ភូមិ​ឆ្នាំងដី អត្ដសញ្ញាណ​ខេត្តកំពង់ឆ្នាំង​ សូមបងប្អូនជួយ​លើកកម្ពស់​ទេសចរណ៍វប្បធម៌យើងផង! (មានវីដេអូ)

កំពង់ឆ្នាំង: ក្អម ថូ ក្រឡ​ដុត​ថ្នាំ​មូស កូនជ្រូក ជើងក្រាន ជាពិសេស​ឆ្នាំងដី ពិបាក​នឹង​រំលង​ភ្នែក​អ្នកដំណើរ​ឆ្លងកាត់​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ភ្នំក្រាំង​ដីមាស ដែល​ផ្ដល់នូវ​ដីឥដ្ឋ​ក្រហម​សម្រាប់​ផលិត​នូវ​ផលិតផល​ឆ្នាំងដី​។ប្រជាពលរដ្ឋ​ភូមិ​អណ្ដូង​ឫស្សី​ភាគច្រើន​បន្ដ​មុខរបរ​ដូនតា​ដោយ​ការផលិត​ឆ្នាំងដី ដែល​ជា​អត្ដសញ្ញាណ​របស់​អ្នក​ខេត្ដ​កំពង់ឆ្នាំង​ដោយ​អ្នកខ្លះ​ចេះ​ផលិត​ឆ្នាំងដី​តាំងពី​មុន​សម័យ​សង្គ្រាម​ស៊ីវិល ហើយ​អ្នក​ខ្លះទៀត​ចាប់​របរ​នេះ​ក្រោយ​សម័យ​ខ្មែរក្រហម​រហូត​ដល់​បច្ចុប្បន្ន​។

ក្រៅពី​ចំណូល​ចម្បង​លើ​ការផលិត​ឆ្នាំងដី និង​សម្ភារ​ប្រើប្រាស់​ពី​ដីឥដ្ឋ​ដទៃទៀត ពលរដ្ឋ​រាប់រយ​គ្រួសារ ដែល​ចាប់​អាជីព​នេះ​បាន​ជួយ​លើកកម្ពស់​វិស័យ​ទេសចរណ៍វប្បធម៌​តាមរយៈ​ការស្វាគមន៍​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ​ជា​ហូរហែ​។អង្គុយ​តម្រៀប​គ្នា​ជា​ជួរ​ក្នុង​រោង​តូច​មួយ​ក្បែរ​ផ្ទះក្បឿង ៣ ខ្នង ស្ដ្រី ៣ នាក់​ហាក់​បាន​ត្រៀម​ស្វាគមន៍​វត្ដ​មាន​ភ្ញៀវ​ជាស្រេច​ជាមួយ​ទឹក​មួយ​ក្អម​ធំ​សម្រាប់​អ្នកដំណើរ​ទទួលទាន និង​គ្រែ​ឫស្សី​មួយ​ដាក់​នៅខាងមុខ​ពួកគេ​ដែល​ទំនងជា​សម្រាប់​ឲ្យ​ភ្ញៀវ​អង្គុយ​ទស្សនាការ​ស្មូន​ដី​របស់​ពួកគេ​។

អ្នកស្រី ពៅ សំប៊ន អាយុ ៤៧ ឆ្នាំ និង​កូនស្រី ២ នាក់ កំពុងតែ​មមាញឹក​ក្នុង​ការផលិត​ចង្កៀង​ដុត​ខ្លាញ់​សម្រាប់​ម៉ូយ​ចំនួន ៣០០០ ដែល​កុម្ម៉ង់​ទិញ ដើម្បី​លក់​បន្ដ​ដល់ទី​អារាម​នានា​ក្នុង​រដូវ​បុណ្យប្រពៃណី​។អ្នកស្រី​និយាយថា​៖ «​នៅ​រដូវ​បុណ្យ​សាសនា ដូចជា បុណ្យមាឃបូជា និង​វិសាខបូជា ខ្ញុំ​ទទួល​ការ​កុម្ម៉ង់​ច្រើន ដូចជា ចង្កៀង​ដុត​ខ្លាញ់​សម្រាប់​ដុត​ក្នុង​ពិធី​រាប់ពាន់​ឈុត​សម្រាប់​ឈ្មួញ​ទិញ​លក់​បន្ដ​»​។

អ្នកស្រី សំប៊ន បាន​បន្ដថា​៖ «​ទាំង​ខ្ញុំ និង​ពលរដ្ឋ​ក្នុងភូមិ​មានការ​មមាញឹក​ក្នុង​ការផលិត​សម្ភារ​ប្រើប្រាស់ និង​វត្ថុ​អនុស្សាវរីយ៍​ផលិត​ពី​ដីឥដ្ឋ ដោយ​មិនសូវ​មាន​ពេលទំនេ​នោះទេ​»​។

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *