ប្រវត្តិជីវិតរបស់ កុំកុំ ជាកំពូលតារាសម្តែងក្បាច់គុនចិនដ៏ល្បីល្បាញ!

តារាសម្តែងដែលគ្រប់គ្នាស្គាល់គាត់ថាជាកុំកុំ ឈ្មោះពិត Donnie Yen កើតនៅទីក្រុងក្វាងចូវ ប្រទេសចិន។ ម្តាយរបស់គាត់ឈ្មោះ Bow-Sim Mark គឺជាគ្រូបង្ហាត់ក្បាច់គុន Kung Fu ចំណែកឪពុករបស់គាត់ឈ្មោះ Kylster Yen ជាអ្នកនិពន្ធកាសែត និងជាអ្នកចំរៀងផងដែរ។ នៅពេលដែលលោក Donnie ទើបតែមានអាយុ 2 ឆ្នាំ គ្រួសារនេះបានផ្លាស់ទីលំនៅទៅនៅហុងកុង ហើយនៅពេលដែលគាត់មានអាយុ 11 ឆ្នាំ បានទៅរស់នៅឯទីក្រុងបូស្តុន រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិករហូតដល់សព្វថ្ងៃ។

នៅសហរដ្ឋអាមេរិក លោកស្រី Bow-Sim Mark ជាម្តាយរបស់លោក បានក្លាយជាអ្នកផ្សព្វផ្សាយសិល្បៈក្បាច់គុនចិននៅលើទឹកសហរដ្ឋអាមេរិកយ៉ាងទូលំទូលាយ។ វាជារឿងធម្មតាទេ ដែលកូនប្រុសតែមួយគត់របស់លោកស្រី ត្រូវហ្វឹកហាត់ក្បាច់គុនតាំងពីតូចពីសិល្បៈក្បាច់គុនចិននេះ។ ស្របពេលជាមួយគ្នានេះដែរ ដោយសារមានឱពុកជាអ្នកសិល្បៈផ្នែកចម្រៀង និងតន្ត្រី ជាហេតុធ្វើឲ្យលោក Donnie មានចិត្តស្រលាញ់ផ្នែកតន្រ្តី និងបូករួមពីការជំរុញពីឱពុកផង បានធ្វើឲ្យគាត់ក្លាយជាអ្នកលេងព្យាណូដ៏មានជំនាញម្នាក់។ សមត្ថភាពរបស់គាត់ទាំងពីរនេះ បានធ្វើឲ្យលោកក្លាយជាតារាសម្តែងដ៏ល្បីល្បាញក្នុងវិស័យភាពយន្តរហូតមកដល់សព្វថ្ងៃ។

ឈានដល់វ័យជំទង់ចាស់ថាជាវ័យឈាមរាវ លោក Dennie បានធ្វើតាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់គាត់វិញម្តង ដោយការប្រឆាំងនឹងបំណងរបស់ឪពុកម្តាយ។ លើសវិន័យរបស់សាលារៀនក្បាច់គុនចិន លោកបានចាប់ផ្តើមលួចហាត់រៀនសិល្បៈក្បាច់គុនប្រយុទ្ធផ្សេងៗគ្នារួមមានក្បាច់ការ៉ាត់តេរបស់ជប៉ុន តៃក្វាន់ដូរបស់កូរ៉េ និងក្បាច់ប្រដាល់របស់លោកខាងលិច។

មិនតែប៉ុណ្ណោះ ក្រៅពីរៀនភ្លេងលោក Donnie ក៏រៀនពីក្បាច់រាំហ៊ីបហប និងក្បាច់រាំកម្សាន្តផ្សេងៗជាច្រើនទៀត។ ក្នុងពេលជាមួយគ្នានេះ នៅពេលយប់ គាត់លួចទៅភ្នាល់វាយតប់គ្នានៅទីលានប្រយុទ្ធដ៏ល្បីល្បាញនៅបូស្តុនថែមទៀតផង។ ក្រោយមកឳពុកម្តាយរបស់លោក ក៏សម្រេចចិត្តបញ្ជូនកូនឲ្យទៅរៀនក្បាច់គុន Wu Shu នៅសាលារៀនល្បីល្បាញនៅប៉េកាំង។

គាត់បានរស់នៅទីក្រុងហុងកុងមួយរយៈ ក្រោយមកគាត់ក៏ទៅប៊ូស្តុនវិញ។ នៅតាមផ្លូវធ្វើដំណើរ គាត់បានជួបអ្នកដឹកនាំរឿងក្បាច់គុនចិនដ៏ល្បី លោក Yuen Woo-ping នោះហើយជាពេលវាសនាលោកត្រូវប្រែប្រួល។

អាជីពសម្តែង

លោក Donnie Yen បានលេចមុខឡើងនៅលើឆាកខ្សែភាពយន្តហុងកុងនៅពេលដែលគាត់សម្តែងក្នុងរឿងដំបូងមានចំណងជើងថា Drunken Tai Chi ជាស្នាដៃដឹកនាំផ្ទាល់របស់លោក Yuen Woo-ping។ តាមរយៈខ្សែភាពយន្តដំបូងបង្អស់របស់គាត់ វាធ្វើឲ្យលោក Donnie Yen ក្លាយជាកំពូលតារាសម្តែងឈានមុខគេក្នុងវិស័យភាពយន្តចិនរហូតមកដល់សព្វថ្ងៃ។

ដោយសារតែជំនាញរាំតាំងពីក្មេង លោកក៏ត្រូវបានអ្នកដឹកនាំរឿហឲ្យសម្តែងជាតួរាំតាមចិញ្ចើមថ្នល់ក្នុងខ្សែភាពយន្តទី ២ “Mismatched Couples”។ សាច់រឿងបែបកំប្លែងលាយលំភាពរ៉ូមែនទិក ហើយវាត្រូវបានផលិតឡើងដោយស្ទូឌីយោ Cinema City ដ៏ល្បីល្បាញនៅហុងកុង។

ក្រោយមកទៀត លោក Donnie ត្រូវបានចុះហត្ថលេខាជាបន្តបន្ទាប់ជាមួយផលិតខ្សែភាពយន្ត D & B Films ដែលទើបតែបានបង្កើតឡើង និងសម្ដែងក្នុងរឿង “Tiger Cage” ជាខ្សែភាពយន្តទី ៣ របស់គាត់។ នៅក្នុងខ្សែភាពយន្តនេះ គាត់បានបង្ហាញពីសមត្ថភាពពិសេសដ៏អស្ចារ្យ ពីការប្រើប្រាស់ក្បាច់គុនដ៏រហ័សរហួន ភាពប៊ិនប្រសព្វ វាយទាត់ធាក់ និងបញ្ចេញក្បាច់ប្រដាល់តាមបែបបស្ចឹមប្រទេសគ្មានឆ្គងកន្លែងណាឡើយ។

ភ្លាមៗ គាត់បានស្រូបយកអ្នកទស្សនារាប់សិបលាននាក់មកពីទូទាំងពិភពលោកទទួលការគាំទ្រយ៉ាងខ្លាំងក្លា។ មូលហេតុទាំងអស់នេះ ទើបគាត់បានក្លាយជាតារាសម្តែងអាស៊ីឯករាជ្យមួយរូបដ៏ល្បីល្បាញ។ បន្ទាប់មកម្ចាស់ផលិតកម្មភាពយន្តលោក Tsui Hark ឲ្យគាត់ចូលរួមសម្តែងក្នុងរឿង “Once Upon A Time in China 2” ។ ឈុតឆាកក្នុងរឿងនេះកាន់តែអស្ចារ្យថែមទៀតដោយរួមសម្តែងជាមួយមិត្តភក្តិចាស់របស់គាត់គឺ Jet Li។ ក្រោយពីចាក់បញ្ចាំងរួច គាត់ក្លាយជាតារាសម្ដែងដែលមានអ្នកគាំទ្រច្រើនបំផុតនៅហុងកុង និងទទួលបានពានរង្វាន់តារាសម្តែងឆ្នើមទៀតផង។

លោក Tsui Hark ក៏ចាប់ផ្តើមផលិតឡើងវិញនូវខ្សែភាពយន្ត New Dragon Inn បែបសម័យកាលចិនបុរាណ។ អ្វីដែលសំខាន់ តួអង្គឯកក្នុងរឿងនេះគឺមិនអាចមើលរំលងលោក Donnie Yen បានទេ។

ការងារសម្តែងរបស់លោកកាន់តែទទួលបានការគាំទ្រកាន់តែខ្លាំងឡើង។ យ៉ាងណាក៏គាត់មិនភ្លេចអ្នកដឹកនាំរឿងដំបូងរបស់លោកដែរ គាត់ក៏ចូលសម្តែងជាថ្មីរបស់ស្នាដៃលោក Yuen Woo-ping សម្រាប់រឿង “Iron Monkey” ដែលជាខ្សែភាពយន្តដែលបង្ហាញពីជំនាញសម្ដែង និងសកម្មភាពសម្តែងដ៏លេចធ្លោរបស់គាត់។ រឿងបន្ទាប់ដែលលោកសម្តែងសហការជាមួយអ្នកដឹកនាំរឿងនេះដដែល គឺរឿង “Ip Man” ។ ខ្សែភាពយន្តទាំងពីរទទួលបានការគាំទ្រហួសពីការរំពឹងទុក។

“Iron Monkey” បន្ទាប់ពីចាក់បញ្ចាំងនៅអាស៊ីរួចមក មួយឆ្នាំក្រោយមកខ្សែភាពយន្តនេះត្រូវបានផលិតកម្មដ៏ល្បីនៅអាមេរិក Miramax សុំទិញសិទ្ធិផលិតឡើងវិញ និងត្រូវបានចាក់បញ្ចាំងទូទាំងរោងកុននៅអាមេរិក។ បន្ទាប់ពីការបញ្ចាំងជាលើកដំបូងនៅក្នុងទីក្រុង New York និងទីក្រុង Los Angeles ខ្សែភាពយន្តនេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រនៅអាមេរិក ហើយបានឈ្នះពានរង្វាន់ប្រចាំឆ្នាំ Taurus Awards ដែលជាព្រឹត្តិការណ៍មួយដែលប្រារព្ធឡើងដើម្បីអបអរសាទរវិស័យភាពយន្ត។

ក្រោយៗមកទៀត ដោយសារភាពល្បីល្បាញពីសមត្ថភាពសម្តែង ភាពប៊ិនប្រសព្វក្នុងការប្រើប្រាស់ក្បាច់ចិន ជំនាញខាងរាំ និងលេងព្យាណូ ជាកត្តាជម្រុញឲ្យលោកកាន់តែមានភាពល្បីរន្ទឺទូទាំងពិភពលោក។ ចំណែកការងារសម្តែងនៅតែបន្ត ហើយទួលបានការគាំទ្រដ៏ខ្លាំងក្លាពីសំណាក់ទស្សនិកជន។ រីឯពានរង្វាន់ដែលគាត់ទទួលបានច្រើនរាប់មិនអស់ទេ។

រឿងជីវិតផ្ទាល់ខ្លួន

ងាកមកមើលជីវិតឯកជនរបស់គាត់វិញម្តង គាត់បានរៀបការជាមួយតារាសម្តែងស្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះថា Cissy Wang ។ បច្ចុប្បន្នប្តីប្រពន្ធនេះមានកូនពីរនាក់ ស្រី ១ និងប្រុស ១ ឈ្មោះថា Jasmine និង Jame៕

Leave a Reply

Your email address will not be published. Required fields are marked *