ទឹកអំបិលក្តៅឧណ្ហៗមួយកែវ អាចជួយបំបាត់អាការឈឺធ្មេញយ៉ាងមានប្រសិទ្ធភាព!

តើអ្នកដឹងទេថា ការប្រើទឹកអំបិលសម្រាប់ការព្យាបាលជំងឺឈឺធ្មេញ និងបញ្ហាមាត់ធ្មេញមួយចំនួនគឺត្រូវបានគេអនុវត្តតាំងពីបុរាណមកម្ល៉េះ ហើយវាក៏ពុំផ្តល់ផលប៉ះពាល់អ្វីដែរ ព្រោះ អំបិលវាមានផ្ទុកនូវសមាសធាតុដ៏សំខាន់ជាច្រើនដូចជាសូដ្យូម ស្ពាន់ធ័រ ប៉ូតាស្យូម និងសារធាតុផ្សេងៗទៀត ដែលមានប្រយោជន៍ក្នុងការព្យាបាលបញ្ហាសុខភាពមាត់ធ្មេញ។

តោះ! កុំឲ្យខាតពេលយូរ តាមដានរបៀបធ្វើទឹកអំបិល និងអត្ថប្រយោជន៍របស់វាបែបណាខ្លះក្រៅពីការព្យាបាលអាការឈឺធ្មេញ។
ហើយទាំងនេះជារបៀបធ្វើទឹកអំបិល ដើម្បីព្យាបាលអាការឈឺធ្មេញរួមជាមួយនឹងអត្ថប្រយោជន៍ជាច្រើនទៀតដូចខាងក្រោម៖
ចំពោះអំបិលអ្នកគួរតែជ្រើសរើសអំបិលដែលមានផ្ទុកជាតិអ៊ីយ៉ូតខ្ពស់ (ចៀសវាងការប្រើប្រាស់អំបិលធម្មតា ព្រោះវាមានផ្ទុកនូវជាតិរ៉ែទាប)។

ជាដំបូងអ្នកត្រូវយកអំបិលចំនួន ២ស្លាបព្រាបាយ ចាក់លាយជាមួយនឹងទឹកក្តៅឧណ្ហៗ ឬទឹកធម្មតាចំនួន ១កែវ ហើយកូរវាឲ្យរលាយអំបិលទៅក្នុងទឹកសព្វល្អ។ បន្ទាប់មកអ្នកអាចយកទឹកអំបិលខ្ពុរមាត់ជាការស្រេច (អ្នកត្រូវចាក់ទឹកអំបិលដែលនៅសល់ក្រោយពីការប្រើប្រាស់ចោល ដើម្បីចៀសវាងការឆ្លងបាក់តេរី ឬមេរោគ)។

ជាមួយគ្នានេះអ្នកអាចអនុវត្តន៍វិធីនេះសមល្មមទៅតាមស្ថានភាពនៃអាការដែលកើតឡើង។
អត្ថប្រយោជន៍នៃទឹកអំបិល ក្រៅពីការព្យាបាលអាការឈឺធ្មេញរួមមាន៖

១/ ព្យាបាលរបួសស្រាលៗ នៅលើអញ្ជាញធ្មេញ
អំបិលមានសារធាតុប្រឆាំងនឹងមេរោគ ដែលអាចព្យាបាលរបួសតិចតូចនៅលើអញ្ចាញធ្មេញបានយ៉ាងឆាប់រហ័ស ដោយគ្រាន់តែខ្ពុរមាត់ ជាមួយនឹងទឹកអំបិលក្តៅឧណ្ហៗ។

២/ សម្លាប់បាក់តេរី និង មេរោគ
ឈឺធ្មេញដែលបណ្តាលមកពីមេរោគ និងបាក់តេរី គឺជាជំងឺឈឺមាត់ធ្មេញធម្មតាទូទៅដែលមនុស្សភាគច្រើនធ្លាប់ជួបប្រទះ។ ហេតុនេះអ្នកអាចព្យាបាលវាបានដោយងាយ ជាមួយនឹងទឹកអំបិលយ៉ាងមានប្រសិទ្ធភាព។ ជាមួយគ្នានេះទឹកអំបិលមិនត្រឹមតែអាចសម្លាប់បាក់តេរីប៉ុណ្ណោះទេ វាក៏អាចកម្ចាត់ក្លិនមាត់របស់អ្នកបានទៀតផង។

៣/ កម្ចាត់កាកសំណល់ចេញពីក្នុងមាត់ និងជួយសម្អាតធ្មេញ
ជួនកាលអាការឈឺធ្មេញក៏អាចបណ្តាលមកពីសំណល់អាហារដែលជាប់ទៅនឹងរន្ធ ឬប្រហោងធ្មេញរបស់អ្នក ប៉ុន្តែអ្នកកុំបារម្ភអី! ទឹកអំបិលអាចជួយសម្អាតធ្មេញ និងយកចេញនូវកាកសំណល់អាហារទាំងនោះបានយ៉ាងល្អ។

៤/ កាត់បន្ថយការឈឺចាប់ក្រោយពេលដកចេញធ្មេញ
ជាធម្មតាការឈឺចាប់បន្ទាប់ពីការដកធ្មេញតែងកើតមានឡើង ក្រោយពីប្រសិទ្ធភាពនៃថ្នាំស្ពឹកត្រូវបានបាត់បង់។ ម្យ៉ាងវិញទៀតទឹកអំបិលក៏អាចបញ្ឈប់ការហូរឈាម និងជួយជួសជុលអញ្ជាញធ្មេញឲ្យឆាប់ជាសះស្បើយទៀតផង។

៥/ ជួយព្យាបាលការឆ្លងរោគអញ្ចាញធ្មេញ និងធ្មេញ
បញ្ហានៃការឆ្លងរោគនៅអញ្ជាញធ្មេញ និងធ្មេញ ជាទូទៅកើតឡើងដោយសារតែការឈឺធ្មេញ និង ពងបែកមាត់រយៈពេលយូរមកហើយ។ ដូច្នេះអ្នកអាចខ្ពុរមាត់ជាមួយនឹងទឹកអំបិល ដើម្បីព្យាបាលអាការទាំងនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *