កន្លែងដើរលេងមួយ នៅស្រុកយើងណឹង ទេសភាពស្អាតខ្លាំងណាស់ មិនចាញ់បរទេសទេ!
ប្រសិនបើលោកអ្នកបានទៅដល់ទឹកដីខេត្តស្ទឹងត្រែង ហើយមិនបានទៅទស្សនាទេសភាពតាមដងទន្លេមេគង្គ ជាមួយបក្សីមេគង្គនោះ ពិតជាស្តាយក្រោយជាមិនខាន ។ នៅទីនោះមានទេសភាព និង សម្រស់ធម្មជាតិ ល្អឯកគ្មានគូប្រៀប វាពិតជាធ្វើឱ្យយើងស្ទើរតែមិនជឿថា នេះជារូបភាព និង ផ្ទាំងទស្សណីយភាព ដែលមាននៅលើទឹកដីកម្ពុជានោះទេ ។
បើលោក អ្នកបានទៅដល់ទន្លេមេគង្គ ភាគខាងលើ នៃខេត្តស្ទឹងត្រែង ជាមួយបក្សីមេគង្គហើយនោះ ពិជាមានអារម្មណ៍ជ្រះថ្លា និង ត្រេកត្រអាលជាមួយសម្រស់ធម្មជាតិ ដ៏ស្រស់បំព្រងគ្មានពីរនៅតាមដងទន្លេមេគង្គភាគខាងលើនោះឡើយ ។
នៅទីនោះភ្ញៀវទេសចរទាំងឡាយបានទស្សនាតាមកោះខ្សាច់ជាង១០០០ សម្រស់ព្រៃឈើ ឃើញថ្មដុះ ថ្មមរកត ដែលដុះចេញពីផ្ទៃទឹក ទស្សនាសត្វបក្សា បក្សី រាប់លានក្បាល និង បានឃើញប្រភេទសត្វស្លាបកម្រៗជាច្រើន ដែលជិតផុតពូជ ដូចជា ត្រយ៉ង ក្អែកទឹក ស្មោញ ។ល។
លោក ថោង អូន ជាម្ចាស់រមណីយដ្ឋាន បក្សីមេគង្គរីសតបានឱ្យដឹងថា បក្សីមេគង្គ ស្ថិតនៅតាមដងទន្លេមេគង្គក្នុងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែ ខេត្តស្ទឹងត្រែង នៅទីនោះមានសេវាកម្ម សម្រាប់ទទួលភ្ញៀវទេសចរ
ដោយមានការសម្រាកនៅ បឹងកាឡូ ការបោះតង់ តាម ឆ្នេរ ខ្សាច់តាមកោះ ជិះទូក កាយ៉ាកមើលតាមកោះ មើលសត្វស្លាប និង ដំណើរកម្សានជាច្រើនទៀត ជាមួយនឹងការ ស្រស់ស្រូបអាហារក្នុងតម្លៃសរម្យទៀតផង ៕
ប្រភព wearekhmer