មេរៀនខ្លះ ដែលមនុស្សគ្រប់គ្នា គួររៀនសូត្រពីសត្វឥន្ទ្រី!

១. ឥន្រ្ទីហោះហើរជាមួយសត្វឥន្រ្ទី៖ សត្វឥន្រ្ទីហោះហើរនៅកម្ពស់ខ្ពស់បំផុត ដូចនេះគ្មានបក្សីណា​ដែល​អាច បណ្តែតកាយក្នុងកម្ពស់នេះបានឡើយ ក្រៅពីគ្នាវានោះទេ។ វាមិនដែលហោះហើរជាមួយ​បក្សីផ្សេងៗដូចជា សត្វចាប សត្វក្អែក ឬហ្វូងបក្សីផ្សេងទៀតឡើយ។

២. ឥន្ទ្រីមានទស្សនៈវិស័យវែងឆ្ងាយ និងមានការផ្តោតអារម្មណ៍ខ្លាំង៖ បក្សីប្រភេទមានសំឡឹង​មើល​បាន​ឆ្ងាយណាស់ រហូតដល់រយៈចំងាយជាង ៥០០០ម៉ែត្រ។ នៅពេលដែលវាសំឡឹងទៅរកចំណី ឬ​កំណត់​ទិសដៅណា ហើយ វានឹងហោះសំដៅទៅតែម្តងដោយមិនខ្វល់ពីឧបសគ្គអ្វីឡើយ។ ទោះបីមាន​ឧបសគ្គអ្វីក៏ដោយ ក៏មិនអាច ធ្វើឲ្យសត្វឥន្ទ្រីចាកចេញពីគោលដៅដែលខ្លួនបានដៅទេ ពោលគឺរហូត​ទាល់តែចាប់ចំណី ឬដល់គោលដៅ របស់ខ្លួន។

៣. ឥន្ទ្រីមិនស៊ីសត្វងាប់ (សាកសព)៖ ខុសពីសត្វត្មាតដែលស៊ីសត្វងាប់ ឥន្រ្ទីវិញស៊ីតែរបស់ស្រស់ៗ តែ ប៉ុណ្ណោះ។ មនុស្សគួរតែប្រុងប្រយ័ត្នខ្ពស់ជាមួយអ្វីដែលត្រូវមើល ឬត្រូវស្តាប់ពិសេសគឺព័ត៌មាន ដែលថ្មីៗក្តៅៗ។ មនុស្សត្រូវតែ បង្កើនការស្រាវជ្រាវឲ្យបានប្រសើរបំផុត។

៤. ឥន្ទ្រីចូលចិត្តព្យុះ៖ ស្របពេលដែលសត្វបក្សីទាំងឡាយហើរឆ្លេឆ្លា និងស្វែងរកទីសុវត្ថិភាពពេលខ្យុះ​ខ្លាំងម្តង​ៗ​ តែសត្វឥន្ទ្រីបែរជារីករាយជាមួយព្យុះទៅវិញ។ ពេលជួបខ្យល់ព្យុះ វាតែងតែហើរឡើងឲ្យខ្ពស់ រួចសំកាំងស្លាប ដោយបណ្តោយខ្លួនតាមខ្យល់ទៅរកគោលដៅដែលវាត្រូវទៅ ដោយមិនចាំបាច់ប្រើ​កំលាំង​ហើរឡើយ។ មានន័យ​ថា ឥន្ទ្រីចេះទាញយកប្រយោជន៍ពីឧបសគ្គ។

៥. ឥន្ទ្រីចេះសាកល្បងមុនពេលទុកចិត្ត៖ មិនមែនចេះតែទុកចិត្តអ្វីមួយឡើយ ពោលឥន្ទ្រីត្រូវតែធ្វើការ​ពិសោធន៍​មុនពេលជឿជាក់លើអ្វីមួយ។ ជាក់ស្តែងបើឥន្ទ្រីឈ្មោលណាចង់ស្រលាញ់ឥន្ទ្រីញី ត្រូវតែឆ្លង​កាត់​ការ​សាកល្បង​មួយ។ ឥន្ទ្រីញីហើរទៅក្រោមទៅពាំយកមែកឈើ ដោយឲ្យឥន្ទ្រីឈ្មោលហើរតាម រួចឥន្ទ្រីញីហើរឡើងលើ​ឲ្យខ្ពស់​ហើយ​បោះ មែកឈើចុះមកដី។

ឃើញបែបនេះឥន្ទ្រីឈ្មោលដែល​តាម​ស្រលាញ់នាង ត្រូវតែហើរប្រដេញ​ដើម្បីតាម​ចាប់​មែកឈើ ដែលធ្លាក់នោះមិនត្រូវឲ្យធ្លាក់ដល់​ដីទាន់​ឡើយ។ ក្រោយចាប់បានហើយ ឥន្ទ្រីឈ្មោលត្រូវ​យកមែក​ឈើនេះទៅឲ្យឥន្ទ្រី ញីវិញ។ ក្រោយទទួល ឥន្ទ្រីញីបានពាំមែកឈើនោះហើរទៅលើឲ្យខ្ពស់ជាងលើមុន រួចទម្លាក់​វាចុះមកដីម្តងទៀត ដើម្បីឲ្យអា​ឈ្មោល​តាមចាប់ទៀត។ ធ្វើបែបនេះរហូតដល់ឥន្ទ្រីញីពេញចិត្តនឹងសមត្ថភាព ការតស៊ូព្យាយាមរបស់ ឥន្ទ្រី​ឈ្មោលហើយ ទើបវាស្រលាញ់។ ទោះក្នុងជីវិតអាពាហ៍ពិពាហ៍ ឬជំនួញក្តី អ្នកត្រូវការ​ធ្វើ​តេស្តការ​ប្តេជ្ញាចិត្ត និងសមត្ថភាពដៃគូសិន មុនពេលរួមរស់ ឬធ្វើជំនួញជាមួយគ្នា។

៦. ឥន្ទ្រីរៀបចំខ្លួនរួចរាល់សម្រាប់ការផ្លាស់ប្តូរ៖ មុនពេលបង្កើតកូន ឥន្ទ្រីតែងតែស្វែង​យក​កន្លែង​ដែល​ខ្ពស់​បំផុត ពិសេសតាមជ្រលងភ្នំ ឬមែកឈើខ្ពស់ៗ ដើម្បីឲ្យផុតពីសត្រូវផងទាំងពួង។ សត្វឥន្ទ្រីឈ្មោល​ត្រូវ​​តែ​ហើរ​មកដីដើម្បី​ស្វែងរកបន្លា មែកឈើងាប់ និងស្មៅទន់ៗ ដើម្បីធ្វើជាសំបុកសម្រាប់សម្រាល។ ទាំង​បន្លា មែកឈើ និងស្មៅទន់ៗទាំងនោះត្រូវបានរៀបចំយ៉ាងល្អ ទាំងក្នុងបំណងការពារ និងបង្កភាព​ងាយ​ស្រួល​សម្រាប់​ការបង្កើតកូន។ ក្រោយពេលសម្រាលរួច ទាំងឪពុក ទាំងម្តាយត្រូវសហការ​គ្នាដើម្បី​បង្រៀនកូនឲ្យចេះ ហើរ និងមានភាពក្លាហាន។

ពួកគេបានបោះកូនចេញក្រៅសំបុក រួចបណ្តាលឲ្យ​ធ្លាក់​ដោយ​​មានម្នាក់ចាំ​ទទួល ឬក៏បោះឡើងលើឲ្យកូនតូចធ្លាក់ក្នុងសំបុកវិញ។ ពួកគេធ្វើបែបនេះ​រហូត​ដល់កូន​​របស់ខ្លួនចេះ​ហើរ និង​មានភាពក្លាហានគ្រប់គ្រាន់ដើម្បីរស់នៅដោយឯករាជ្យបាន។

៧. ជម្រុះចោលនូវទម្លាប់ចាស់៖ ពេលឥន្ទ្រីកាន់តែចាស់ស្លាប ឬរោមរបស់វាកាន់តែខ្សោយទៅៗ ដែលធ្វើឲ្យមិនអាចហោះហើរបានលឿនឡើយ។ ពេលដែលវាមានអារម្មណ៍ថាខ្សោយ និងគិតពី​សេចក្តី​ស្លាប់ វាតែងតែហើរទៅកន្លែងដ៏ស្ងប់ស្ងាត់បំផុត ពិសេសគឺក្នុងរូងថ្ម។ វាព្យាយាមត្រដុសខ្លួននឹងថ្ម ឬខាំ​បោច ដើម្បី​ឲ្យ​​រោមចាស់ៗជ្រុះ រហូតអស់ពីខ្លួន។ បន្ទាប់មក វាបន្តរស់នៅក្នុងជីវិតស្ងប់ស្ងាត់នេះ​រហូត​ដល់​រោមថ្មីដុះ មកវិញ ទើបវាហើរចេញមកជីវិតខាងក្រៅវិញ។

ប្រភព៖ Crazy Monday

Leave a Reply

Your email address will not be published. Required fields are marked *