គួរអោយកោតសរសើរណាស់!!! កូនប្រុសរបស់កសិករហ្វីលីពីន ម្នាក់បានជំនះភាពក្រីក្រ​ រហូតទទួលបានអាហារូបករណ៍នៅសកលវិទ្យាល័យ​ Harvard

បរទេស៖ មានមនុស្សតិចតួចណាស់ដែលគិតថាការខិតខំប្រឹងប្រែងព្យាយាម អាចឆ្ពោះទៅរកភាពជោគជ័យ ប៉ុន្តែថ្មីៗនេះមានក្មេងប្រុសក្រីក្រម្នាក់ ជនជាតិហ្វីលីពីន បានបញ្ជាក់ឲ្យពិភពលោកដឹងយ៉ាងច្បាស់ពីភាពតស៊ូខិតខំរៀនសូត្រ ទោះបីជាគ្រួសារមានភាពក្រីក្រលំបាកយ៉ាងម៉េចក៏ដោយ ក៏គេនៅតែប្រឹងប្រែងជំនះរហូតទទួលបានអាហារូបករណ៏នៅសាកលវិទ្យាល័យហាវ៉ាដ (Harvard University) ដ៏ល្បីល្បាញ នៅសហរដ្ឋអាមេរិច។

យោងទៅតាមសារព័ត៌មាន Elite Readers បានឱ្យដឹងថា ក្មេងប្រុសនោះមានឈ្មោះ Romnick L. Blanco បានធំឡើងនៅខេត្ត Bulacan ក្នុងប្រទេសហ្វីលីពីន។ គាត់ជាកូនប្រុសកសិករហ្វីលីពីនម្នាក់ ដែលឪពុករបស់គាត់ចង់អោយកូនទទួលបានការអប់រំរៀនសូត្រត្រឹមត្រូវដូចក្មេងដទៃ Romnick​ បានយកក្តីសុបិនរបស់ឪពុកគាត់យកមកទុកក្នុងខ្លួនជានិច្ច Romnick ត្រូវដើរឆ្លងទន្លេរាល់ថ្ងៃដើម្បីទៅសាលារៀន ប៉ុន្តែគាត់មិនដែលបោះបង់ក្តីសង្ឃឹមឪពុកគាត់ទេ គាត់តែងតែខិតខំរៀនសូត្រ មិនដែលអាក់ខានមួយថ្ងៃក្នុងការទៅសាលារៀន មិនយូរប៉ុន្មានគាត់ក៏បានក្លាយជាសិស្សពូកែជាងគេនៅក្នុងថ្នាក់។

ដោយការខិតខំតស៊ូ នឹងភាពវៃឆ្លាតរបស់ Romnick​ គាត់ត្រូវបានទទួលការគាំទ្រពីមូលនិធិបេតិកភណ្ឌមរតក ដែលជាសប្បុរសធម៌ក្នុងតំបន់ជួយដល់កុមារកសិករក្រីក្រ អង្គការនេះបានផ្តល់ការសិក្សាចូលរៀនថ្នាក់ភាសាអង់គ្លេស និងកុំព្យូទ័រ ថែមទាំងផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់ការទៅសាលារៀន ជារៀងរាល់ខែទៀតផង។

មិនយូរប៉ុន្មានដោយអង្គការនេះបានមើលឃើញពីសម្ថភាពពិតប្រាកដរបស់គាត់ មូលនិធិនេះបានផ្តល់អាហារូបករណ៍ពេញលេញដល់គាត់ដើម្បីចូលរួមសិក្សានៅក្នុងសាលាអន្តរជាតិម៉ានីល នៅទីនោះគាត់បានបញ្ចប់ការសិក្សាដោយទទួលបានកិត្តិយកំពូល Romnick​ ត្រូវបានសាកលវិទ្យាល័យអន្តរជាតិជាច្រើនចាប់អារម្មណ៍ក្នុងការផ្តល់អាហារូបករណ៍១០០% ដល់គាត់ក្នុងការបន្តការសិក្សានៅសកលវិទ្យាល័យ។

យុវជនរូបនេះមានជម្រើសជាច្រើនក្នុងការជ្រើសរើសយកសកលវិទ្យាល័យដើម្បីធ្វើការរៀនបន្ត ហើយក្នុងចំណោមមហាវិទ្យាល័យល្បី ៗនោះមានដូចជា សាកលវិទ្យាល័យ Wesleyan, សាកលវិទ្យាល័យ Dartmouth និងសាកលវិទ្យាល័យ Abu Dhab ដែលស្ថិតនៅទីក្រុង ​New York តែទោះយ៉ាងណាទីបំផុត Romnick​ ​បានជ្រើសរើសទទួលយកអាហារូបករណ៍១០០% នៅសកលវិទ្យាល័យ Harvard ដែលជាសកលវិទ្យាល័យមានកិត្យានុភាពបំផុតក្នុងពិភពលោក។

ចំពោះរឿងរ៉ាវរបស់និស្សិតហ្វីលីពីន វ័យក្មេងរូបនេះត្រូវបានគេកត់សម្គាល់យ៉ាងខ្លាំង ព្រមទាំងបានបំផុសគំនិតយុវជនជាច្រើនដែលរស់នៅក្នុងប្រទេសហ្វីលីពីន ឲ្យមានការខិតខំប្រឹងប្រែង ចេះឈោងចាប់ក្ដីស្រមៃដែលខ្លួនចង់បាន តែអ្វីដែលសំខាន់គឺការស្គាល់ខ្លួនឯងឲ្យច្បាស់ ហើយត្រូវតែកំណត់គោលដៅជីវិតឲ្យច្បាស់ ៕

ប្រភព៖kbn

Leave a Reply

Your email address will not be published. Required fields are marked *