ងាយទេ បងប្អូន!!! ការ​កាត់​ប្លង់ដី​ផ្ទេរ​កម្មសិទ្ធិ​ពី​ម្ចាស់​ដើម​មក​អ្នកទិញ ​ដោយ​មិន​ចំណាយ​លុយ​ច្រើន

ភ្នំ​ពេញៈ​ រាល់​ការទិញ​ដីធ្លី​ ភាគច្រើន​តែង​មាន​ភាពស៊ាំ​ញាំ​ ទៅលើ​ការរៀបចំ​ឯកសារ​ ដើម្បី​រត់ការ​កាត់​ប្លង់​ផ្ទេរ​ឈ្មោះ​ពី​ម្ចាស់​ដើម​ មក​ឈ្មោះ​អ្នកទិញ​ធ្វើជា​កម្មសិទ្ធិ​ជាពិសេស​ចំពោះ​អ្នក​ ដែល​មានការ​យល់ដឹង​ពី​ការ​រត់ការ​មិន​ច្បាស់លាស់​។ជា​ជំនួយស្មារតី​ គេហទំព័រ​ យើង សូម​លើកយក​នីតិវិធី​មួយចំនួន​មក​បង្ហាញ​ ដែល​អាច​មានប្រសិទ្ធភាព​ និង​ចំណាយ​លុយ​តិច​។

ករណីនេះ​ អាច​ប្រព្រឹត្តទៅ​បានតែ​ចំពោះ​ ប្តី​-ប្រពន្ធ​ ជា​ម្ចាស់ដី​ ដែល​មានជីវិត​រស់នៅ​តែប៉ុណ្ណោះ​។ ចំពោះ​ដំណើរការ​វិញ​ គឺ​មាន​ដូចតទៅ​ ទី​ ១.អ្នកទិញ​ត្រូវ​នាំ​ម្ចាស់ដី​ដើម​ទាំង​ប្តី​ប្រពន្ធ​ និង​សាក្សី​ម្នាក់​ ដោយ​ភ្ជាប់​ជាមួយ​ (ប្លង់ដី​ច្បាប់ដើម​ អត្តសញ្ញាណ​ប័ណ្ណ​ ឬសំបុត្រ​កំណើត​ និង​សៀវភៅ​គ្រួសារ​ថតចម្លង​ ​រួម​ទាំង​អត្តសញ្ញាណ​ប័ណ្ណ​អ្នកទិញ​ ទៅ​ទីស្នាក់ការ​សុរិយោដី​ស្រុក​ ដើម្បី​បំពេញ​លិខិត​លក់​ផ្តាច់​ ឯកសារ​ផ្ទេរសិទ្ធិ​ រួច​ផ្តិត​មេដៃ​យល់ព្រម​ទាំងអស់គ្នា​។ បុគ្គលិក​សុរិយោដី​ស្រុក​ ជា​អ្នក​បំពេញ​លើ​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់​នេះ​។

ទី២​ ក្រោយពី​បំពេញ​លើ​លិខិត​លក់​ផ្តាច់​ ឯកសារ​ផ្ទេរសិទ្ធិ​ និង​ផ្តិត​មេដៃ​ ចំពោះមុខ​បុ​ក្គ​លិក​សុរិយោ​ដៃ​រួច​។ បន្ទាប់មក​ម្ចាស់ដី​ ឬអ្នកទិញ​ត្រូវ​យក​លិខិត​លក់​ផ្តាច់​ ប្លង់ដី​ច្បាប់ដើម​ និង​ឯកសារ​ផ្ទេរសិទ្ធិ​ ទៅ​ជួប​មេភូមិ​ដើម្បី​សុំ​ហត្ថលេខា​ពី​គាត់​ រួច​យក​ជួប​មេឃុំ​ ដើម្បី​សុំ​ហត្ថលេខា​ បោះត្រា​ (មេភូមិ​ និង​មេឃុំ​មាន​សិទ្ធិ​ហត្ថលេខា​ និង​បោះត្រា​តែ​លើ​លិខិត​ផ្ទេរសិទ្ធិ​ប៉ុណ្ណោះ​ ហើយ​លោកអ្នក​អាច​ជូន​ប្រាក់​ ដល់​ពួកគាត់​ខ្លះទៅ​តាម​សន្តាន​ចិត្ត​ នេះ​មិនមែន​ជា​អំពើពុករលួយ​នោះ​ទេ​)។

បន្ទាប់មក​ទៀត​ត្រូវ​យក​លិខិត​លក់​ផ្តាច់​ ប្លង់ដី​ច្បាប់ដើម​ និង​ឯកសារ​ផ្ទេរសិទ្ធិ​ទៅ​ប្រគល់​ជូន​ប្រធាន​មន្ទី​សុរិយោដី​ស្រុក​វិញ​ ដើម្បី​ហត្ថលេខា​សម្រេច​ និង​បោះត្រា​បញ្ចប់​ការផ្ទេរ​សិទ្ធិ​ត្រឹម​ស្រុក​។ តម្លៃ​សេវា​សុរិយោដី​ស្រុក​គឺ​ចំនួន២០ម៉ឺន​រៀល​ ក្នុង​ដី​មួយ​ប្លង់​ទោះបី​ធំ​ឬតូច​ប៉ុណ្ណា​ក៏ដោយ​ ដែល​ជា​ប្រភេទ​ដី​កសិកម្ម​។

ត្រឹម​ដំណាក់កាល​នេះ​ អាច​ជា​ដំណាក់កាល៥០​% នៃ​ដំណើរការ​ផ្ទេរសិទ្ធិ​ ប៉ុន្តែ​ប្លង់ដី​ដដែល​ គឺ​នៅតែ​ជាប់​ឈ្មោះ​ម្ចាស់ដី​ដើម​នៅឡើយ​ តែ​គ្រាន់តែ​មាន​លិខិត​ផ្ទេរសិទ្ធិ​ និង​លក់​ផ្តាច់​អម​ជាមួយ​ ដោយ​ស្របច្បាប់​មានន័យ​អំណះអំណាង​ថា​ អ្នក​បាន​ទិញ​រួចហើយ​។ អ្នក​អាច​បន្តដំណើរ​ការ​កាត់​ប្លង់ដី​មក​ជា​ឈ្មោះ​អ្នក​ ដោយ​បន្ត​ដំណាក់កាល​តទៅមុខ​ទៀត​ដូចតទៅ​៖

ចំពោះ​ដំណាក់កាល​ចុងក្រោយ​ ប្រសិនបើ​អ្នក​ចង់បាន​ឈ្មោះ​នៅ​លើ​ប្លង់ដី​ ដែល​អ្នក​បាន​ទិញ​ពី​ម្ចាស់​ដើម​ ដោយ​ប្តូរ​ឈ្មោះ​កម្មសិទ្ធិ​ពី​ម្ចាស់​ដើម​ មក​ជា​ឈ្មោះ​អ្នក​វិញ​ គឹ​ត្រូវ​អនុវត្ត​ដូច​ខាងក្រោម​៖ គឺ​ម្ចាស់ដី​ ឬក៏​ជា​អ្នកទិញ​ ត្រូវ​យក​លិខិត​លក់​ផ្តាច់​ ប្លង់ដី​ច្បាប់ដើម​ និង​ឯកសារ​ផ្ទេរសិទ្ធិ​ ដែល​បាន​ធ្វើរួចរាល់​ពី​មន្ទី​សុរិយោដី​ស្រុក​ យក​ទៅ​កាន់​មន្ទី​សុរិយោដី​ខេត្ត​ដើម្បី​ត្រួតពិនិត្យ​ឡើងវិញ​ និង​បោះត្រា​បញ្ជាក់​ថា​មាន​ឯកសារ​បញ្ជាក់​លិខិតស្នាម​គ្រប់គ្រាន់​ និង​អនុវត្ត​គ្រប់​តាម​នីតិវិធី​។

​រួច​ត្រូវ​យក​លិខិត​លក់​ផ្តាច់​ ប្លង់ដី​ច្បាប់ដើម​ និង​ឯកសារ​ផ្ទេរសិទ្ធិ​ទៅ​បង់ពន្ធ​ប្រថាប់ត្រា​ប្រាក់៤​% នៃ​តម្លៃ​ដី​តាមច្បាប់​កំណត់​នៅ​ឯអគ្គ​នាយដ្ឋាន​ពន្ធ​ដា​ខេត្ត​ ដោយ​រង់ចាំ​រយៈពេល​មួយ​ខែ​ ដើម្បី​វាយតម្លៃ​ដី​ក្នុង​តំបន់​។ បន្ទាប់ពី​វាយ​តំលៃ​ដី​ និង​គណនា​ពន្ធ​ប្រថាប់ត្រា​រួច​ ខាង​អគ្គ​នាយដ្ឋាន​ពន្ធ​ដា​ខេត្ត​ នឹង​ទាក់ទង​ទៅ​ម្ចាស់ដី​ ឬអ្នកទិញ​ដើម្បី​មក​បង​ពន្ធ​ប្រថាប់ត្រា៤​% រួច​ដក​យក​លិខិត​លក់​ផ្តាច់​ ប្លង់ដី​ច្បាប់ដើម​ និង​ឯកសារ​ផ្ទេរសិទ្ធិ​ត្រលប់​មកវិញ​។

​បន្ទាប់ពី​បាន​បង់ពន្ធ​ប្រថាប់ត្រា​រួច​ ម្ចាស់ដី​ឬអ្នកទិញ​ត្រូវ​យក​លិខិត​លក់​ផ្តាច់​ ប្លង់ដី​ច្បាប់ដើម​ និង​លិខិត​ផ្ទេរសិទ្ធិ​នោះ​ទៅ​មន្ទី​សុរិយោដី​ខេត្ត​វិញ​ ដើម្បី​ចុះហត្ថលេខា​ និង​បោះ​មក​ត្រាស​ម្រេច​ដោយ​ជោគជ័យ​ ពី​ប្លង់ដី​ឈ្មោះ​ម្ចាស់​ដើម​ មក​ឈ្មោះ​អ្នកទិញ​ ដោយ​បង់ថ្លៃ​សេវា​ចំនួន២០ម៉ឺន​រៀល​ ដើម្បី​ចេញ​ជា​ប្លង់ដី​ថ្មី​ ជា​ឈ្មោះ​កម្មសិទ្ធិ​របស់​អ្នកទិញ​។ រយៈពេល​ទទួល​បាន​ប្លង់​ថ្មី​អាច​ចន្លោះ​ពី​បី​ខែ​ទៅ៦ខែ​៕

ប្រភព៖ propertyarea

Leave a Reply

Your email address will not be published. Required fields are marked *