សូម្បីតែអ្នកវិទ្យាសាស្រ្ត ក៏ទាល់គំនិត! ចំពោះបាតុភូតមិនប្រក្រតីនៃភពផែនដីយើង

ជាការពិតណាស់ ភពផែនដីយើងនេះ គឺនៅតែពោរពេញទៅដោយ ភាពមិនប្រក្រតី និងអាថ៌កំបាំងជាច្រើន ដែលសូម្បីតែអ្នកវិទ្យាសាស្រ្តក៏គ្រវីក្បាល រហូតគេជឿថាវាជាអព្ភូតហេតុ របស់ភពផែនដីតែម្តង។

ចង់ដឹងថាមានភាពចម្លែក និងមិនគួរឲ្យជឿកម្រិតណានោះ សូមប្រិយមិត្តទាំងអស់គ្នា តាមដានអត្ថបទខាងក្រោមនេះ ទាំងអស់គ្នា ៖

១. ជ្រលង Gravity Hills នៅប្រទេស ឥណ្ឌា

ប្រសិនបើអ្នកហ៊ានតែចតឡានចោល នៅនឹងជើងភ្នំ ដោយដាក់អក្សរ N នោះឡាន នឹងចាប់ផ្តើមរំកិលឡើងទៅលើភ្នំជាមិនខាន។ ជាក់ស្តែង វាគ្មានកម្លាំងអ្វីដែលអាចទាញរថយន្តឡើងទេ ប៉ុន្តែបាតុភូតនេះ គេបានប៉ាន់ស្មានថាប្រហែលជាទំនាញរបស់ភ្នំ។

២. ថ្ម Dolmens នៅប្រទេស Roknia កូរ៉េ ចិន ឥណ្ឌា អ៊ីស្រាអែល និងរុស្ស៊ី

ដុំថ្មបុរាណ គរលើគ្នា មានរាងដូចជាតុ ត្រូវបានរកឃើញនៅតាមបណ្តាប្រទេសជាច្រើនខុសៗគ្នា។ អ្នកបុរាណវិទ្យា គិតថាវាប្រហែលជា ផ្នូររបស់ពួកបូជាចារ្យបុរាណ។ ជាពិសេស ថ្មទាំងនោះ អាចធ្វើឲ្យនាឡិកា និងឧបករណ៍អេឡិចត្រូនិច ប្រែជាមានដំណើរការមិនប្រក្រតីបានទៀតផង។

៣. ទឹកជ្រោះ Eternal Flame Falls នៅសហរដ្ឋអាមេរិក

ទឹកជ្រោះធម្មជាតិមួយនេះ ក៏មានភាពមិនប្រក្រតីពីធម្មជាតិដែរ ដោយវាមានចំហេះឧស្ម័ន ឬជួនកាលមានឆេះជាអណ្តាតភ្លើងតែម្តងម្កាល។ គេថែមទាំងមានជំនឿថា អ្នកដែលប្រទះឃើញ និងធ្វើឲ្យអណ្តាតភ្លើងនោះឆេះឡើងវិញ នឹងទទួលបានលាភសំណាងជាមិនខាន។

៤. ប្រាសាទ Frangokastello នៅប្រទេស ក្រិច

នៅរៀងរាល់ឆ្នាំ ប្រហែលជាចុងខែឧសភា មានស្រមោលទាហានដើរ មានសេះ និងប្រដាប់ទៅដោយអាវុធ ធ្វើដំណើរពីវត្ត Agios Charalambos ទៅបន្ទាយរបស់ប្រាសាទ Frangokastello។ បាតុភូតនេះច្រើនកើតឡើងនៅព្រឹកព្រលឹម នៅពេលដែលសមុទ្រមានសភាពស្ងប់ស្ងាត់ និងសំណើមខ្យល់ខ្ពស់ ប្រមាណជា ១០ នាទី ទើបស្ងាត់បាត់ទៅវិញ។

៥. កន្លែងកប់ខ្មោច នៅសាធារណរដ្ឋឆែក

កន្លែងកប់ខ្មោចនេះ មានសំឡេងឮចេញមកជារឿយៗ ទាំងដែលគ្មានមនុស្ស ឬមានក្រុមតន្រ្តីទៅលេងអ្វីសោះ។ ទីនោះមានជម្រៅជាង ៩ ម៉ែត្រពីដីខាងលើ ហើយបើមើលតែមួយភ្លែត វាហាក់ដូចជាមានសភាពធម្មតា ប៉ុន្តែបន្តិចក្រោយមក វានឹងចាប់ផ្តើមប្រែពណ៌ទឹកក្រូចបែកក្រហមបន្តិចម្តងៗ។

៦. ព្រៃថ្ម Stone Forest នៅប្រទេសចិន

Stone Forest នេះត្រូវបានកកើតឡើងតាំងពី ២០០ លានឆ្នាំមុនមកម្ល៉េះ ដែលនៅក្រោមព្រៃនោះមានគុហា Qifeng Cave មួយដ៏អាថ៌កំបាំង ដែលក្នុងខែសីហា ដល់ខែវិច្ឆិកា រៀងរាល់ ៣០ នាទីម្តង ទន្លេនោះចាប់ផ្តើមកួចទឹករយៈពេល ២ ទៅ ៣ នាទី រួចបែកខ្ចាយវិញអស់។

៧. ទន្លេ ៥ ពណ៌ នៅប្រទេស កូឡុំប៊ី

ជាក់ស្តែង វាជាទន្លេមានពណ៌ធម្មតាទេ ប៉ុន្តែក្នុងរដូវក្តៅ វាប្រែជាមានពណ៌ចម្រុះ ដោយសារតែមានសារាយ បង្កជាពណ៌ក្រហម ផ្កាឈូក ខៀវ បៃតង និងលឿង ពាសពេញផ្ទៃទឹក។ យោងទៅតាមរឿងព្រេង គេបានលើកឡើងថា នៅពីក្រោមផ្ទៃទឹកជ្រោះ មានទ្រព្យសម្បត្តិរបស់ “មាតានៃទឹក” ព្រះនាម La Mojana ទៀតផង។

៨. ទឹកឈាមធ្លាក់ នៅឯអង់តាកទិច

ទឹកជ្រោះឈាមនេះ គឺមិនកកទាល់តែសោះ ទោះបីជាសីតុណ្ហភាពស្ថិតក្រោម -១០ អង្សារសេក្តី។ ក្រុមអ្នកវិទ្យាសាស្រ្តមកពី សាកលវិទ្យាល័យ Harvard បានលើកឡើងថា ទឹកឈាម នេះអាចបណ្តាលមកពី ពួកសារពាង្គកាយមីក្រុប ទើបបណ្តាលឲ្យមានបាតុភូតបែបនេះ៕

ប្រភព : Bright Side

Leave a Reply

Your email address will not be published. Required fields are marked *