លក់ដាច់ណាស់! មាន់អាំង យាយលុន លក់ដាច់មួយថ្ងៃ រហូតដល់ ៦០០ ក្បាល

មាន់អាំងរបស់លោកយាយ លុន ហើយ ដែលមានភាពល្បីល្បាញជាយូរណាស់មកហើយ ដែលស្ថិតតាមផ្លូវជាតិលេខ៦អា ឆ្លងកាត់ ឃុំសរសស្តម ស្រុកពួក ខេត្តសៀមរាបនោះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ គឺលោកយាយអាចលក់មាន់អាំងអស់រហូតទៅដល់ ៦០០ក្បាល ក្នុងមួយថ្ងៃឯណោះ។

អ្នកដំណើរ និង ភ្ញៀវទេសចរ កាលបើធ្វើដំណើរ ឆ្លងកាត់តំបន់នេះ នឹងបានឃើញប្រជាពលរដ្ឋ ដែលរស់នៅក្នុង ភូមិស្វាយ ឃុំសរស្តម ស្រុកពួក ខេត្តសៀមរាប ប្រមាណជា ៥ គ្រួសារ បាននាំគ្នាប្រកបមុខរបរអាំងមាន់ កង្កែបបោក ពងមាន់ ពងទា ត្រីស្រែ លក់ ដែលមានរស់ជាតិយ៉ាងឆ្ងាញ់ពិសាមិនខាន ។

លោកយាយ លុន ត្រូវបានល្បីតៗគ្នាថា ជាម្ចាស់មាន់អាំងដែលមានរសជាតិឆ្ងាញ់ជាងគេ ហើយក្នុងមួយថ្ងៃគាត់អាចលក់មាន់អាំងអស់ចាប់ពី ៤០០ ក្បាល ទៅ ៦០០ ក្បាល ដោយមិនរាប់បញ្ជូល កង្កែបបោក ពង់ទាស្ងោរ និង ត្រីស្រែស្រស់ សម្រាប់អាំងរងចាំទទួលភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលបានធ្វើដំណើរឆ្លងកាត់ទីនេះ។

យាយ លុន ប្រាប់ថា លោកយាយជាជនពិការជើងម្ខាង មុនពេលមាន់អាំងលោកយាយ មានឈ្មោះល្បីល្បាញនេះ គឺលោកយាយ នាំកូនលក់មាន់អាំងជាធម្មតាដូចគេឯង តែអ្នកធ្វើដំណើរ មានការអាណិតអាសូរ ដោយឃើញលោកយាយជាជនពិការ ក៏នាំគ្នាជួយទិញលោកយាយ ក្រោយ​មកលោកយាយក៏ពង្រឹងនូវគុណភាពប្រឡាក់សាច់ និង ការរកមាន់ ដែលមានសុខភាពល្អ និង ជាមាន់ស្រែដែលចិញ្ចឹមតាមភូមិ មកលក់ជូនអតិថិជនពិសារ

បន្ទាប់មកក៏មានអ្នកមកចូលទិញយ៉ាងច្រើន ធ្វើឱ្យគាត់ចាំបាច់ ត្រូវពង្រីកមុខរបរ ពង្រីករោងលក់ និង នាំកូនក្មួយមកជួយលក់បច្ចប្បន្នមានរហូតដល់ទៅ ២០ នាក់ ហើយថ្ងៃធម្មតា អាចលក់បានចាប់ពី ៣៥០ ទៅ៤០០ក្បាល ។ ចំណែកនៅថ្ងៃបុណ្យទានអាចលក់មាន់បានដល់ទៅ ៦០០ ក្បាលឯណោះ។

តាមបុរសម្នាក់ដែលជាអតិថិជនរបស់លោកយាយ លុន បានឱ្យដឹងថា គាត់តែងតែមកទិញមាន់អាំងទីនេះ រាល់ពេលជិះឆ្លងកាត់តំបន់នេះ ហើយមូលហេតុដែលនាំឱ្យលោកជួយទិញមាន់អាំងលោកយាយគឺលោកមានជឿជាក់ និង ទុកចិត្តចំពោះការ ប្រកបអាជីវកម្មរបស់លោកយាយ ដែលជាមាន់ ដែលមានសុខភាពល្អ ចិញ្ចឹមនៅតាមផ្ទះ អ្នកភូមិ និង ជាមាន់ដែលមានរសជាតិឆ្ងាញ់ពិតៗ៕

Leave a Reply

Your email address will not be published. Required fields are marked *