ហួសថ្លែង! បង្ខំកូនស្រីឲ្យចាកចេញពីមិត្តប្រុសពិការ តែនាងមិនព្រម ប៉ុន្តែចុងក្រោយភ្លឺភ្នែកគ្រប់គ្នា
រឿងរ៉ាវស្នេហារវាងនារីម្នាក់ឈ្មោះ យ៉ាងណាន ត្រូវបានឪពុកម្ដាយប្រាប់ថា ពួកគាត់នឹងអនុញ្ញាតឲ្យនាងរួមរស់ជាមួយ ហុងបូ បន្តទៀត បើសិនមិត្តប្រុសរូបនេះអាចដើរបានក្នុងរយៈពេល ៣ឆ្នាំបន្ទាប់ បើមិនដូច្នោះទេ ពួកគាត់នឹងកាត់កាល់ ហើយបណ្ដេញនាង និងមិត្តប្រុសនាងចេញពីផ្ទះ។នាង យ៉ាងណាន មានអាយុ ២៣ឆ្នាំ ឯលោក ហុងបូ អាយុ ២៧ឆ្នាំ។ ហុងបូ បានធ្លាក់ខ្លួនពិការដោយសារជួបឧបទ្ទវហេតុពេលជិះម៉ូតូ ជាលទ្ធផលគាត់ត្រូវពិការត្រឹមចង្កេះចុះក្រោម។
បន្ទាប់ពីរយៈពេលកំណត់ ៣ឆ្នាំកន្លងផុត ហុងបូ នៅតែមិនបានធូរស្បើយ។ កូនស្រីដដែលបានអង្វរឪពុកម្ដាយសុំពេលបន្ថែម រហូតពន្យារពេលឲ្យ ហុងបូ រយៈពេល ៦ខែទៀត ធ្វើយ៉ាងណាត្រូវដើរឲ្យរួច ដើម្បីជួយធ្វើកិច្ចការងារគ្រួសារ។
យ៉ាងណាន បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំមិនដឹងថា ត្រូវធ្វើយ៉ាងម៉េចទេ។ ខ្ញុំគ្រាន់តែដឹងថា គាត់អាចព្យាបាលជា ប៉ុន្តែពួកយើងមិនមានប្រាក់ចេញថ្លៃវះកាត់។ យើងសឹងតែមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ចាយវាយប្រចាំថ្ងៃផង»។ ឯ ហុងបូ បានយល់ព្រមជាមួយអនាគតឪពុកម្ដាយក្មេកថា មិត្តស្រីខ្លួនគួរតែចាកចេញពីគាត់ និងរស់នៅដោយភាពរីករាយជាមួយបុរសផ្សេង បើគាត់មិនអាចជាសះស្បើយក្នុងអំឡុងពេលដែលផ្ដល់ឲ្យនោះ។ «នាងមិនអាចមានអនាគតល្អ បើនាងនៅរួមរស់ជាមួយខ្ញុំ ហើយខ្ញុំក៏សន្យាគោរពតាមលក្ខខណ្ឌដាក់ឲ្យនោះ ប្រសិនបើមិនអាចព្យាបាលជើងជាសះស្បើយនៅ ៦ខែទៀត»។ ហុងបូ បញ្ជាក់។
គូស្នេហ៍ទាំងពីរ បច្ចុប្បន្នកំពុងរស់នៅទីក្រុង Qionglai ខេត្តស៊ីឈួន ភាគនិរតី ប្រទេសចិន។ ដំបូងពួកគេគ្រាន់តែជាមិត្តល្អនឹងគ្នាប៉ុណ្ណោះ និងមិនមានភាពស្និទ្ធស្នាលបែបគូសង្សារទេ មុនពេល ហុងបូ ជួបគ្រោះថ្នាក់។ កាលនោះ ហុងបូ បានកំពុងជិះម៉ូតូតាមផ្លូវចង្កេះភ្នំ ស្រាប់តែមេឃធ្លាក់ភ្លៀងខ្លាំង ទឹកហូរយ៉ាងគំហុកចុះពីភ្នំកាត់តាមផ្លូវ រហូតរុញច្រានម៉ូតូរបស់គាត់ប៉ើងចេញពីផ្លូវ ធ្លាក់ចំណោតភ្នំជម្រៅប្រមាណ ៣០ម៉ែត្រទាំងកម្រោល។ ជាសំណាងល្អ គាត់មិនបាត់បង់ជីវិត តែរងរបួសធ្ងន់។
បន្ទាប់ពីគាត់ចាកចេញពីមន្ទីរពេទ្យ ហុងបូ ត្រូវត្រលប់ទៅសម្រាកនៅផ្ទះកំណើតវិញ។ ចំណែក ឪពុកម្ដាយបង្កើតរបស់គាត់ តែងតែកើតរឿងរកាំរកូសបង្កជាជម្លោះក្ដៅគគុកដោយសារតែស្ថានភាពអាការៈរបស់ ហុងបូ។ ថ្ងៃមួយ ជម្លោះទាស់ទែងតឹងសរសៃក រហូតបញ្ឆេះកំហឹងឪពុករបស់គាត់ ជ្រុលដៃ វាយម្ដាយរហូតដល់បាត់បង់ជីវិត។ ឪពុកជាជនល្មើសបានសារភាពថា វាជាឧបទ្ទវហេតុ និងអចេតនា ប៉ុន្តែគាត់ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ។ មូលហេតុនេះ ធ្វើឲ្យ ហុងបូ ត្រូវមើលថែខ្លួនឯងទាំងត្រដាបត្រដួស។
ឯមិត្តស្រី នាង យ៉ាងណាន បានទទួលដំណឹងនេះតាមរយៈព័ត៌មានចុះផ្សាយ នាងក៏បានព្យាយាមទាក់ទង ហុងបូ តាមអ៊ីនធឺណិត រហូតនាងសម្រេចចាកចេញពីផ្ទះសម្បែងទៅរស់នៅជាមួយ ហុងបូ ដើម្បីបានមើលថែគាត់ឲ្យមានសុខភាពល្អឡើងវិញ។ ការសម្រេចចិត្តដ៏លំបាកនេះ បានធ្វើឲ្យឪពុកម្ដាយរបស់នាងខឹងសម្បារ តែនាងប្រាប់ថា នឹងត្រលប់មកវិញពេល ហុងបូ ជាសះស្បើយរឹងប៉ឹងប្រសើរជាងមុន។
ដោយសារតែចង់ជម្នះពាក្យរបស់អនាគតឪពុកម្ដាយក្មេកថា ពិការហើយធ្វើការមិនកើត មិនអាចរកប្រាក់ចិញ្ចឹមគ្រួសាររស់ ហុងបូ សម្រេចចិត្តពិភាក្សាជាមួយមិត្តស្រីជាច្រើនថ្ងៃរិះរកចាប់យកមុខរបរណាដែលអ្នកពិការអាចធ្វើបានដោយមិនប្រើកម្លាំងច្រើន ឬត្រូវការជើងទាំងពីរ។ ដំបូង យ៉ាងណាន ចង់ឲ្យ ហុងបូ ធ្វើជាអ្នកបើកបរកង់បីដឹកជញ្ជូនឥវ៉ាន់ឲ្យគេ តែមិនមានប្រាក់ទិញសម្ភារៈទាំងនោះ ម្យ៉ាងទៀតខ្លាចហុងបូ នឿយហត់មិនអាចទ្រាំបានដោយសារទើបក្រោកពីឈឺថ្មីៗ គ៏បោះបង់គំនិតនេះវិញ។
ពួកគេនឹកឃើញអាជីពមួយទៀត និងអាចរកចំណូលបានគួរសម គឺរៀនជួសជុលគ្រឿងអេឡិចត្រូនិក ដោយចាប់ផ្ដើមពីតិចៗទៅ។ អ្នកទាំងពីរបានប្រមូលរបស់របរមានតម្លៃក្នុងផ្ទះលក់ ដើម្បីយកប្រាក់រៀនជំនាញនេះឲ្យចេះស្ទាត់ និងសល់ខ្លះ ត្រៀមទិញសម្ភារៈជួសជុល។ ការប្ដេជ្ញាមិនចុះញ៉មរបស់ ហុងបូ ពិតជាមិនធ្វើឲ្យមិត្តស្រីខកបំណងឡើយ ដោយគាត់បានរៀនចេះក្នុងរយៈពេលតែប៉ុន្មានខែ និងបានបើកតូបជួសជុលមួយនៅទីប្រជុំជន។
បន្ទាប់ពីដំណើរការរបរនេះ ពួកគេចាប់ផ្ដើមសន្សំប្រាក់បានច្រើន រហូតផ្ញើរមួយចំនួនឲ្យទៅឪពុកម្ដាយខាងប្រពន្ធទៀងផង។ ការផ្ញើរលើកទីមួយ ពួកគាត់មិនទទួលទេ ព្រោះតែពួកគាត់នៅមានចិត្តខឹង មិនទាន់ស្ងប់ ប៉ុន្តែពេលឪពុកធ្លាក់ខ្លួនឈឺ ជីវភាពពួកគាត់ចេះតែដុនដាប គ្មានប្រាក់ថ្លៃព្យាបាល។ កូនស្រី និងកូនប្រសារប្រុសមិនល្អរូបនេះ បានទៅមើលថែគាត់ និងជូនប្រាក់គាត់ជាលើកទីពីរ។
ម្ដងនេះទោះមិនចង់ ក៏ត្រូវទទួលដែរ ដោយសារថ្លៃព្យាបាលរបស់ពេទ្យក៏ច្រើន និងចាំបាច់ចាយវាយប្រចាំថ្ងៃក៏ច្រើន។ ពេលនេះ ទើបពួកគាត់ដឹងថា កូនស្រី និងកូនប្រសារពិការនេះ កតញ្ញូ ចិត្តបាន នៅតែបារម្ភ និងអាចជួយសម្រាលបន្ទុកគាត់បានមួយកម្រិត។ បន្ទាប់ពីជាសះស្បើយពីជំងឺ ឪពុកម្ដាយដដែល បានយល់ព្រមទទួលស្គាល់កូនប្រសារ និងកូនស្រីវិញ រួចរៀបការឲ្យពួកគេតែម្ដង៕