដើម្បី​ទុកកន្លែង ឲ្យ​កូន​ប្រុស​របស់​ខ្លួន ​បានដេក​ស្រួល​ខ្លួន​បន្តិច។

ទោះបីជាយ៉ាងណា ប៉ូលីសក៏បានសុំឲ្យ ស្ត្រីចំណាស់ជាម្តាយ ចេញពីគូទឡាន ហើយចង់ពិន័យកូនប្រុស រមើលគុណនោះ ប៉ុន្តែស្រ្តីជាម្តាយ បានប្រាប់ទៅប៉ូលីសថា «វាមិនសូវពិបាក ប៉ុន្មាននោះទេ ដែលមកអង្គុយ នៅគូទឡាននេះ»។

អ្វី​ដែល​កាន់​តែ​រំជួល​ចិត្ត​ ជាង​នេះ​ទៀតនោះគឺ ម្ដាយ​របស់​លោក Liu បាន​យក​​ប្រាក់ខែ ​ចូលនិវត្តន៍របស់ខ្លួន ទាំងអស់ សន្សំ​ទិញឡាន មួយគ្រឿង​នេះ​ ឲ្យ​កូន​ប្រុស ជាទីស្រលាញ់របស់គាត់​។

យ៉ាងណាមិញ អ្នកលេងអ៊ិនធឺណេតជាច្រើន មិនពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ រូបថតស្រ្តីជាម្តាយ អង្គុយនៅគូទឡាន ចែកចាយ នៅលើប្រព័ន្ធផ្សព្វផ្សាយ ហើយមនុស្សជាច្រើន បានបញ្ចេញមតិ​រិះ​គន់​​ខ្លាំង​ៗ យ៉ាងចាស់ដៃ ទៅ​លើ​ទង្វើ ​របស់​លោក Liu ផងដែរ៕

ប្រភព៖ បរទេស

Leave a Reply

Your email address will not be published. Required fields are marked *