សុំមិត្តស្រី រៀបការ ដោយប្រើ ផ្លែឈើដែលនាងចូលចិត្ត តែលទ្ធផល បែរជាត្រូវ ខ្មាសគេទៅវិញ!

ចិន៖ បុរសម្នាក់ រៀបផ្លែគូលេនជាពាក្យសុំស្រលាញ់ នៅទីប្រជុំជន បំណងសុំមិត្តស្រីរៀបការ តែលទ្ធផលក្តីសង្ឃឹម របស់បុរសនោះ ត្រូវរលាយដូចទឹក បន្ទាប់ពីមនុស្សដែលខ្លួនស្រលាញ់ រត់ចោល មុខកណ្តាលចំណោមមនុស្សទៅវិញ។

គេហទំព័របរទេសមួយ ឲ្យដឹងថា បុរសម្នាក់ នាមត្រកូល Dong អាយុ២៤ឆ្នាំ បានសុំមិត្តស្រីអាយុ២៣ឆ្នាំ រៀបការ ដោយការរៀបចំផ្លែគូលេន ចេញជារូបរាងបេះដូង ចំនួនពីរជាប់គ្នា ហើយមានព្រួញបាញ់ចំកណ្តាល និងរំលេចដោយពាក្យ “LOVE” នៅលើស្ពាន Xi’an ដែលបានទាក់ទាញអ្នកដំណើរជាច្រើននាក់សម្លឹងមើល។ មិនតែប៉ុណ្ណោះ បុរសនោះពិតជារំភើប និងមានជំនឿជឿជាក់ជាខ្លាំងថា មិត្តស្រីខ្លួន ព្រមទទួលយកសំណើរនេះជាមិនខាន។

រូបភាព បុរសម្នាក់រៀបផ្លែគូលេនសុំមិត្តស្រីរៀបការ

នៅពេលដែលមិត្តស្រីខ្លួន មកដល់ហើយ Dong បានលុតជង្គង់ចុះហើយនិយាយថា៖ « អូនសម្លាញ់! បងមិនមានផ្ទះ ឡាន និងលុយដ៏ច្រើននោះទេ ប៉ុន្តែបងមានស្នេហ៍ស្មោះ ចំពោះអូនតែម្នាក់គត់។ បងអាចធ្វើឲ្យអូន មានសេចក្តីសុខជាងគេទាំងអស់។ តើអូនព្រមរៀបការ ជាមួយបងទេ? » 

តែជាអកុសល នារីរូបស្រស់ម្នាក់នោះ មានការភ្ញាក់ផ្អើល ហើយមិនដឹងថា គួរនិយាយអ្វី នាងក៏ញ៉ាំផ្លែគូលេនអស់មួយគ្រាប់ រួចប្រញាប់រត់គេចខ្លួនបាត់យ៉ាងរហ័ស ដូចផ្លេកបន្ទោរបាត់ទៅ។

ចំណែក Dong បាននិយាយទាំងក្តុកក្តួលថា៖ «នាងថាពួកយើង គឺនៅក្មេងពេកហើយ បើរៀបការជាមួយគ្នា។ បេះដូង របស់ខ្ញុំពិតជាឈឺចាប់ណាស់ តែខ្ញុំដឹងថា នាងនិងត្រឡប់មករក ខ្ញុំវិញជាមិនខាន ព្រោះពួកយើងពិតជាមិនអាចខ្វះគ្នា បានឡើយ » ។

គួរបញ្ជាក់ផងដែរថា ពួកគេទាំងពីរនាក់ស្គាល់គ្នា រយៈពេល ៣ឆ្នាំមកហើយ​។ Dong បានបញ្ចប់ការសិក្សានៅសាកលវិទ្យល័យមួយ ហើយពេលនេះ ក៏កំពុងបំរើការងារ នៅក្រុមហ៊ុនមួយកន្លែងផងដែរ។ គេបញ្ជាក់ទៀតដែរថា មិត្តស្រីខ្លួន ពិតជាចូលចិត្ត គូលេនខ្លាំងណាស់ ទើបជាហេតុ ដែលគេសម្រេចចំណាយលុយ អស់ជាង ៣២២ដុល្លារអាមេរិក ក្នុងការទិញវា ដើម្បីរៀបចំគំរោងនេះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *