ពស់ក្បាលពីរ តម្លៃ ៥ម៉ឺនដុល្លារអាមេរិក ព្យាយាមស៊ីខ្លួនឯង (មានវីដេអូ)

បរទេស៖ ផ្ទុយពីសត្វពស់ផ្សេងៗទៀត ដែលមានរូបរាងគួរឲ្យខ្លាច ហើយកាចសាហាវ ថែមទៀតនោះ សត្វពស់មួយក្បាល ដែលមានឈ្មោះថា Medusa បានទាក់ទាញ ចំណាប់អារម្មណ៍ជាខ្លាំង ពីសំណាក់លោក Todd Ray ដែលជាម្ចាស់គេហទំព័រ Venice Beach Freakshow ដោយបានចំណាយទឹកប្រាក់ ដល់ទៅ ៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីទិញយកសត្វ ពស់ក្បាលពីរ ពណ៌ផ្កាឈូកលាយ ទឹកដោះគោ ប្រវែង ៩១.៤៤សង់ទីម៉ែត្រ មានអាយុ៤ឆ្នាំ ដែលបានកើតនៅក្នុង រដ្ឋហ្វ្លរីដា មួយក្បាលនេះ ។

លើសពីនេះទៅទៀត លោក Ray បានប្រាប់កាសែត The Huffington Post ថា ការពិត លោកចង់បានសត្វពស់ក្បាលពីរ មួយក្បាលនេះ តាំងពីវាបានកើត កាលពី៤ឆ្នាំមុនមកម៉្លេះ ។ លោកបានធ្វើដំណើរ ទៅមក ចុះឡើងៗ ជាមួយនឹងម្ចាស់ពស់នោះ ហើយតម្លៃរបស់វា ក៏ចេះតែកើនឡើង ថ្លៃទៅៗ ។ លោកបានបន្តទៀតថា ពស់មួយក្បាលនេះ គឺល្អឥតខ្ចោះ ត្រង់ថាវាមានក្បាលពីរដុះ ចេញពីក តែម្តង មិនដូចសត្វពស់ឯទៀត ក្បាលដុះចេញមកជាប់គ្នាតែមួយនោះទេ ហើយមានពណ៌សប្បុរ ស្រស់ស្អាតទៀតផង ។

លោក Ray​ ក៏បានមានប្រសាសន៍រៀបរាប់បន្តទៀតថា រូបលោកបានយកវា មកពីរដ្ឋហ្វ្លរីដា ហើយទុកវាចោលមួយសប្ដាហ៍ ដើម្បីឲ្យវាស៊ាំនឹង បរិយាកាសខាងក្រៅ ។ លោកតែងតែឲ្យ ចំណីដល់សត្វពស់ក្បាលពីរភាគច្រើន ដោយដាក់ចំណីនៅចន្លោះក្បាល ទាំងពីររបស់ពួកវា ដោយប្រើក្រដាស ដើម្បីឲ្យពួកវាខាំគ្នាទៅមក ។

ជាក់ស្តែង រូបលោកបានយកសត្វកណ្តុរមួយក្បាល មកឲ្យវាស៊ី ហើយក្បាលទាំងពីររបស់វា​ បានហាមាត់រៀងៗខ្លួន បន្ទាប់មកក្បាល ខាងស្តាំ បានខាំកញ្ឆក់ យកសត្វកណ្តុរនោះ ពីដៃរបស់គាត់ ។ បន្ទាប់មកទៀត ក្បាលខាងឆ្វេងរបស់វា ក៏បានខាំផ្នែកខាងគូទនៃសត្វកណ្តុរនោះ ហើយវាបានស៊ីយ៉ាងលឿន រហូតជិតដល់ផ្នែកកណ្តាលនៃកណ្តុរនោះ ទើបលោក Ray យកកាំបិតមកកាត់ កណ្តុរនោះជាពីរកំណាត់ មុខពេលដែលក្បាល ខាងស្តាំរបស់វា លេបក្បាលខាងឆ្វេង ពីព្រោះប្រភេទសត្វពស់នេះ ស៊ីសត្វពស់ផ្សេងទៀតជាអាហារ ។

គួរបញ្ជាក់ផងដែរថា លោក Ray បានទទួលរង្វាន់ Guinness ពិភពលោក សម្រាប់ ការប្រមូលផ្តុំធំ ជាងគេបំផុត នូវសត្វដែលមាន ក្បាលពីរ ប៉ុន្តែលោកបានចាត់ទុក សត្វពស់ក្បាលពីរ Medusa នេះ ថាជាគ្រឿងអលង្ការ ល្អផ្តាច់គេ ហើយលោក Ray មានគំរោងដាក់បង្ហាញ សត្វពស់ក្បាលពីរ Medusa មួយក្បាលនេះ នៅក្នុងបណ្តាញផ្សព្វផ្សាយគេហទំព័រ the Venice Beach Freakshow ដោយចាប់ផ្តើមពីថ្ងៃសៅរ៍នេះតទៅ ហើយដោយរំពឹងថា វានឹងមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន ។

លោកបាននិយាយ ប្រកបដោយមោទនភាពថា សត្វពស់ក្បាលពីរនេះ គឺជាតារាពស់ ជាពិសេសសម្រាប់ សត្វពស់ទាំងអស់ ហើយរូបលោកក៏មិនហ៊ាន ចំណាយលុយច្រើន ដល់ម្លឹងដែរ ប្រសិនបើវាមិនមាន តម្លៃអ្វីសោះនោះ ៕
សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *