ប្រទះឃើញសត្វត្រកួតយក្សជិត ២ម៉ែត្រ!

ប្រជាជនសិង្ហបុរីស្រឡាំងកាំង ជួបត្រកួតយក្សដ៏ធំដែលមិនធ្លាប់បានឃើញពីមុនមក ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។មនុស្សជាច្រើនប្រហែលជាធ្លាប់បានឮថា ឧទ្យានរបស់សិង្ហបុរីតែងតែជួបជាមួយ ត្រកួត ដែលតែងតែឡើងពីទឹកជាញឹកញាប់ ប៉ុន្តែថ្មីៗនេះសូម្បីតែប្រជាជនក្នុងប្រទេសសិង្ហបុរីក៏ស្រឡាំងកាំងដែរ ពេលបានជួបជាមួយ សត្វត្រកួតយក្ស​ដ៏ធំបែបនេះ។

គេហទំព័រ Mother Chip បានផ្សាយថា កាលពីខែមិថុនាកន្លងទៅ អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Riann Goettl បានបង្ហោះរូបភាពទៅកាន់ក្រុមសង្គមធម្មជាតិ (សិង្ហបុរី) Nature Society (Singapore) ជាក្រុមសាធារណៈដែលនាំមកនូវរឿងរ៉ាវរបស់ធម្មជាតិដ៏អស្ចារ្យនៅក្នុងប្រទេសសឹង្ហបូរី។ ពេលនេះសូម្បីតែអ្នករស់នៅក្នុងតំបន់ក៏មានការភ្ញាក់ផ្អើល នៅពេលបានជួបជាមួយ ត្រកួតយក្ស ងើបចេញពីទឹកនៅ Singapore Botanic Garden ក្នុងប្រទេសសិង្ហបុរី។

អ្នកបង្ហោះរូបភាពបានបង្ហើបប្រាប់ថា នាងនិងស្វាមីចូលចិត្តទៅសួនច្បារដើម្បីហាត់ប្រាណ និងស្រូបយកខ្យល់បរិសុទ្ធ ដែលព័ទ្ធជុំវិញដោយដើមឈើជាច្រើន ហើយជាការពិតនាងតែងតែឃើញសត្វត្រកួតចេញមកជាប្រចាំ ប៉ុន្តែមួយនេះដែលពួកគេទាំងពីរបានឃើញចុងក្រោយ វាធំជាងអ្វីដែលធ្លាប់ឃើញពីមុនមក មានប្រវែងប្រហែល ១.៨ម៉ែត្រ ហើយក្បាលពោះវាធំណាស់ ប្រហែលទើបនឹងស៊ីចំណីរួចថ្មីៗ ពួកគេបានដាក់ឈ្មោះសត្វត្រកួតនោះថា Ronnie។

របាយការណ៍បញ្ជាក់ថា ទោះបីជាពូជសត្វត្រកួតមានភាពស្រដៀងគ្នា តែប្រភេទនេះត្រូវបានគេសន្និដ្ឋានថាជាពូជ ម៉ាឡាយូ (Malayan water monitor lizard) ដែលវាអាចធំជាងនេះ និងមានប្រវែងរហូតដល់ ៣ម៉ែត្រ អាហារដែលពួកវាចូលចិត្តគឺ ក្តាម ពស់ និងត្រី។

ដោយទំហំនិងរូបរាងរបស់វាធំ បណ្តាលឱ្យមនុស្សជាច្រើនបានបញ្ចេញមតិ ដោយនឹកស្មានថាវាជា កូម៉ូដូ ប៉ុន្តែទោះបីជាកូម៉ូដូមានរូបរាងស្រដៀងនឹងត្រកួតនេះក៏ដោយ ប៉ុន្តែវាមានដងខ្លួនធំជាងនិងវែងជាង ហើយគ្រោះថ្នាក់ជាង វារស់នៅដោយកន្លែង ជាសត្វមានដើមកំណើតនៅឥណ្ឌូណេស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *