បុរសជនជាតិថៃម្នាក់ ទៅវះកាត់ព្យាបាលជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ ស្រាប់តែគ្រូពេទ្យរកឃើញរឿងចម្លែក មួយផ្សេងទៀត!

ថៃ៖ ក្លាយជាករណីព្យាបាលអ្នកជម្ងឺ ដែលអាចនិយាយបានថា ជាសំណាងទ្វេដងទាំងគ្រូពេទ្យនិងអ្នកជម្ងឺ ។ បន្ទាប់ពីការពិនិត្យរោគសញ្ញាបឋម អ្នកជំងឺត្រូវបានគេរកឃើញថា មានគ្រួសក្នុងថង់ទឹកប្រមាត់ តែនៅពេលវះកាត់គ្រូពេទ្យបែរជាបានជួបសត្វព្រូន ដែលលាក់ខ្លួននៅខាងក្នុងខ្លួនអ្នកជំងឺ មិនដឹងតាំងពីពេលណា។

កាលពីថ្មីៗនេះ ទំព័រហ្វេសប៊ុកមន្ទីរពេទ្យមួយនៅក្នុងប្រទេសថៃ បានបង្ហាញពីករណីវះកាត់របស់លោកវេជ្ជបណ្ឌិត Natthong Buasirilai ដែលបានធ្វើការវះកាត់គ្រួសក្នុងថង់ទឹកប្រមាត់ ជាអ្នកជំងឺភេទប្រុសអាយុ ៧៩ ឆ្នាំ គាត់មានអាការៈឈឺចាប់នៅត្រង់ពោះប៉ែកខាងស្តាំ ។

តំបូងឡើយតាមការពិនិត្យបឋម គ្រូពេទ្យបបានរកឃើញថា អ្នកជំងឺមានដុំគ្រួសនៅក្នុងថង់ទឹកប្រមាត់ ក្រោយមកពេទ្យក៏ណាត់ឱ្យអ្នកជំងឺមកទទួលការវះកាត់ ដោយប្រើម៉ាស៊ីនឆ្លុះចូលតាមមាត់ ។

ប៉ុន្តែក្នុងអំឡុងពេលពេទ្យ​កំពុងធ្វើការវះកាត់ ស្រាប់តែម៉ាស៊ីនឆ្លុះ ក៏បានឆ្លុះឃើញសត្វព្រូននៅក្នុងខ្លួនអ្នកជំងឺ ហើយវាក៏ជាឧបសគ្គតូចមួយនៃការវះកាត់ដែរ ប៉ុន្តែសំណាងល្អដែលការវះកាត់យកគ្រួសចេញក្នុងថង់ទឹកប្រមាត់ គឺបានទទួលជោគជ័យ។

ក្រោយមកពេលដែលគ្រូពេទ្យបានទាញម៉ាស៊ីនឆ្លុះចេញពីមាត់របស់អ្នកជម្ងឺ សត្វព្រូនមួយក្បាលនោះ ក៏បានដោយមកតាមម៉ាស៊ីនឆ្លុះចេញមកក្រៅបានប្រវែងជិត ៣០ សង់ទីម៉ែត្រ ពេលនោះគ្រូពេទ្យក៏ព្យាយាមទាញវាចេញពីបំពង់កអ្នកជំងឺបន្តិចម្តងៗ រហូតទាល់តែអស់ ទើបឃើញថា សត្វព្រូននោះមានប្រវែងជិត ២ ម៉ែត្រ ។ ដូច្នេះករណីវះកាត់នេះ មិនត្រឹមតែអាចព្យាបាល អាការៈគ្រួសក្នុងប្រមាត់បាននោះទេ ថែមទាំងអាចព្យាបាល ទាញយកសត្វព្រូនចេញពីក្នុងខ្លួនអ្នកជម្ងឺទៀតផង ។

យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត Kamol Saepungphu ប្រចាំមន្ទីរពេទ្យខាងលើ បានបង្ហើបឱ្យដឹងថា មនុស្សគ្រប់រូបគួរតែចូលរួមទាំងអស់គ្នាដើម្បីការពារការកកើតនៃសត្វល្អិត ដោយបញ្ចៀសការបរិភោគសាច់ឆៅ បន្លែនិងផ្លែឈើដែលលាងជម្រះមិនស្អាត ហើយម្ហូបអាហារទាំងនោះវាគួរតែត្រូវបានចម្អិន និងស្អាតជានិច្ចមុនពេលបរិភោគ ៕

ប្រភពពី sakkarach

Leave a Reply

Your email address will not be published. Required fields are marked *