សំណាងពិតជាមើលមិនឃើញមែន! ប្រទះឃើញកំណប់មហាសាល ក្លាយជាសេដ្ឋីមួយរំពេច

បរទេស៖ នេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាង អ្នកជំនាញការស្វែងរកលោហធាតុពីរនាក់ បានរកឃើញកំណប់កាក់មួយកន្លែងដែលមានតម្លៃ១៦លានដុល្លារ ដែលត្រូវបានកប់នៅក្រោមវាលមួយនៅប្រទេសអង់គ្លេស បន្ទាប់ពីបានរុករកអស់រយៈពេល ៣០ឆ្នាំ។ នេះជាកំណប់កាក់មួយដែលត្រូវបានគេជឿថា ជាកំណប់កាក់ធំបំផុត ចាប់តាំងពីជំនាន់ប្រើប្រាស់ដែក ដែលធ្លាប់ត្រូវ​បានគេរកឃើញនៅអ៊ឺរ៉ុប។

Reg Mead និង Richard Miles បានចំណាយពេលជាច្រើនឆ្នាំ ដើម្បីស្វែងរកនៅវាលមួយនៅលើ កោះ Jersey ​របស់អង់គ្លេស បន្ទាប់ពីបានឮគេនិយាយថា មានបុរសម្នាក់បានប្រទះឃើញកាក់ធ្វើពីប្រាក់ នៅពេលដែលគាត់ធ្វើការនៅទីនោះ។ចុងក្រោយ ពួកគេក៏បានរកឃើញកំណប់មួយដែលមានកាក់ Celtic បុរាណ ចំនួនពី ៣០,០០០ទៅ ៥០,០០០កាក់ មានទម្ងន់ ប្រហែល ៣/៤តោន ដែលមានអាយុកាល ពីទសវត្សទី ១ មុនគ្រិស្ដសករាជ។

គេបានប៉ាន់ស្មានថា កំណប់នេះត្រូវបានគេកប់តាំងពី ២,០០០ឆ្នាំមុន។ Neil Mahrer បុគ្គលិកនៅសារមន្ទីរបេតិកភ័ណ្ឌ Jersey អ្នកដែលបានជួយគាស់កំណប់នេះ បានថ្លែងថា វាជាកំណប់កាក់ Celtic ធំបំផុតមិនធ្លាប់រកឃើញពីមុនមក។

ក្រុមអ្នកជំនាញការបានអោយដឹងថា កំណប់នេះគឺជារបស់កុល សម្ព័ន្ធមួយដែលមានឈ្មោះថា Coriosolitae ជាអ្នករស់នៅក្នុងតំបន់ St Malo និង Dinan ដែលបច្ចុប្បន្នស្ថិតក្នុងប្រទេស បារាំង។ គួររំឭកថា មុននេះ កំណប់កាក់ Celtic មួយចំនួនធ្លាប់ត្រូវបានគេរកឃើញនៅ Jersey ក្នុងនោះកំណប់ធំបំផុតគឺ កំណប់កាក់ ដែលត្រូវបានគេរកឃើញនៅ La Marquanderie ប្រទេសបារាំងកាលពីឆ្នាំ ១៩៣៥ ដោយមានកាក់ជាង ១១,០០០៕

Leave a Reply

Your email address will not be published. Required fields are marked *