ប្រវត្តិ វត្តដំរីស ដែលមានអាយុកាល ១១៥ឆ្នាំ នៅក្រុងបាត់ដំបង!

វត្តដំរីស គឺជាអារាមមួយដែលមានវ័យចំណាស់ក្នុងចំណោមសំណង់បុរាណជាច្រើន ដែលមានអាយុកាលរាប់រយឆ្នាំនៅក្នុងខេត្តបាត់ដំបង។ វត្តដំរីស ស្ថិតនៅក្នុងទឹកដី ភូមិកម្មករ សង្កាត់ស្វាយប៉ោ ទល់មុខនឹងបញ្ជាការដ្ឋានកងរាជអាវុធខេត្ត និងឆៀងខាងត្បូង សាលាក្រុង បាត់ដំបង (អតីតផ្ទះរបស់លោកម្ចាស់ ប្រហែល ១គីឡូម៉ែត្រ)។ វត្តនេះមានឈ្មោះយ៉ាងពិរោះមួយទៀតហៅថា វត្តស្វេតឆត្រ័កុញ្ជរជ័យ។

ពាក្យ «ស្វេត» មានន័យថា ពណ៌ «ស», ចំណែកពាក្យ «ស្វេតឆត្រ័» ប្រហែលមានន័យថា «ឆត្រ័ ស»។ រីឯពាក្យថា «កុញ្ជរ» មានន័យថា «សត្វដំរី»។ បើប្រែឲ្យពិរោះទៅគឺ ស្វេតឆត្រ័កុញ្ជរជ័យ អាចមានន័យថា «ដំរី-សជ័យ»។ បើតាមឯកសាររបស់លោក តូច ឈួង វិញបាន​អះអាងថា ព្រះវិហារវត្តដំរីស បច្ចុប្បន្ននេះ ត្រូវបានកសាងឡើងដោយលោកស្រី អ៊ឹង ដែលជាលោកជំទាវធំរបស់លោក កថាថន ឈុំ។

បើតាមលោកតាអាចារ្យដែលរស់នៅក្នុងវត្តតាំងពីសង្គមរាស្រ្តនិយមមក បានតំណាលថា លោកម្ចាស់ កថាថន ជាអ្នកចូលចិត្តបាញ់សត្វ និង មានប្រពន្ធច្រើន។ ក្នុងចំណោមប្រពន្ធទាំងអស់ គាត់ស្រឡាញ់ចូលចិត្តប្រពន្ធចុងទី២ មានឈ្មោះអ្នកស្រី អ៊ឹង។ ដោយកើតទុក្ខនឹង​ប្តី​មាន​ប្រពន្ធច្រើន អ្នកស្រី អ៊ឹង មានជម្ងឺយ៉ាងធ្ងន់។ លោកម្ចាស់កថាថន បានខិតខំរកគ្រូពេទ្យបុរាណនិងសម័យ ព្យាបាលយ៉ាងណាក៍ពុំជាឡើយ។

ក្រោយមកអ្នកស្រីបានទៅបែរបន់ព្រះអង្គខ្មៅនៅវត្តកណ្តឹង ដោយនិយាយថា បើអ្នកស្រីជាពីជម្ងឺ​នឹងកសាង​ព្រះវិហារមួយខ្នង​នៅ​វត្តដំរីស​ថ្វាយ​។ បន្ទាប់មកអ្នកស្រីក៍ធូរស្បើយអំពីជម្ងឺនោះមែន ហើយអ្នកស្រីក៍បានឲ្យគេចាប់ផ្តើម​សាងសង់​ព្រះវិហារវត្តដំរីស​នេះឡើង​នៅឆ្នាំ​១៩០៤។ តែជាអកុសល្យអ្នកស្រីត្រូវស្លាប់បាត់បង់ជីវិតក្រោយពេលកសាងព្រះវិហារនេះរួច ហើយក៍ឲ្យគេយក​មកធ្វើបុណ្យបូជា​នៅមុខ​វត្ត​ដំរីសនេះផងដែរ។
  
ចំពោះក្រុមជាងស្ថាបនាព្រះវិហារវត្តដំរីស ឬវត្តស្វេតឆត្រ័កុញ្ជរជ័យ ដែលយើងកំពុងឃើញមកទល់នឹងសព្វថ្ងៃនេះ បើតាមឯកសារ​របស់​លោក តូច ឈួង បានអះអាងថា ជាងអ្នកទទួលការងាររៀបឥដ្ឋគឺ កុងតូ នៅភូមិដូនទាវ និងជាង ស្នា នៅមុខវត្តកំផែង។ ឯជាងខាង​ឆ្លាក់រូប​ស៊ីម៉ង់ត៍ ជារូបគ្រុឌ តោ ស្វា មនុស្ស យក្ស គឺជាង ញឹក នៅព្រែកតាតន់ និងជាង សឿន នៅភូមិចំការសំរោង។ ចំណែកជាងចម្លាក់ឈើវិញ គឺជាង អុន នៅក្បែរវត្តក្តាំងងារ ដែលថ្វីដៃឆ្លាក់របស់គាត់ បានស៊ីដាច់ជាងឆ្លាក់ឈើដទៃៗទៀតក្នុងសម័យនោះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺចម្លាក់ផុស (ចម្លាក់លោត) ដ៏រស់រវើកនៅតាមជើងជញ្ជាំង និងបង្អួចបញ្ឆោតរបស់ព្រះវិហារ គំនូរ​ដ៏​វិចិត្រនៅខាងលើជញ្ជាំងផ្នែកខាងក្រៅមួយជុំព្រះវិហារ ដែលយកពណ៌ធម្មជាតិពីរុក្ខជាតិមកគូរ ចម្លាក់សូន្យរូបសត្វសីហៈ ដែលឈរ​យាម​តាមរបងព័ទ្ធជុំវិញព្រះវិហារ! សត្វគ្រុឌ ដែលលើកដៃទាំងពីរទ្រចុងដំបូលព្រះវិហារ និងជាពិសេស គឺចម្លាក់ឈើ នៅលើហោជាង​ដំបូល​ព្រះវិហារ តែម្ដង។
 
ប្រភពពី ៖ spktliv

Leave a Reply

Your email address will not be published. Required fields are marked *