សូមប្រុងប្រយ័ត្ន កូនតូច! ក្មេងអាយុ ២ឆ្នាំម្នាក់បានលេបកាក់ចូលតាមបំពង់ក…

ថៃ៖ លោកវេជ្ជបណ្ឌិត Arak Wongvorachat នាយកមន្ទីរពេទ្យស៊ីឈុន ខេត្ត Nakhon Si Thammarat បង្ហោះសារដាស់តឿនទៅដល់អាណាព្យាបាលក្មេងតូចៗគ្រប់គ្នា តាមរយៈហ្វេសប៊ុក Arak Wongworachat ថា៖ មានក្មេងអាយុ ២ឆ្នាំម្នាក់បានលេបកាក់ចូលតាមបំពង់ក ខណៈពេលដែលអាណាព្យាបាលទុកឱ្យទៅលេងក្នុងផ្ទះតែម្នាក់ឯង បន្ទាប់ពីញ៉ាំទឹកដោះគោរួច។

អាណាព្យាបាលរូបនោះមិនដឹងថាមានរឿងអ្វីកំពុងកើតឡើង ពេលក្រឡេកមកមើលម្តងទៀត ទើបបានឃើញថាកុមារនោះក្អួត ហើយមានអាការៈហៀរទឹកមាត់មកយ៉ាងច្រើន។

វេជ្ជបណ្ឌិតសង្គ្រោះបន្ទាន់បានប៉ាន់ស្មានថា ក្មេងនោះអាចនឹងមានអ្វីចាប់នៅបំពង់ក ដូច្នេះគាត់ក៏បានបញ្ជូនកុមារនោះទៅថតកាំរស្មីអ៊ិចជាបន្ទាន់ រួមទាំងការបញ្ជាមិនឱ្យផ្តល់ទឹកនិងអាហារផ្សេងៗ ជំនួសដោយការព្យួរសេរ៉ូមវិញ។ ក្នុងកំឡុងពេលនោះ ក្មេងយំរករឿងឥតឈប់ឈរ បណ្តាលឱ្យមានការលំបាកក្នុងត្រួតពិនិត្យ លុះរហូតដល់លទ្ធផលការថតកាំរស្មីអ៊ិចបានបង្ហាញមកថា មានកាក់ស្ថិតនៅចុងបំពង់អាហាររបស់កុមារ។

ជាងមួយម៉ោងបានកន្លងផុតទៅហើយ កាក់នោះមិនទាន់រំកិលទៅក្នុងក្រពះ ដូច្នេះគ្រូពេទ្យសន្មត់ថាកាក់ត្រូវបានជាប់ស្អិតនៅក្នុងទីតាំងនោះហើយ ប្រសិនបើនៅតែទុកបែបនេះតទៅទៀត កាក់នោះនឹងសង្កត់បំពង់អាហាររហូតដល់ខ្វះឈាម ក្លាយជាដំបៅដែលអាចធ្លុះបាន កាន់តែបង្កឱ្យមានការលំបាកក្នុងការព្យាបាល អាចនឹងប៉ះពាល់ដល់អាយុជីវិតបាន។ តែប្រសិនបើកាក់ធ្លាក់ចូលក្នុងប្រព័ន្ធរំលាយអាហារ វានឹងមានហានិភ័យបណ្តាលឱ្យស្ទះពោះវៀន រហូតដល់ត្រូវវះកាត់ដើម្បីបើកពោះ នេះក៏ជាការប្រថុយនឹងគ្រោះថ្នាក់ដែរ។

ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានសម្រេចព្យាបាល ដោយការប្រើកាម៉េរ៉ាឆ្លុះចូលទៅដើម្បីចាប់ទាញកាក់នោះចេញមក ដែលត្រូវប្រើកាមេរ៉ាខ្នាតតូចសំរាប់កុមារ និងចាំបាច់ត្រូវតែប្រើអុកស៊ីហ្សែនថ្នាំសន្លប់ ដើម្បីបងា្ករមិនឱ្យកាក់រំកិលចូលក្នុងសួត។

នៅទីបំផុតវេជ្ជបណ្ឌិតក៏អាចយកកាក់នោះចេញបានដោយជោគជ័យ ប៉ុន្តែបំពង់អាហាររបស់កុមារមានដំបៅបន្តិចបន្តួច កុមាររូបនោះបានសម្រាកព្យាបាល និងសង្កេតរោគសញ្ញានៅមន្ទីរពេទ្យត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ គេអាចត្រឡប់ទៅផ្ទះបានហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *