ប្រវត្តិដ៏អស្ចារ្យរបស់ «លោកតារាជ» ដែលពួកចោរមិនអាចលួចយកព្រះអង្គទៅបាន!

សៀមរាប៖ ប្រជាជនខ្មែរភាគច្រើនច្បាស់ជាស្គាល់ឈ្មោះ លោក​ «តារាជ» ឬ «ព្រះអង្គរាជ» ដែលជាចម្លាក់ទេពតំណាងឱ្យព្រះវិស្ណុ នៃព្រហ្មញ្ញសាសនា ដែលមានព្រះហស្ថ ៨ រចនាបថបាយ័ន កម្ពស់ជិត៤ម៉ែត្រ ឆ្លាក់ពីថ្មមួយដុំ តម្កល់ទុកនៅច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត។

ភាពល្បីល្បាញនៃឫទ្ធានុភាពដ៏អស្ចារ្យនៃអាទិទេពអង្គនេះ ត្រូវបានព្រះមហាក្សត្រខ្មែរ និងប្រជាជនខ្មែរតាំងពីបុរាណ រហូតដល់បច្ចុប្បន្នគោរពបូជា មានជំនឿជាក់មុតមាំនឹងភាពស័ក្តិសិទ្ធិរបស់ព្រះអង្គ ហើយចាត់ទុកជាស្តេចទេពដ៏ខ្ពង់ខ្ពស់បំផុត ដែលថែរក្សាប្រាសាទអង្គរវត្តរហូតដល់សព្វថ្ងៃ។

បើទោះបីជាមានអាយុរាប់រយឆ្នាំ ឆ្លងកាត់ច្រើនសម័យកាលនៃប្រទេសជាតិ ក៏បដិមា «តារាជ» នៅតែបង្ហាញរូបរាងមាំទាំ និងពេញដោយតេជៈបារមី។ ទេពអង្គនេះ ក៏ធ្លាប់បានទទួលការជួសជុលជាច្រើនដងពីសំណាក់អ្នកជំនាញជាតិ និងអន្តរជាតិ ដែលរងគ្រោះដោយកត្តាធម្មជាតិនៃអាយុកាលរបស់ខ្លួន សង្គ្រាមស៊ីវិល និងការយារយីពីពួកឈ្មួញទុច្ចរិតប៉ងកាត់ព្រះកេសយកទៅជួញដូរដ៏គួរឱ្យខ្លោចផ្សារ។

គួរឲ្យដឹងថានៅឆ្នាំ១៩៨៥ ព្រះកេសរបស់លោកតារាជ ត្រូវបានជនទុច្ចរិតមួយក្រុមប៉ុនប៉ងអារផ្តាច់ក្នុងបំណងជួញដូរ តែមិនបានសម្រេច ដោយសារពួកវាត្រូវចំនាយពេលកាត់យូរពេក ពោលគឺចាប់តាំងពីយប់រហូតដល់ព្រឹក។ ពេលកាត់បានសម្រេចហើយនោះ ពួកវាមិនអាចយកទៅបានឡើយ ព្រោះមេឃភ្លឺទៅហើយ ក៏ទុកចោលនៅជិត ព្រះបាទរបស់ទ្រង់។ នោះឆ្លុះបញ្ជាំងឱ្យឃើញថាឫទ្ធានុភាពរបស់ទ្រង់ពិតជាអស្ចារ្យខ្លាំងណាស់។

បន្ទាប់មកព្រះកេសរបស់ទ្រង់ត្រូវបានរក្សាទុកក្នុង អភិរក្សដ្ឋានអង្គរខេត្តសៀមរាបបណ្តោះអាសន្ន ដោយសារគ្រានោះមិនទាន់មានសុវត្ថិភាពពេញលេញទើប អាជ្ញាធរ និងសមត្ថកិច្ច ដង្ហែព្រះកេសរបស់លោកតារាជទៅ តម្កល់ទុកនៅជាន់ក្រោម ព្រះទីនាំងវិនិច្ឆ័យក្នុង ព្រះបរមរាជវាំង ក្នុងឆ្នាំ ១៩៩៣។ ក្រោយមកបានយកទៅរក្សាទុកក្នុង សារៈមន្ទីរជាតិភ្នំពេញ ហើយក្រោយមកទៀត ដោយសារគេគិតថាជា លោកតារាជ ជាព្រះអទិទេពដ៏មានបារមីស័ក្តិសិទ្ធិ ដែលប្រជាជនខ្មែរពេញនគរគោរពបូជា ទើបអាជ្ញាធរសម្រេចដង្ហែលោកតារាជ មកកាន់ទឹកដីដើមកំណើតក្រុងអង្គរវិញ ក្នុងថ្ងៃទី ៧ ខែ កុម្ភះ ឆ្នាំ២០០៤៕

ប្រភព៖ ទំព័ររឿងបូរាណ

Leave a Reply

Your email address will not be published. Required fields are marked *