ពិតជាកោតសរសើរណាស់! ផ្តើមការងារពីអ្នកចាក់ស៊ាំង និងបោសសំអាត ប្រែក្លាយជានាយកក្រុមហ៊ុន សំលៀកបំពាក់ធំមួយនៅអាមេរិក

អាមេរិក៖ ជាការពិត ប្រវត្តិជីវិតរបស់មនុស្សម្នាក់ៗ តែងតែមានលក្ខណៈ ខុសពីគ្នា ហើយ មនុស្សដែល តស៊ូ ពីជីវិតសាមញ្ញាធម្មតា រហូតក្លាយ ជាមហាសេដ្ឋីម្នាក់ ប្រាកដជាមាន បទពិសោធន៍ដ៏ល្អ ណាមួយ ដែលយើងគួរតែ ស្វែងយល់ ។យ៉ាងណាមិញ សម្រាប់ថ្ងៃនេះ ប្រិយមិត្តអាច មកស្គាល់ ពីប្រវត្តិពិត របស់ មហាសេដ្ឋី មួយរូប ដែលចាប់ផ្តើម ធ្វើការងារ ជាអ្នកចាក់សាំង និង អ្នកបោសសំអាត ម្នាក់ ប៉ុណ្ណោះ រហូតក្លាយជា សេដ្ឋីមាន ទ្រព្យសម្បត្តិ រាប់ លានដុល្លារ ។

ក្នុងឆ្នាំ ១៩៨១ លោក Do Won Chang (Don) និង អ្នកស្រី Jin Sook បានផ្លាស់ទីលំនៅពី ប្រទេសកូរ៉េខាងត្បូង ទៅរស់នៅ សហរដ្ឋអាមេរិក ក្នុងទីក្រុង Los Angeles ដើម្បីចង់សម្រេចក្តីស្រមៃ ក្លាយជាសហគ្រិន ដ៏អស្ចារ្យម្នាក់ នៅដែនដីអាមេរិក ។ ប្តី និង ប្រពន្ធមួយគូនេះ មានវ័យទើបតែ ២៦ឆ្នាំ ពេលទៅដល់ សហរដ្ឋអាមេរិក ជាលើកដំបូង ហើយ ពួកគេ ក៏មិនសូវចេះ និយាយភាសាអង់គ្លេស និង គ្មានសញ្ញាប័ត្រ បរិញ្ញាបត្រ ដែល ជាបញ្ហា ចោទ ក្នុងការរស់នៅ លើទឹកដីសហរដ្ឋអាមេរិក។

ជាហេតុនាំឲ្យ លោក Don ក្នុងរយៈពេល ៣ឆ្នាំដំបូងលើទឹកដី អាមេរិក បានព្យាយាម ធ្វើការងារសាមញ្ញាៗ រហូតដល់ទៅ ៣ កន្លែងផ្សេងគ្នា រួមមាន ទាំង ធ្វើជា អ្នកបោសសំអាត ក្នុងអគារ អ្នកចាក់សាំង និង ធ្វើការជាអ្នករត់តុ ក្នុងហាងកាហ្វេ ទៀតផង។ ក្រោយមក ការកត់សម្គាល់ ដ៏ធម្មតាមួយ បានផ្លាស់ប្តូរជីវិត របស់បុរសជនជាតិ កូរ៉េខាងត្បូង រូបនេះ ដោយសារ លោក Don តែងតែសង្កេត តាមដានថា មនុស្សរស់នៅ អាមេរិក ដែលមានលទ្ធភាព អាចទិញឡាន ទំនើបៗ ជិះបាន ភាគច្រើន មានរបររកស៊ី ក្នុងជំនួញសំលៀកបំពាក់។

ក្រោយមកទៀត លោក Don ក៏ចាប់ផ្តើមប្រឡូក ក្នុងវិស័យ សំលៀក បំពាក់ ដោយសន្សំ ប្រាក់ បើកហាង ខោអាវ តូចមួយ ក្នុងទីក្រុង Los Angeles ក្នុងឆ្នាំ ១៩៨៤ ដោយដាក់ឈ្មោះ ហាងរបស់លោកថា “Fashion 21″។ក្នុងទីតាំង ដែលគាត់បើកហាង លក់ខោអាវនេះ មានអាជីវកម្ម បីផ្សេងគ្នា បានបរាជ័យ ប៉ុន្តែសម្រាប់ លោក Don ដែលទើបតែបើក ក្នុងឆ្នាំដំបូង អាចលក់ ផលិតផលសំលៀកបំពាក់ បានរហូតដល់ ៧០០,០០០ ដុល្លារ ។ ដោយភាព ជោគជ័យនេះ ហាងថ្មី របស់លោក ក៏ត្រូវបានបើក ជាបន្តបន្ទាប់ ជារៀងរាល់ រយៈពេល ៦ខែ ម្តង។

បន្ទាប់មក ហាងសំលៀកបំពាក់នេះ បានប្តូរឈ្មោះពី Fashion 21 ទៅជា Forever 21 ដែល ក្រោយមក ហាងចំនួន ៤៥៧ ត្រូវបានបើក ដំណើរការ ក្នុងសហរដ្ឋអាមេរិក នៅឆ្នាំ ២០១០។មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន លក់សំលៀកបំពាក់ ទាន់សម័យ Forever 21 មានសាខា រហូតលើសពី ៦០០ ហាង នៅសហរដ្ឋអាមេរិក និង ជុំវិញ ពិភពលោក ដែលតាមរបាយការណ៍ ក្រុមហ៊ុននេះ រកចំណូលបាន ៤.៤ ពាន់លានដុល្លារ ក្នុងខែកុម្ភៈ ឆ្នាំ២០១៤ ដែល លោក Don និងភរិយា ត្រូវបានចុះបញ្ជី លើវេបសាយ Forbers ជា មហាសេដ្ឋី លំដាប់ទី ២៦៤ លើពិភពលោក និង មហាសេដ្ឋី ទី ៩០ នៅសហរដ្ឋអាមេរិក ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន សំលៀកបំពាក់ Forever 21 នៅតែជាជំនួញ លក្ខណៈគ្រួសារ ដែលមាន លោក Don វ័យ ៦១ឆ្នាំ ជានាយកប្រតិបត្តិ និង អ្នកស្រី Jin Sook ជានាយកខាង ផ្សព្វផ្សាយពាណិជ្ជកម្ម ចំនែកឯ កូនស្រី ទាំងពីររបស់ម្ចាស់ ក្រុមហ៊ុន ក៏មានតួនាទីខ្ពស់ ក្នុងក្រុមហ៊ុនដែរ ដោយ បងស្រីច្បង ឈ្មោះ Linda ជាអ្នកគ្រប់គ្រងទីផ្សារ និង ប្អូនស្រី Esther ជាអ្នកត្រួតពិនិត្យហាង នៅបរទេសជាច្រើន ដែលបានទិញ យីហោ Forever 21 នេះ៕

ប្រភព businessinsider

Leave a Reply

Your email address will not be published. Required fields are marked *