កូនខ្មែរគប្បីដឹង!!! អំពីផ្ការំដួល ជាផ្កាតំណាងអត្តសញ្ញាណរបស់ជាតិខ្មែរ

ប្រទេសកម្ពុជាបានកំណត់យក រំដួលធ្វើជាផ្កាតំណាង អត្តសញ្ញាណរបស់ជាតិ តាមព្រះរាជក្រិត្យ ចុះថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០០៥ ។ ការសម្រេចយករំដួលជាផ្កានិមិត្តរូប សម្រាប់ប្រជាជាតិរបស់ខ្លួន នោះ ក៏ដោយសារតែផ្ការំដួល មាន ក្លិនពិដោរ ក្រអូបឈ្ងុយឈ្ងប់គួរជាទីទាក់ទាញ អារម្មណ៍ របស់មហាជនទូទៅ និងផ្តល់នូវអត្ថប្រយោជន៍ច្រើនផងដែរ នៅក្នុងសង្គមខ្មែរ។

ខ្មែរយើងពី បុរាណកាលបាននិយមប្រើប្រាស់ផ្ការំដួល ធ្វើជា ជា គ្រឿងផ្សំផលិតជាក្រមួនលាបមាត់របស់នារីដោយ សារតែ ក្លិនរបស់វា មានលក្ខណៈក្រអូបឈ្ងុយខុសប្លែកពីផ្កា ដទៃ ។ ទន្ទឹមនោះរំដួលមានគុណប្រយោជន៍ខាងឱសថបុរាណ ក្នុងការ កែរោគ ដូចជាសំបកអាចឆ្នៃធ្វើជាឱសថសម្រាប់ព្យាបាលអាការៈក្តៅខ្លួនផ្កាអាចយកទៅធ្វើជាថ្នាំបំបាត់អាការៈវិលមុខខ្យល់គរ ជាឱសថជំនួយបេះដូងជំនួយឈាម ។ កេសររបស់រំដួលអាចផ្សំជាឱសថជំនួយកម្លាំងជំនួយឈាមនិងជួយបំបាត់អាការៈ វិលមុខនិងខ្យល់គរ។

ក្រៅពីនេះ ដើមរបស់រំដួលអាចធ្វើ ការកែច្នៃប្រើប្រាស់ ជា គ្រឿងសំណង់ បន្ទាប់បន្សំនិង ធ្វើជាអុសសម្រាប់ដុត។ មិនតែ ប៉ុណ្ណោះនៅ រដូវ ផ្លែរំដួលទុំប្រជាជនដែលរស់នៅ ក្បែរព្រៃតែងតែបេះ ផ្លែរំដួល យកមក លក់នៅលើទីផ្សារ ដើម្បី ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនផងដែរ ។

រំដួល គឺជា ឈ្មោះភាសាជាតិ និង មានឈ្មោះវិទ្យាសាស្ត្រ ថា Mitrellamesnyi ។ រំដួលមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ជាប្រភេទរុក្ខជាតិដែលមានកម្ពស់ពី ៨ ទៅ ១២ ម៉ែត្រ ។ ដើម របស់រំដួលមានសំបកពណ៌ត្នោត – លឿង ចំណែកស្លឹកជាប្រភេទស្លឹកទាលដុះឆ្លាស់គ្មានខ្នាយស្ទប ។ ទម្រង់ បន្ទះ ស្លឹក រាងទ្រវែងមានទំហំ២ ទៅ ៤ គុណ នឹង ៦ ទៅ ១០ សង់ទីម៉ែត្រ ។ ផ្ការំដួលមានពណ៌លឿង – ស មានក្លិនពិដោរ ក្រអូបសាយបានឆ្ងាយ ។ ផ្ការំដួលចោល ក្លិននៅពេលរសៀលនិងពេលយប់ ។ ផ្លែរបស់រំដួលមានលក្ខណៈជាចង្កោមនៅពេលវាទុំមានពណ៌ ក្រហមក្រម៉ៅ អាចបរិភោគបាន។

ចំណាត់ថ្នាក់ ជីវសាស្ត្ររបស់ រំដួល គឺស្ថិតក្នុង លំដាប់ Magnoliales អំបូរ Annonaceae ពពួក Mitrella និង ឋិត ក្នុង ប្រភេទ M.mesnyi ។ រំដួល គឺជារុក្ខជាតិ ដែល ឃើញ មាន ដុះ លូតលាស់ដោយធម្មជាតិស្ទើរគ្រប់ ទីកន្លែង នៅក្នុង ប្រទេសកម្ពុជា ដោយរុក្ខជាតិ មួយ នេះ ចាប់ផ្តើមផ្កា ពី ខែធ្នូ – មីនា ។ រំដួលត្រូវបានប្រជាជនខ្មែរយើង និយម យកមក ដាំ លំអរនៅតាមគេហដ្ឋាននិងសួន សាធារណៈ ។

ចាស់បុរាណ ខ្មែរតែងតែ ធ្វើការប្រដូចស្រី ក្រមុំទៅនឹង ផ្ការំដួល ក៏ ព្រោះតែផ្ការំដួលមាន រូបរាង ស្រស់ស្អាត និង មាន ក្លិនពិដោរ ក្រអូបឈ្ងុយឈ្ងប់គួរជាទីទាក់ទាញ អារម្មណ៍របស់មហាជនទូទៅ ។ ក្រៅពីប្រដូចផ្ការំដួល ទៅនឹង នារីខ្មែរតាមរយៈក្លិននោះក្នុងនោះ ផ្ការំដួលក៏ត្រូវ បាន កវីនិពន្ធខ្មែរមួយចំនួន បានធ្វើការអត្ថាធិប្បាយរៀបរាប់ ពី សម្រស់ល្អគន់ និង គុណសម្បត្តិ របស់ផ្ការំដួលតាមរយៈ អត្ថន័យ នៃ បទចម្រៀងផងដែរ។

បច្ចុប្បន្ន ដើមផ្ការំដួល គេអាចរកមើលបាននៅតាម សួនច្បារ មួយចំនួនក្នុងប្រទេសកម្ពុជា ។ ក្រៅពី យក ផ្ការំដួលតំណាងអោយ ប្រទេសកម្ពុជាហើយនោះខាង មន្ទីរ កសិកម្មក៏បាន យកផ្កានេះតំណាងអោយវិស័យ កសិកម្មផងដែរ ។ដូច្នេះប្រជាជន ខ្មែរគ្រប់រូប ពិសេស យុវវ័យ ខ្មែរ ទាំងអស់ចូរចងចាំ និង ធ្វើខ្លួនអោយមាន ក្លិនក្រអូប និង ស្រស់ស្អាតដូចជា ផ្ការំដួលដែលតំណាងអោយ ប្រទេសក៏ដូចជាខ្លួនផ្ទាល់៕

Leave a Reply

Your email address will not be published. Required fields are marked *