ហាងមាសមួយកន្លែងនៅ ត្រូវជនបោកប្រាស់យកមាសក្លែងក្លាយមកបន្លំ ខាតអស់ជិត ៣០ ម៉ឺនដុល្លារ!

ថៃ៖ លោក Krit Thienmai និងលោកស្រី Ananda Thienmai ពីរនាក់ប្តីប្រពន្ធដែលជាម្ចាស់ហាងមាស Nit Thien បាននាំយកមាសក្លែងក្លាយជាច្រើនតម្លឹង រួមជាមួយភ័ស្តុតាងពីកាម៉េរ៉ាសុវត្ថិភាព មកប្តឹងនៅប៉ុស្តិនគរបាល Nong Prueng ស្រុក Khorn Kaen ខេត្ត Chon Buri។

ក្នុងកំឡុងពេលដែលតម្លៃមាសកំពុងឡើងខ្លាំង ក៏មានក្រុមជនបោកប្រាស់មួយក្រុមបាន នាំយកមាសក្លែងក្លាយទៅប្រទាក់ឆ្លាស់គ្នាជាមួយមាសសុទ្ធ ទៅបញ្ចាំនៅហាងមាស Nit Thien អស់រយៈពេលជាង ១ខែហើយ ដែលមានតម្លៃសរុបជាង ៩លានបាត គិតជាដុល្លារប្រហែលជា ២៨ម៉ឺនដុល្លារ។

លោកស្រី Ananda បានបង្ហើបថា មានអតិថិជនមួយក្រុមមានគ្នាប្រហែកជា ១២នាក់ម្នាក់បានយកមាសទៅបញ្ចាំនៅហាងរបស់គាត់ ដែលពួកគេបានយកប្រាក់ទៅស្រោបទឹកមាស ធ្វើជាខ្សែច្រវាក់ប្រទាក់គ្នាជាមួយមាសពិត ដែលពួកគេធ្វើបែបនេះបន្តបន្ទាប់អស់រយៈពេល៥សប្តាហ៍មកហើយ។

ម្ចាស់បានរៀបរាប់រឿងរ៉ាវឲ្យដឹងថា ជនបោកប្រាស់ទាំងនោះ ពួកគេបានចូលមកបញ្ចាំមាស ហើយបបួលម្ចាស់ហាងនិយាយពីនេះពីនោះដើម្បីបន្លប់។ ពួកគេបាននិយាយថាគេជាអ្នកម៉ៅការសំណង់ ត្រូវការលុយជាបន្ទាន់ដើម្បីយកទៅបើកប្រាក់ខែឲ្យកម្មករ។ តាមធម្មតាការបញ្ចាំមាសខាងហាង គឺមិនអាចកាត់ផ្តាច់មាសរបស់អតិថិជនមាសដើម្បីមើលសាច់នៅខាងក្នុងបាននោះទេ។

ម្ចាស់ហាងបានបន្តទៀតថា មុនដំបូងគាត់មានអ៊ំចាស់ម្នាក់បានដើរចូលមកបញ្ចាំមាសចំនួន៩ជី បន្ទាប់មកក៏បានអតិថិជនផ្សេងៗទៀត មានទាំងថៃមានទាំងឡាវ ដោយពួកគេធ្វើពុតជាមិនស្គាល់គ្នា ដែលម្នាក់ៗមកបញ្ចាំបានទឹកប្រាក់ចំនួន ៧២,០០០បាត(ប្រហែល២៣០០ដុល្លារ), ៩៦,០០០បាត(ប្រហែល៣០០០ដុល្លារ), ១២០,០០០បាត (២៨០០ដុល្លារ) ជាចំនួនទឹកប្រាក់និងទម្ងន់មាសស្រដៀងៗគ្នា។

ម្ចាស់ហាងក៏បានកត់សម្គាល់ឃើញថា មាសដែលយកមកបញ្ចាំមានទម្រង់ស្រដៀងៗគ្នា ទម្ងន់ដូចៗគ្នា ហើយក្រុមអតិថិជនដែលចូលមកបញ្ចាំ ក៏ចេញចូលៗ មុខដដែលៗ ដោយចាប់ផ្តើមសង្ស័យ ម្ចាស់ហាងក៏បានយកមាសនោះមកកាត់ចេញដើម្បីស្រាយចម្ងល់ គាត់ក៏បានឃើញថាមាសនោះពិតជាក្លែងក្លាយមែន ម្ចាស់ហាងជឿជាក់ថាច្បាស់ជាអតិថិជនមួយក្រុមនោះជាមិនខាន។

ពេលនេះប៉ូលីសកំពុងតែប្រញាប់ប្រញាល់ដុតដៃដុតជើង តាមចាប់ជនឧក្រិដ្ឋមកផ្តន្ទាទោសឱ្យបាន ដើម្បីកុំឱ្យពួកគេមានឱកាសដើរបង្កបញ្ហាដល់ ហាងមាសផ្សេងៗទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *