ប្រទះឃើញសត្វកង់ហ្គូរូដ៏ធំមួយក្បាល មានសាច់ដុំដូចអ្នកកីឡាកាស!

ប្រទេសអូស្ដ្រាលី៖ ថ្មីៗនេះ សត្វកង់ហ្គូរូព្រៃមួយក្បាល ដែលមានសាច់ដុំធំៗដូចអ្នកកីឡាកាស ត្រូវបានបុរសម្នាក់ប្រទះឃើញដោយចៃដន្យ ខណៈពេលវាកំពុងតែងូតទឹកលេងនៅតាមដៃព្រែក ដែលស្ថិតនៅទីក្រុង Margaret River ភាគខាងលិចប្រទេសអូស្ដ្រាលី។

លោក Jackson Vincent វ័យ២៧ឆ្នាំ ដែលបានប្រទះឃើញសត្វកង់ហ្គូរូនោះ ស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯង ព្រោះមិនដែលឃើញថនិកសត្វធំបែបនេះពីមុនមកទេ។ លោក Jackson បានរៀបរាប់ថា៖ខ្ញុំធ្លាប់បានធ្វើដំណើរទៅកាន់ដៃព្រែកនោះ តាំងពីតូចមកម៉្លេះ និងតែងតែបានឃើញកង់ហ្គូរូ។ យ៉ាងណាមិញ ថ្មីៗនេះខ្ញុំបានបណ្ដើរសុនខទៅទីនោះទៀត ក៏ស្រាប់តែឃើញកង់ហ្គូរូដ៏ធំមួយក្បាលកំពុងឈរនៅក្នុងទឹក។

ហើយនៅពេល ខ្ញុំដើរជុំវិញវាដើម្បីថតរូប វាក៏ចូលមកកាន់តែជិតខ្ញុំ ហើយពេលនោះខ្ញុំអាចមើលឃើញវាកាន់តែច្បាស់ថា វាពិតជាធំខ្លាំងមែនទែន។ តាមធម្មតា ខ្ញុំមិនសូវខ្លាចសត្វអ្វីប៉ុន្មានទេ ប៉ុន្ដែនៅពេលវាចាប់ផ្ដើមងើបចេញពីទឹក បេះដូងខ្ញុំចាប់ផ្ដើមលោតញាប់តែម្ដង ហើយពេលនោះខ្ញុំក៏សម្រេចចិត្ដដកថយពីរបីជំហ៊ានវិញដែរ។លោក Jackson បន្ដថា៖កង់ហ្គូរូនោះ មើលទៅមានកម្ពស់យ៉ាងហោចណាស់ក៏២ម៉ែត្រ ឬខ្ពស់ជាងនេះដែរ ហើយមានទម្ងន់យ៉ាងតិច ១០០គឺឡូក្រាម។

តាមពិតទៅ មានកង់ហ្គូរូច្រើននៅតំបន់នេះ ប៉ុន្ដែខ្ញុំមិនដែលឃើញកង់ហ្គូរូមួយណា មានសាច់ដុំដូច្នេះពីមុនទេ។យ៉ាងណាមិញ ក្រោយមក លោក Jackson ក៏បានបង្ហោះរូបកង់ហ្គូរូសាច់ដុំដែលថតបាននោះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានមនុស្សរាប់ពាន់នាក់ចែកចាយបន្ដផងដែរ។
 

Leave a Reply

Your email address will not be published. Required fields are marked *