កុំតែខ្ជិលមិនចេះក្រទេ! កសិករខ្មែរម្នាក់ ខឹងរឿងក្រ មកដាំបន្លែលក់ ឥឡូវមានបានខ្លាំង ស៊ែរបន្តផង
ភាពជោគជ័យស្ដែងចេញពីការតស៊ូព្យាយាម អំណត់អត់ធ្មត់មិនរាថយ តែងតែទទួលបានជោគជ័យក្នុងជីវិត ។ ជាក់ស្ដែងកសិករម្នាក់ឈ្មោះ រស់ ម៉ៅ ពីមុនគាត់ជាអ្នកក្រលំ បាកតែឥឡូវបែរជាមានជីវភាពធូរធារ និង មានមុខមាត់ក្នុងសង្គម ព្រោះតែគាត់បានក្លាយទៅជាកសិករគំរូម្នាក់ ផ្នែកដាំដុះ និង ចិញ្ចឹមសត្វប្រកបដោយបទពិសោធន៍ខ្ពស់ ក្រោមគំនិតច្នៃប្រឌិតដ៏ឈ្លាសវៃឧស្សាហ៍ព្យាយាម ថែមទាំងបានក្លាយទៅជាគ្រូកសិកម្ម ដើរបង្រៀនគេគ្រប់ ២៤ ខេត្តក្រុងទៀតផង ។
កសិករវ័យ ៦០ឆ្នាំរូបនេះ មានប្រពន្ធឈ្មោះ ផែ ភាព អាយុ ៥៦ ឆ្នាំ មានកូន ៥ នាក់ សព្វថ្ងៃរស់នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។ កសិដ្ឋានកសិកម្មរបស់គាត់មានពីរកន្លែង មួយនៅ និង ផ្ទះមួយទៀតឃ្លាតពីគ្នាប្រមាណ ៣០០ ម៉ែត្រ ។ ផ្នែកដាំដុះក្នុងកសិដ្ឋានរបស់គាត់មានបន្លែ ចម្រុះច្រើនមុខដូចជាល្ហុង ត្រសក់ ប៉េងប៉ោះ ត្រប់ សណ្តែកកួរ ននោង ត្រឡាច ជីរ សាឡាដ ខាត់ណា និង ឆៃយ៉ាជាដើម ។
ចំពោះបច្ចេកទេសដាំដុះវិញ កសិករដ៏ចំណាននេះ មិនដាំផ្ទាល់ដីទេ ភាគច្រើនដាំដាក់ក្នុងបាវ ស្នោរ និង ដបទឹកក្រូចបដោយប្រើជីកំប៉ុស និង ថ្នាំសម្លាប់សត្វល្អិតផ្សំដោយខ្លួនឯងពីរុក្ខជាតិដែលផ្តល់ទិន្នផលខ្ពស់ជាង ។ ចំណែកឯការចិញ្ចឹមសត្វវិញ មានមាន់ ត្រីដាក់ស្បោងប្លាស្ទិក កង្កែប អន្ទង់ដាក់ពាង និង ជន្លេនជាដើម ដោយប្រើបច្ចេកទេសរួមផ្សំនឹងការច្នៃប្រឌិត ។
កសិកររស់ ម៉ៅ បានរៀបរាប់ឱ្យដឹងថា កម្រិតវប្បធម៌របស់គាត់ត្រឹមថ្នាក់ទី ១០ ហើយពីមុនគាត់គ្មានមុខរបរអ្វីក្រៅពីធ្វើស្រែឡើយ រីឯជីវភាពក្រីក្រលំបាក ។ លុះមកដល់ត្រឹម ឆ្នាំ ២០០១ គាត់ត្រូវខាងអង្គការសេដាក និង មន្ទីរកសិកម្មខេត្តជ្រើសរើសយកទៅរៀនមុខវិជ្ជាដាំដុះ និង ចិញ្ចឹមសត្វគ្រប់ប្រភេទ។នៅ ឆ្នាំ ២០០៣ គាត់ចាប់ផ្តើមអនុវត្តដោយដាំដំណាំ និង ចិញ្ចឹមមាន់ ត្រី អន្ទង់ និង ជន្លេនតាមបច្ចេកទេសដែលបានសិក្សាកន្លងមក ។ រយៈពេលបីឆ្នាំដំបូងគាត់ត្រូវបរាជ័យផ្ទួនៗ ស្ទើរតែអស់សង្ឃឹម តែដោយភាពអំណត់អត់ធន់ និង ការតស៊ូមិនរាថយ គាត់បានទទួលជោគជ័យវិញ នៅត្រឹមឆ្នាំ ២០០៦ រហូតមកដល់សព្វថ្ងៃនេះ ។
កសិករ រស់ ម៉ៅ សូមផ្តាំផ្ញើដល់កសិករផ្សេងទៀត ត្រូវចេះមានគំនិតដាំដុះបន្លែគ្រប់មុខដោយមិនប្រើថ្នាំសម្លាប់សត្វល្អិត និង ជីគីមីឡើយ វានាំប៉ះពាល់សុខភាព ហើយគួរនាំគ្នាងាកមកផលិតជីកំប៉ុស និង ថ្នាំសម្លាប់សត្វល្អិតដោយខ្លួនឯងវិញ ព្រោះមិនប៉ះពាល់សុខភាព និង កាត់បន្ថយការចំណាយខ្ពស់ផង ។បើបងប្អូនចង់មានមុខរបរដោយមិនចាំបាច់ចំណាកស្រុក ត្រូវតែដាំបន្លែ និង ចិញ្ចឹមសត្វគ្រប់ប្រភេទតាមបច្ចេកទេសកសិកម្ម ក៏អាចរកប្រាក់ចំណូលបានច្រើនធ្វើអោយជីវភាពធូរធារបានដែរ ៕