ពិតជាមានមោទនភាពណាស់! ម្ហូបខ្មែរ ១០មុខ បានឈ្នះជ័យលាភី មេដៃមាសលេខ១ និងពានមាសអាស៊ី នៅប្រទេសថៃ

ថៃ៖ ជារឿងគួរឱ្យអបអរមួយ សម្រាប់តំណាងសមាគមចុងភៅកម្ពុជាយើង ដែលទទួលបានជ័យលាភី មេដៃមាសលេខ១ និងពានមាស Asian Gourmet Challenge ដែលមានតំណាងចូលរួមរហូតដល់ទៅចំនួន ១៤ប្រទេស រៀបចំឡើងនៅក្នុងព្រះរាជាណាចក្រថៃ។

ប្រធានសមាគមចុងភៅកម្ពុជា និងជាប្រធានដឹកនាំសមាជិកប្រតិភូ លោក ឡុង ប៊ុនហោ បានឲ្យដឹងថា៖ កម្មវិធីប្រកួតប្រជែងអាហារអាស៊ី ត្រូវបានធ្វើឡើង នៅទីក្រុងបាងកក ប្រទេសថៃ។

ចំពោះបណ្តាអ្នកចូលរួមក្នុងកម្មវិធីនេះ មានមកពីប្រទេសថៃ កម្ពុជា ចិន កូរ៉េខាងត្បូង វៀតណាម ហុងកុង ម៉ាកាវ កោះតៃវ៉ាន់ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សឹង្ហបូរី និងប៉ាគីស្ថាន ។ នៅក្នុងកម្មវិធីប្រកួតប្រជែងនោះ ក៏មានក្រុមចុងភៅល្បីៗមកពីបណ្តាខេត្តចំនួន៣០ ក្នុងប្រទេសថៃ បានចូលរួមផងដែរ សរុបចុងភៅចូលរួមទាំងអស់ មានប្រមាណជិត ១៤០០នាក់។

លោកក៏បានបញ្ជាក់ឲ្យដឹងទៀតថា៖ ‹‹ផ្តើមចេញពីរសជាតិម្ហូបខ្មែរចំនួន១០មុខ សមាគមចុងភៅកម្ពុជា បាននាំមកនូវកិត្តិយសជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា ។ លោកបានបង្ហាញនូវអារម្មណ៍ពិតរបស់លោកថា ទេពកោសល្យ នៃការផ្សំគ្រឿងចំអិនម្ហូប វាគ្រាន់តែជាតម្លៃមួយបង្ហាញអំពីបំណិន នៅក្នុងវិជ្ជាជីវៈជាចុងភៅតែប៉ុណ្ណោះ ក៏ប៉ុន្តែអ្វីដែលជាមោទនភាពសម្រាប់ការលើកពានជ័យលាភី គឺរសជាតិម្ហូបខ្មែរ›› ។

លោក ឡុង ប៊ុនហោ បានឲ្យដឹងបន្ថែមទៀតថា៖ ‹‹លទ្ធផលដែលទទួលបាន គឺពានមាសជ័យលាភីប្រចាំតំបន់អាស៊ីចំនួន១ មេដាយមាស៣ មេដាយប្រាក់៦ មេដាយសំរឹទ្ធ១៧ ហើយបានសម្រាប់បុគ្គលចុងភៅឆ្នើម ព្រមទាំងមេដាយកិត្តិយស១ បន្ថែមទៀត››។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេចរណ៍ខេត្តសៀមរាប បានវាយតម្លៃថា៖ ‹‹ជ័យលាភីទាំងនេះ ពិតជាបានចូលរួមយ៉ាងសំខាន់ ក្នុងវិស័យទេសចរណ៍នៃកម្ពុជា ។ ពិតណាស់ថា តាមរយៈនៃការចូលរួមប្រកួតប្រជែងនោះ បណ្តាប្រទេសក្នុងតំបន់ត្រូវបានចាប់អារម្មណ៍ចំពោះរសជាតិម្ហូបខ្មែរ លោកក៏បានបង្ហាញនូវការកត់សម្គាល់ផងដែរ ចំពោះជ័យលាភី របស់សមាគមចុងភៅកម្ពុជា››៕

ប្រភព៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប

Leave a Reply

Your email address will not be published. Required fields are marked *