យោធា មីយ៉ាន់ម៉ា ប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន រយៈពេលមួយឆ្នាំ បន្ទាប់ពីចាប់ខ្លួនលោកស្រី ស៊ូជី…​​​​(មានវីដេអូ)

(យ៉ាងហ្គន)៖ យោធាមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃចន្ទនេះ ប្រកាសដាក់ប្រទេសទាំងមូលក្នុងគ្រាមានអាសន្នរយៈពេលមួយឆ្នាំ បន្ទាប់ពីលោកស្រី អោង សាន ស៊ូជី ត្រូវបានចាប់ ឃុំខ្លួននៅក្នុងផ្ទះ ដោយយោធា ដែលគេមើលឃើញថាទង្វើបែបនេះគឺជា «រដ្ឋប្រហារ»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន យោធាមីយ៉ាន់ម៉ា ក៏ប្រកាសដែរថា អនុប្រធានាធិបតី U Myint Swe ដែលត្រូវបានជ្រើសតាំងដោយយោធា នឹងឡើងកាន់តំណែងជា ប្រធានាធិបតីបណ្ដោះអាសន្ន។ ការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ននេះ ធ្វើឡើងក្រោយអ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ NLD បានឱ្យដឹងនៅព្រឹក ថ្ងៃចន្ទនេះថា ទីប្រឹក្សារដ្ឋ លោកស្រី អោង សាន ស៊ូជី និងលោកប្រធានាធិបតី Win Myint ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត នៃគណបក្ស NLD ត្រូវបានយោធាចាប់ និងឃុំខ្លួន។

បច្ចុប្បន្ន យោធាមីយ៉ាន់ម៉ា កំពុងគ្រប់គ្រងស្ថានការណ៍ ហើយកងទ័ពជាច្រើនត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវ ក្នុងរដ្ឋធានីណៃពិដោរ និងទីក្រុង យ៉ាងហ្គន។ ចំណែកឯ បណ្ដាញទូរស័ព្ទ, អ៉ិនធើណិត, និងប្រព័ន្ធទំនាក់ទំនងនានា នៅក្នុងរដ្ឋធានី ក៏ដូចជានៅតាមទីក្រុងធំៗ ក៏ត្រូវបានកាត់ផ្ដាច់ផងដែរ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា អះអាងថា វាបណ្ដាលមកពីបញ្ហាបច្ចេកទេស។

គួរបញ្ជាក់ថា ការចាប់ខ្លួនលោកស្រី ស៊ូជី និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោកស្រី កើតមានឡើងចំពេលសភាជាតិមីយ៉ាន់ម៉ា ត្រូវបើកសម័យប្រជុំដំបូង នៅព្រឹកថ្ងៃចន្ទ នេះ ក្រោយការបោះឆ្នោតសកលកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបង្ហាញថាគណបក្សលោកស្រីស៊ូជី ជាអ្នកទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។ គណៈកម្មាការជាតិ រៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា បាននិយាយថាការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌ ហើយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក៏បានជំរុញឱ្យយោធា ទទួលស្គាល់លទ្ធផលបោះឆ្នោតនេះដែរ។ ប៉ុន្តែ យោធាមីយ៉ាន់ម៉ា បានចោទថាការបោះឆ្នោតនេះត្រូវបានលួចបន្លំ ជាមួយការព្រមានថានឹងចាត់វិធានការឆ្លើយតប៕

Leave a Reply

Your email address will not be published. Required fields are marked *