មូលហេតុដែលបុរសចម្លែកដុះរោមសឹងតែមិនគួអោយជឿសោះ!

បុរសម្នាក់បានកើតជំងឺដ៏កម្រម៉្យាង ដែលបណ្តាលឲ្យដុះរោមប្រមាណ ៩៨ ភាគរយ គ្របដណ្តប់ពាសពេញខ្លួនប្រាណរបស់គាត់។
លោក Larry Gomez រស់នៅទីក្រុង San Bernardino រដ្ឋកាលីហ្វ័រញ៉ា ត្រូវបានគេដាក់រហស្សនាមឲ្យថាជា “បុរសចចក” ដោយសាររោមដ៏ក្រាសឃ្មឹក គ្របដណ្តប់ស្ទើរសព្វរាយកាយ ជាពិសេសនៅលើផ្ទៃមុខរបស់គាត់តែម្តង។

បុរសដែលមានវ័យ ៣៩ ឆ្នាំ រូបនេះបានកើតជំងឺកម្រម្យ៉ាងហៅថា Hypertrichosis ដែលកើតមានលើមនុស្សតិចជាង ១០០ នាក់ប៉ុណ្ណោះ ជុំវិញពិភពលោក។
សមាជិកគ្រួសាររបស់គាត់ជាច្រើន ក៏កើតជំងឺតំណពូជនេះផងដែរ ដោយមនុស្សស្រី មានដុះរោម​ស្តើងៗខុសពីមនុស្ស​ប្រុស។

នៅវ័យកុមារភាព Larry ត្រូវក្មេងៗឯទៀតសើចចំអកឡកឡឺយ មិនសំចៃមាត់ ដោយសារ​រូបរាងចម្លែករបស់គាត់ប្លែកពីមនុស្សធម្មតា។ ទោះបីជាយ៉ាងណា បុរសសញ្ជាតិអាមេរិករូបនេះ នៅតែជំនះរាល់សម្តីប្រមាថទាំងនោះ ក៏ដូចជាចង់ឃើញសង្គម ចេះគោរព និងឲ្យតម្លៃដល់មនុស្ស ដែល​​មាន​វិបត្តិដូចជាគាត់។

ជាមួយគ្នានេះដែរ លោក Travis Hoefle ជាម្ចាស់ឆាណែលយូធូបឈ្មោះ Wizard of Odd TV បានសម្រេចចិត្ត ធ្វើដំណើរពីទីក្រុងឈីកាហ្គោ ដើម្បីធ្វើកិច្ចសម្ភាស៍ជាមួយលោក Larry ដោយផ្ទាល់។ លោក Travis បានឲ្យដឹងយ៉ាងដូច្នេះថា៖
គាត់ (Larry) ជាមនុស្សល្អខ្លាំងណាស់ ហើយចូលចិត្តកំប្លែងច្រើន។ ខ្ញុំអាចនិយាយបានថា គាត់ជាមនុស្សដែលចេះគិតគូរពីអ្នកដទៃ និងជាមេគ្រួសារយ៉ាងពិតប្រាកដ។

សូមបញ្ជាក់ថា សព្វថ្ងៃនេះ Larry បានរកឃើញដៃគូជីវិតរបស់គាត់រួចហើយ ដែលបានស្គាល់គ្នានៅក្នុងឆ្នាំ ២០១១ រហូតឈានដល់ចំណងអាពាហ៍ពិពាហ៍ នាពេលថ្មីៗកន្លងទៅនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *