ត្រឹមសម្ដី អ្នកសុំទានមួយឃ្លា!!! ធ្វើអោយអ្នកញៀ ន ស្រា ល្បែង បោះបង់ទម្លាប់អាក្រក់របស់ខ្លួន
ខណៈពេលលោកចាង ធ្វើដំណើរត្រលប់ពីផ្សារទៅផ្ទះវិញ គាត់បានជក់បារីបណ្ដើរអស់ជាច្រើនដើម។ នៅតាមផ្លូវគាត់បានឃើញអ្នកសុំទានម្នាក់ក្បែរផ្សារទំនើបជាមួយសំលៀកបំពាក់រហែករយ៉ៃ ក្លិនអាក្រក់ កំពុងអង្គុយសុំប្រាក់នៅតាមផ្លូវគាត់ឆ្លងកាត់នៅពេលអ្នកសុំទានឃើញអ្នកដំណើរណាម្នាក់ឆ្លងកាត់កន្លែងខ្លួនអង្គុយ គាត់តែងតែស្ទុះក្រោកសុំប្រាក់ ហើយក៏ជួបលោកចាង «បងប្រុសចិត្តល្អ ដាក់ទានឲ្យប្អូនបន្តិចបានទេ»? លោកចាង ធ្វើមិនដឹងមិនឮ ព្រោះគាត់មិនចូលចិត្តអ្នកសុំទាន និងតែងតែឈរ ឬអង្គុយនៅឆ្ងាយពីពួកគេ។ ទោះយ៉ាងណា នៅពេលគាត់ឃើញអ្នកសុំទានម្នាក់នេះ គាត់ហាក់ដូចជាប្ដូរជំហរ និងចង់និយាយរកអ្នកសុំទាន។
ដំបូងលោកបាននិយាយថា «ហេ តើឯងចង់ចេះរកប្រាក់ទេ»? អ្នកសុំទានដកកមើលលោកចាង ទាំងភ្ញាក់ផ្អើលរួចតបថា «បាទ ខ្ញុំពិតជាចង់ចេះរកប្រាក់មែនប៉ុន្តែ…» លោក ចាង បាននិយាយម្ដងទៀត «ខ្ញុំនឹងសួរឯង ៣សំណួរ រួចហើយខ្ញុំនឹងឲ្យប្រាក់ខ្លះទៅឯង ប្រសិនបើឯងឆ្លើយដោយស្មោះត្រង់»។ ចាង ចាប់ផ្ដើមសួរថា « តើការជក់បារី ផឹកស្រា និងលេងល្បែង បានធ្វើឲ្យឯងក្លាយជាអ្នកសុំទានតាមផ្លូវមែនទេ»?
អ្នកសុំទានឆ្លើយ «ខ្ញុំមិនជក់បារី មិនផឹកស្រា និងមិនលេងល្បែងស៊ីសងទេ ព្រោះខ្ញុំស្អប់បំផុត!» បន្ទាប់ពីស្ដាប់ឮបែបនេះ លោកចាង បានទះភ្លៅ និងនិយាយថា «នេះជាទង្វើល្អណាស់!»។ ក្រោយមកលោកចាង បានឲ្យអ្នកសុំទានចំនួន ១០០ដុល្លារតាមការសន្យា។ អ្នកសុំទានមានការងឿងឆ្ងល់នឹងសំណួររបស់លោកចាង។ លោកចាង បានឃើញទឹកមុខអ្នកសុំទានបែបឆ្ងល់ រួចក៏និយាយថា «តាមពិតទៅ ប្រពន្ធរបស់ខ្ញុំបើករោងចក្រមួយ នាងជាប្រធាន ហើយខ្ញុំជាអគ្គនាយក។ យើងពិតជាមានធូរធារ និងមានប្រាក់ប្រមាណ ៣លានដុល្លារផ្ញើរនៅធនាគារ។
អ្វីជាបញ្ហា គឺការញៀនរបស់ខ្ញុំ។ ខ្ញុំចូលចិត្តផឹកស្រា ស្រាមួយដបក្នុងមួយថ្ងៃមិនគ្រប់គ្រាន់ទេ។ ខ្ញុំញៀននឹងការជក់បារី ២កញ្ចប់ក្នុងមួយថ្ងៃមិនចង់គ្រប់គ្រាន់ផង និងធ្ងន់ធ្ងរមួយទៀត ខ្ញុំចូលចិត្តលេងល្បែងចាក់ភ្នាល់ ប៉ុន្តែប្រពន្ធខ្ញុំពិតជាស្អប់ទម្លាប់ទាំង ៣ នេះខ្លាំងណាស់។ នាងតែងតែនិយាយឲ្យខ្ញុំថា «ទម្លាប់អាក្រក់ទាំង ៣របស់បងឯងនេះ ថ្ងៃណាមួយនឹងធ្វើឲ្យខ្ញុំក្លាយជាអ្នកសុំទានមិនខាន! ខ្ញុំនឹងប្រាប់នាងឲ្យមកទីនេះនៅថ្ងៃស្អែក ហើយខ្ញុំចង់ឲ្យឯងថាតាមដូចអ្វីខ្ញុំប្រាប់ឯងពីខាងដើម។ ខ្ញុំនឹងឲ្យឯង ១០០ដុល្លារថែមទៀត ប្រសិនបើឯងធ្វើដូចខ្ញុំប្រាប់»។
អ្នកសុំទានបានប្រែជាចាប់អារម្មណ៍ បន្ទាប់ពីឮពាក្យសន្យាថែម ១០០ដុល្លារ គ្រាន់តែធ្វើតាមតិចតួច ដូច្នេះគាត់ក៏បានយល់ព្រម។ នៅថ្ងៃបន្ទាប់ លោកចាង បាននាំប្រពន្ធឈ្មោះ យន់លី ដើរមកកាន់ផ្សារទំនើបពិតមែនដោយមិនឲ្យដឹងខ្លួនមុន និងជាលើកដំបូងរបស់នាងផងដែរ។ តាមផ្លូវដើរទៅកាន់ផ្សារទំនើប អ្នកស្រី យន់លី បាននិយាយបញ្ចុះបញ្ចូលឲ្យបោះបង់ទម្លាប់អាក្រក់ទាំង ៣នោះចោល ប៉ុន្តែលោកចាង បាននិយាយទាំងចិត្តត្រជាក់ទៅកាន់ប្រពន្ធថា «យើងមានបានហើយ ទម្លាប់ទាំងនេះមិនមែនជាឧបសគ្គរបស់យើងទេ។ កុំធ្វើភ្ញាក់ផ្អើលពេក!»
អ្នកស្រី យន់លី ចាប់ផ្ដើមខឹងខ្លាំងចំពោះសម្ដីប្ដីខ្លួន ហើយក៏ងាកមុខចេញពីប្ដី បន្ទាប់មកស្រាប់តែឃើញអ្នកសុំទានកំពុងអង្គុយនៅជ្រុងម្ខាងផ្សារ ហើយបែរមុខមករកលោកចាង វិញរួចស្រែកដាក់ថា «ថ្ងៃណាមួយ បងឯងនឹងក្លាយជាអ្នកសុំទានដូចបុរសម្នាក់នោះ!» លោកចាង បានឮពាក្យរបស់ប្រពន្ធ រួចតបវិញថា «ខ្ញុំជឿថា អ្នកសុំទានម្នាក់នោះ គាត់មិនមានទម្លាប់ណាមួយទេក្នុងចំណោមទាំង៣ ប៉ុន្តែគាត់នៅតែក្លាយជាអ្នកសុំទាន! បើអូនមិនជឿ សន្យាគ្នាទៅ»។
យន់លី មិនស្ទាក់ស្ទើរ រួចក៏និយាយថា «អូខេយល់ព្រម! តើបងចង់ភ្នាល់ដាក់អ្វី?» លោកចាង «ប្រសិនបើអ្នកសុំទាននោះញៀននឹងទម្លាប់ទាំងបី ឬតែមួយក៏បាន ធ្វើឲ្យធ្លាក់ខ្លួនជាអ្នកសុំទាន បងនឹងសន្យានឹងបោះបង់ការជក់ ផឹក និងល្បែងទាំងនេះចោលជារៀងរហូត»។ ហើយប្រសិនបើអ្នកសុំទានធ្លាក់ខ្លួន មិនមែនដោយសារទម្លាប់ទាំងនេះទេ អូនត្រូវឈប់រំខាន ឬស្ដីបន្ទោសបងចំពោះទម្លាប់ទាំងនេះម្ដងទៀត។
អ្នកស្រីហាក់មានទំនុកចិត្តខ្ពស់ថា អ្នកសុំទានយ៉ាងហោចណាស់ក៏មានទម្លាប់មួយក្នុងចំណោមទាំង ៣ដែរ បើមិនបានទាំងអស់ទេនោះ មុនក្លាយជាអ្នកសុំទាន។ អ្នកស្រីបានយល់ព្រម រួចក៏ធ្វើខសន្យាភ្លាមមិនបង្អង់យូរ។ បន្តិចក្រោយមក អ្នកទាំងពីរបានដើរដល់កន្លែងអ្នកសុំទាន ហើយលោកចាង ក៏ធ្វើពើជាមិនធ្លាប់ស្គាល់អ្នកសុំទាន ហើយចាប់ផ្ដើមសួរថា «តើលោកមានជក់បារី ផឹកស្រា ឬលេងល្បែងទេ បានជាធ្វើឲ្យលោកធ្លាក់ខ្លួនជាអ្នកសុំទានដូច្នេះ?»
ពេលបានឮសំណួររបស់លោកចាង អ្នកសុំទានបានងាកមើលលោកចាង រួចនិយាយថា «បាទ ឪពុកខ្ញុំធ្លាប់ជាអ្នកជំនួញ ហើយគ្រួសារខ្ញុំពេលនោះមានរោងចក្រចំនួន ២ និងផ្សារទំនើប១។ កាលនោះ ខ្ញុំជាអ្នកមានម្នាក់ ហើយខ្ញុំមិនដែលស្គាល់ភាពក្រីក្រយ៉ាងម៉េចទេ។ តែជាអកុសល ឪពុកខ្ញុំបានគាំងបេះដូង និងលាចាកលោកតែម្ដង។ ខ្ញុំបានទទួលមរតកពីគាត់ជាជំនួញទាំងអស់។ ដំបូងអ្វីៗបានដើរទៅមុខយ៉ាងរលូន ប៉ុន្តែខ្ញុំបែរជាមានទម្លាប់អាក្រក់ញៀននឹងការជក់បារី ផឹកស្រា និងលេងល្បែង»។
ខ្ញុំបានបាត់បង់ទ្រព្យសម្បត្តិមានរោងចក្រពីរកន្លែង ផ្សារទំនើបមួយភាគច្រើនដោយសារចាញ់ល្បែង រហូតធ្លាក់ខ្លួនដើរសុំទានតាមផ្សារ»។ ចំណែកលោកចាង ប្រែជាស្រឡាំងកាំងក្រោយអ្នកសុំទានក្បត់ពាក្យសន្យាដូចអ្វីដែលបាននិយាយគ្នាពីមុន។ ការមិនធ្វើតាមលោកចាង ព្រោះអ្នកសុំទានបានទទួលសញ្ញាមួយផ្ដល់លុយពីអ្នកស្រី យន់លី ចំនួន ៥០០ដុល្លារឲ្យនិយាយការពិត។ នៅថ្ងៃបន្ទាប់ លោក ចាង ពិតជាមិនអាចទប់កំហឹងបាន ដូច្នេះគាត់សម្រេចចិត្តដើរស្វែងរកអ្នកសុំទានក្នុងគោលបំណងវាយអ្នកសុំទានដែលមិនបានធ្វើតាមអ្វីដែលខ្លួនប្រាប់។
មិនយូរប៉ុន្មាន លោកចាង ពិតជាបានជួបអ្នកសុំទានដដែលមែន ប៉ុន្តែអ្នកសុំទាននោះហាក់មិនភ្ញាក់ផ្អើលអ្វីទាំងអស់។ អ្នកសុំទានបានស្ទុះក្រោក ហើយយកលុយ ១០០ដុល្លារពីហោប៉ៅខ្លួនហុចឲ្យលោកចាង វិញ។ សកម្មភាពរបស់អ្នកសុំទានបែបនេះ ធ្វើឲ្យលោកចាងភ្ញាក់ផ្អើលមួយរំពេច។ គាត់ចាប់ផ្ដើមសម្លឹងមើលក្រដាស ១០០ដុល្លារទាំងជ្រួញចិញ្ចើម និងមិនអស់ចិត្តពេលឃើញអ្នកសុំទានបង្ហាញអាកប្បកិរិយាមិនចង់បានលុយ។
អ្នកសុំទាននិយាយថា «ខ្ញុំដឹងថា លោកប្រាកដជាមករកខ្ញុំម្ដងទៀត។ សូមអត់ទោសឲ្យខ្ញុំផង ដែលខ្ញុំបានកុហកលោកកាលពីជួបគ្នាថ្ងៃដំបូង ប៉ុន្តែការរៀបរាប់ម្សិលមិញគឺជារឿងរ៉ាវពិតដែលបានកើតចំពោះខ្ញុំ។ ទម្លាប់អាក្រក់ទាំងនេះ ពិតជានាំយើងក្លាយជាមនុស្សបរាជ័យ ឬមិនរីកចម្រើនពិតមែន! សូមជឿខ្ញុំទៅ ខ្ញុំក្លាយជាអ្នកសុំទាន ដោយសារញៀនស្រា ជក់ និងល្បែងប្រាកដមែន។ សូមលោកចៀសឲ្យឆ្ងាយពីវា បើមិនចង់ធ្លាក់ខ្លួនដល់ចំណុចសូន្យដូចខ្ញុំ»។
បន្ទាប់ពីស្ដាប់រឿងរ៉ាវរបស់អ្នកសុំទានពីដើមដល់ចប់ លោកចាង ប្រែជាអរគុណអ្នកសុំទានចំពោះដំបូន្មាន រួចទាញ ៥០០ដុល្លារឲ្យអ្នកសុំទានបន្ថែមទៀត។ ក្រោយមក លោកចាង សម្រេចកែប្រែទម្លាប់អាក្រក់ឈប់ប្រព្រឹត្ត រួចចាប់ផ្ដើមប្រឹងប្រែងធ្វើការវិញ ព្រោះមិនឲ្យជំនួញបាត់បង់ និងជាការគោរពតាមសន្យាជាមួយភរិយាផង។ ការងាកមករកផ្លូវត្រឹមត្រូវ បោះបង់ទម្លាប់អាក្រក់នានា បានរុញច្រានឲ្យជំនួញរបស់គាត់កាន់តែរីកចម្រើន និងភរិយារបស់គាត់ក៏កាន់តែស្រលាញ់ទ្វេរឡើង៕
ប្រភពពី freshnews