ស្រីៗរៀនចងចិត្តប្តី តាមវិធីទាំងនេះទៅ ជឿជាក់ថាប្តី គ្មានថ្ងៃក្បត់ចិត្ត យើងបានទេ!
យល់ដឹង៖ សម្រាប់មនុស្សស្រីម្នាក់ បើមានប្តីល្អ ចេះយកចិត្តទុកដាក់ និងចេះផ្តល់តម្លៃ ឲ្យយើងនោះគឺជា សំណាងដូច ជារើសបាន កំណប់ទ្រព្យ ដ៏មហាសាលអញ្ចឹង ព្រោះក្នុងមួយជីវិត មនុស្សស្រី បន្ទាប់ពីរៀបការហើយ គ្មានប្រាថ្នាចង់បាន អ្វីច្រើនក្រៅពី បានប្តីចេះយល់ចិត្ត និងមានគ្រួសារមួយ ដែលមាន ភាពកក់ក្តៅនោះទេ។
តែពេល ជាមួយគ្នានោះមនុស្សស្រីក៏ត្រូវតែ ដឹងផងដែរថា ក្នុងនាមជាប្រពន្ធ គួរមានភារៈកិច្ច អ្វីខ្លះដែលអាចរក្សាចិត្តប្តីបាន បន្ទាប់ពីរៀបការហើយ។ ព្រោះជាក់ស្តែង ណាស់ថា មនោសញ្ចេតនាប្តីប្រពន្ធបន្ទាប់ពី រៀបការហើយ ច្បាស់ជាមាន ការប្រែប្រួលខុសពី ពេលកាលដែលនៅជាគូសង្សារ។
កាលជាគូសង្សារនិងគ្នា យូរៗជួបមុខគ្នាម្តង ប្រាកដជាមាន ភាពផ្អែមល្ហែម និងគ្នាច្រើន តែពេលរៀបការហើយ ជួបមុខគ្នារាល់ថ្ងៃដឹងចរិតគ្នាទៀតនោះ ភាពល្អូកល្អើន អាចនឹងមាន ការរង្គោះរង្គើរខ្លះៗ ជាបណ្តើរៗមិនខាន។ ហេតុនេះ ដើម្បីកុំបណ្តោយឲ្យ មនោសញ្ចេនា ប្តីប្រពន្ធរបស់អ្នក អាចមានជនទី៣ ចូលមកជ្រៀតជ្រែក បាននោះដាច់ខាត អ្នកជាប្រពន្ធត្រូវតែ ចេះគន្លឹះចងចិត្តប្តី។
តោះចង់ដឹងថា មានអ្វីខ្លះ សូមទៅតាមដានទាំងអស់គ្នា៖
១. ចងមាត់

ចងមាត់ យ៉ាងដូចម្តេច? គឺគ្មានអ្វីដែល ធ្វើឲ្យប្តីសប្បាយចិត្តខ្លាំង ក្រៅតែពីត្រឡប់មក ពីធ្វើការហត់នឿយ ពេញមួយថ្ងៃ មកដល់ផ្ទះ មានប្រពន្ធល្អចេះរៀបចំទុកដាក់ ធ្វើម្ហូបដែល ប្តីចូលចិត្តឆ្ងាញ់ៗ រៀបចំលើតុ ចាំប្តីនោះទេ។ នេះជារឿង សំខាន់ណាស់ នៃសុភមង្គលគ្រួសារ ហេតុនេះបើចង់ ចងកាយប្តីដំបូងគឺត្រូវ សម្លាប់ចិត្តប្តី តាមរយៈវិជ្ជាមេផ្ទះ ចំអិនម្ហូបរបស់យើង ជាមុនសិន។
២. ចងច្រមុះ

មនុស្សស្រី ភាគច្រើនតែង យល់ខុសថាពេលនៅក្រមុំ ខំធ្វើខ្លួនដើម្បីឲ្យ កម្លោះៗមើល តែដល់មានប្តី មានកូនហើយ មិនដឹងត្រូវធ្វើខ្លួន ដើម្បីឲ្យអ្នកណា មើលទៀតទេ។ បើអ្នកយល់បែបនេះ គឺពិតជាការគិតមួយដែល ខុសធ្ងន់ណាស់ ធ្វើខ្លួនទោះមិន បង្អួតប្រុសដទៃមើល តែដើម្បីប្តីយើង។ត្រូវចាំ មិនថាប្រុសឬ ស្រីនោះទេ គ្មានអ្នកណាដែល ចូលចិត្តនៅក្បែរ មនុស្សគគ្រិត ធុំក្លិនខ្លួន មុខស្រមេមស្រម៉ាម នោះទេ ។ ហេតុនេះស្រីៗ ទោះមានប្តីហើយ ក៏ត្រូវតែស្អាតត្រូវចេះតុបតែង រៀបចំខ្លួន ក្លិនត្រូវក្រអូប ហើយមាន អនាម័យជានិច្ច។
៣. ចងភ្នែក

រាងកាយនិង រូបសម្រស់ជារឿង ដែលសំខាន់មួយសម្រាប់ចងចិត្តប្តី។ កុំបណ្តោយខ្លួន ពីរាងធ្លាប់តែ ស្វែលស្រឡូនស្អាតៗ ទៅជាធាត់ សាច់ប្រែស្រអាប់ យារធ្លាក់ មុខជាំ ឡើងមុន ឲ្យសោះ។ ទោះរវល់និង ការងាររកស៊ី ឬការងារផ្ទះ យ៉ាងណាក៏មិនត្រូវ រវល់ភ្លេចថែ សម្រស់ខ្លួនដែរ។ អ្នកត្រូវចាំថា បើអ្នកហ៊ានតែ ប្រហែសតែបន្តិច ស្រីៗក្មេងៗ នៅខាងក្រៅ ប្រាកដជាឆក់យកប្តីអ្នកទៅបាត់ជាមិនខាន។ ហេតុនេះ ទោះរៀបការ មានកូនហើយ ក៏នៅតែអាចធ្វើខ្លួនបានមិនត្រូវទុក ខ្លួនឯងចោលនោះទេ ទោះមិនដើម្បីប្តី ក៏ដើម្បីភាពជឿជាក់ លើខ្លួនឯងដែរ។
៤. ចងត្រចៀក

ទោះជាប្តីរបស់ អ្នកជាមនុស្ស ស្លូតបូត ស្រលាញ់អ្នកខ្លាំង បែបណាក៏ដោយ ក៏មិនអាចទ្រាំ នឹងសម្តីជេរ តិះដៀលជា ប្រចាំដែរ។ ហេតុនេះបើ មានការអន់ចិត្ត មានជម្លោះ គួររៀនប្រើ ធម៌ត្រជាក់យកមក ដោះស្រាយជាមួយគ្នាអង្គុយពិភាក្សាគ្នា មិនមែនប្រើមធ្យោបាយ សម្តីធំតូច ស្រែកជេរ តាមតែចិត្ត ខឹងនោះទេ។ មនុស្សស្រី ត្រូវចេះប្រើ សំដីពិរោះ មិនបាច់ផ្អែម រលួយពេកទេ តែត្រូវមានខ្លឹមសារ។ ពេលនិយាយ ជាមួយគ្នា គួររៀនប្រើពាក្យ អូនឬបង ទោះខឹងយ៉ាងណា ក៏ដោយ ហើយកុំនិយាយកំបុតៗ។
៥. ចងខួរក្បាល

មនុស្សស្រី រស់នៅកុំចាំ តែពឹងផ្អែកលើប្តីត្រូវមានចំណេះដឹង មានចំណូល ដោយខ្លួនឯង។ ហេតុដូច្នេះ ទើបប្តីគេមិនហ៊ានផ្គើនធ្វើកំហុសឆ្គង មកលើយើង។ ត្រូវចាំថា បើយើងមាន គំនិត ឆ្លាត ចេះជួយជ្រុំជ្រែងប្តី ជួយរកចំណូល ចូលគ្រួសារ គេច្បាស់ជា មានគំនិតមួយខ្លាច ដល់យើងជាមិនខាន។ ដល់ចំណុចនេះ អ្នកមិនចាំបាច់ ខ្លាចថាគេ ក្បត់អ្នកនោះទេ មានតែគេភ័យខ្លាចថា បាត់បង់អ្នក ទៅវិញផង។ ព្រោះជាក់ស្តែង អ្នកក្នុងចិត្តរបស់គេគឺជា របស់មានតម្លៃ ជាគ្រាប់ពេជ្រ និងហាក់ប្រៀបជា បេះដូងដែលគេមិនអាចខ្វះ បានទៅហើយ។
៦. ចងអារម្មណ៍

អ្នកត្រូវតែជា មនុស្សតែម្នាក់គត់ដែលអាចយល់ពី អារម្មណ៍របស់គាត់ គោរពនិង គាំទ្រលើការសម្រេចចិត្ត របស់គាត់។ កុំប្រើឋានៈជា ប្រពន្ធទៅជ្រៀតជ្រែក លើការងាររបស់ប្តី តែអ្នកគួរតែជា មនុស្សម្នាក់ដែលនៅពីក្រោយចាំ ជម្រុញគាត់ជានិច្ច យល់ពីការងាររបស់គាត់។ ដូច្នេះពេលមានបញ្ហាគាត់នឹងយល់ថា មានមនុស្សម្នាក់ ដែលគាត់អាចពិភាក្សា បានហើយម្នាក់ នោះគឺអ្នក៕
ប្រភពពី khmerload