ពិតជាមានមោទនភាពជាតិណាស់!!! ទង់ជាតិខ្មែរលើកដំបូងបង្អស់ បង្ហាញនៅលើភ្នំដែលខ្ពស់បំផុតលើលោក

វាជារឿងមិនងាយស្រួលនោះទេ​ ដែលអាចឡេីង​ដល់កំពូលភ្នំ​អេវឺរ៉េស​ ដែលមានកំពស់ខ្ពស់ជាងគេនៅ​លេី​ពិភពលោក​នោះ ហើយអ្វីដែល​ភ្ញាក់ផ្អើល​នោះ ​គឺបុរស​ម្នាក់​ បានយក​ទង់ជាតិខ្មែរបង្ហាញនៅលើភ្នំ​មួយនេះទៀត។ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផ្លូវការរបស់​ Memoria Spa​ បានសរសេររៀបរាប់ថា៖ ទង់ជាតិខ្មែរលើកដំបូងបង្អស់បង្ហោះនៅលើភ្នំដែលខ្ពស់បំផុតលើលោក

Memoria Spa នៃ ក្រុមហ៊ុន Memoire Hotels & Resorts មានសេចក្កីសោមនស្សក្នុងការប្រកាសពីភាពជោគជ័យដ៏ធំធេងរបស់ប្រជាជនខ្មែរយើង ដែលតំណាងដោយលោក ម៉ី សុធាវុធបានឡើងភ្នំអេវឺរ៉េសរហូតដល់កំពស់ 5380ម៉ែត្រ បានសម្រេចជាស្ថាពរប្រកបដោយសុវត្ថិភាព។

ការឡើងភ្នំដែលមានកំពស់ខ្ពស់បែបនេះគឺប្រឈមមុខនឹងហានិភ័យជាច្រើនដូចជា កង្វះខ្យល់អុកស៊ីសែន ចលនាបេះដូងលោតខុសធម្មតា អាកាសធាតុដ៏ត្រជាក់ ជាពិសេសអាចធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត​គ្រប់ពេលទៀតផង។

ទោះបីមានបញ្ហាដូចរៀបរាប់ខាងលើក្តី ក៏លោក ម៉ី សុធាវុធដែលជាជនជាតិខ្មែរមួយរូបអាចពុះពារឡើងទៅដល់ទីដ៏ខ្ពស់ដើម្បីបញ្ជាក់ពីចំណេះ ជំនាញ និងសមត្ថភាព របស់គាត់ទាក់ទងទៅនឹង ការហាត់យូហ្គា (Yoga) ការសមាធិ (Meditation) ជំនាញក្នុងការដកដង្ហើម (Breathing techniques) ជំនាញស្តារសមត្ថភាពរាងកាយ (Phisical Restorative) និង ជំនាញបន្សាបជាតិពុល (Detoxification)។

ដោយសារតែការស្រលាញ់ជាតិ និងចង់ឱ្យប្រទេសរបស់ខ្លួនត្រូវបានគេស្គាល់កាន់តែច្រើននៅលើឆាក​អន្តរជាតិ ​បានជម្រុញទឹកចិត្តគាត់ចង់យកទង់ជាតិរបស់កម្ពុជាទៅបង្ហាញអោយពិភពលោកបានឃើញ និងបានយល់ដឹងថា​ ប្រជាជនកម្ពុជាពិតជាអស្ចារ្យ ទាំងផ្នែកវប្ប​ធម៌ និងអរីយធម៍ផងដែរ។

ទាំងនេះបានបង្ហាញឲ្យឃើញថា គោលបំណងធំៗ ចំនួនពីរដែល លោកម៉ី សុធាវុធ បានរំពឹងទុកកន្លងមកក្នុងការឡើងភ្នំប្រកបដោយគ្រោះថ្នាក់នេះ បានសម្រេចជាផ្លែផ្កា។ គោលបំណងទាំងពីរនេះរួមមាន៖ ទីមួយ គាត់ចង់បង្ហាញអំពីសមត្ថភាពរបស់គាត់ក្នុងនាមជាអ្នក ជំនាញផ្នែក យូហ្គា សមាធិ និង ជាអ្នកជំនាញផ្នែក ស្ប៉ារបស់គាត់ នឹងសិក្សា ក្នុងការរុករកបន្ថែមអំពីបរិយាកាស នៅលើភ្នំ ដែលកង្វះ ខ្យល់អុកស៊ីសែន និងចំណាយពេលរបស់គាត់ក្នុងការតាំងសមាធិផងដែរ។

និងគោលបំណងទី២របស់គាត់គឺ ការនាំដួងព្រលឹងយុវជនខ្មែរមួយរូបដែលបានមរណៈភាពកាលពី ឆ្នាំ ២០១២។ តាមជំនឿរបស់គាត់ លោកសុធាវុធ មានជំនឿថា ដួងព្រលឹងយុវជនខ្មែរយើងគឺនៅវិលវុលនៅទីនោះនៅឡើយ ហើយគាត់ចង់នាំដួងព្រលឹងនោះមកស្រុកខ្មែរវិញ។

ជាមួយគ្នានេះផងដែរ ក្រោមការធ្វើកិច្ចសំភាស៍ជាមួយលោកម៉ី សុធាវុធ គាត់បានមានប្រសាសន៍ថា៖ ៉៉ខ្ញុំកំពុងស្ថិតនៅ​ជិតតំបន់ស្លាប់ រាងកាយរបស់ខ្ញុំញាក់ញ័រ​​​ និងត្រជាក់ តឹងទ្រូង ឈឺចាប់ឈឺក្បាលធ្ងន់ និងវិលមុខមានអារម្មណ៍ចង់ក្អួត”។ ទាំងនេះគឺជាអារម្មណ៍ពិតរបស់លោកផ្ទាល់​ក្នុងការឆ្លងកាត់រាល់ឧបសក្គទាំងឡាយ ​ដែលធ្វើអោយគាត់ទទួលបានជោគជ័យមកនេះ។

ជំនួសឱ្យគ្រួសារ Memoire, ក្រុមសហការី និងប្រជាជនកម្ពុជាទាំងមូលសូមចូលរួមអបអរសាទរ ចំពោះភាពក្លាហានរបស់គាត់ក្នុងការខិតខំប្រឹងប្រែងទាំងកំលាំងកាយ និងកំលាំងចិត្ត​ដើម្បីនាំភាពអស្ចារ្យជូនជាតិមាតុភូមិ។

គួរបញ្ចាក់ដែរថា​ ​ភ្នំអេវឺរ៉េស (Mount Everest) ជាភ្នំដែលខ្ពស់បំផុត​ នៅលើផែនដី​ ដែលមានកម្ពស់ 8848 ម៉ែត្រស្ថិតនៅចន្លោះព្រំដែនប្រទេសទីបេ និង នេប៉ាល់ នៅក្នុងភ្នំហិម៉ាល័យ។

ប្រភព៖sakkarach

Leave a Reply

Your email address will not be published. Required fields are marked *