មិនសរសើរ មិនបានទេ! ពិការ​ជើង​តែ​មិន​ពិការ​ចិត្ត​ រក​ស៊ី​សុចរិត​ចិញ្ចឹម​ប្រពន្ធ​កូន ទាំងមិននឿយហត់…(មានវីដេអូ)

កំពុងអូសរទេះអេតចាយនៅក្រោមកម្ដៅថ្ងៃដ៏ក្ដៅខ្លាំងដោយប្រើតែជើងម្ខាងនិងឈើច្រត់មួយដើមបុរសមានរាងស្គមមួយរូបបានរៀបរាប់ថាលោកមានឈ្មោះស្រេវីរៈហើយមានមុខរបរជាអ្នកដើរទិញអេតចាយ។

បុរសដែលមានស្រុកកំណើតនៅខេត្តកណ្ដាលរូបនេះបានរំលឹកថាលោកបានមករស់នៅទីក្រុងភ្នំពេញប្រមាណជាង១០ឆ្នាំមកហើយដើម្បីស្វែងរកការងារធ្វើព្រោះតែជីវភាពខ្វះខាតនិងធ្លាក់ខ្លួនក្លាយជាជនពិការជើងមួយរូប។

ដំបូងឡើយលោកមានការងារជាអ្នកចាក់ជើងឆត្រស៊ីម៉ង់អោយគេប៉ុន្តែដោយសារថៅកែជំពាក់លុយមិនព្រមបើកអោយលោកក៏សម្រេចចិត្តឈប់ធ្វើការកន្លែងនោះហើយបានមកសុំការងារថ្មីពីថៅកែអេតចាយមួយរូប។ដោយក្ដីអាណិតស្រលាញ់ថៅកែអេតចាយក៏អនុញ្ញាតអោយសង់ខ្ទមតូចមួយលើដីរបស់គាត់ដើម្បីស្នាក់នៅនិងប្រកបរបរនេះវិញ។មិនតែប៉ុណ្ណោះគាត់ក៏អោយខ្ចីរទេះនិងផ្ដល់លុយ៣ម៉ឺនរៀលសម្រាប់ធ្វើដើមរកស៊ីទៀតផង។

លោកបានថ្លែងថាក្រោយមកលោកក៏ជួបនឹងប្រពន្ធរបស់លោកដែលជាអ្នកទិញអេតចាយដូចគ្នាហើយក៏ទទួលបាននូវចំណងដៃកូន២នាក់ដោយបច្ចុប្បន្នម្នាក់មានអាយុ៦ឆ្នាំនិងម្នាក់ទៀតមានអាយុ៣ឆ្នាំ។ដោយសារជីវភាពក្រីក្ររកព្រឹកខ្វះល្ងាចលោកពុំមានលទ្ធភាពបញ្ជូនកូនទៅសាលារៀននោះឡើយប៉ុន្តែថ្ងៃមួយពេលដែលលោកអូសរទេះអេតចាយដឹកកូនទៅជាមួយក៏មានសមាជិកអង្គការក្រៅរដ្ឋាភិបាលម្នាក់បានឃើញហើយបានអនុញ្ញាតអោយកូនរបស់គាត់ចូលរៀនដោយឥតគិតថ្លៃនៅសាលាអង្គការ។

បុរសវ័យ៣៨ឆ្នាំរូបនេះបាននិយាយថាក្នុងមួយថ្ងៃលោកអាចរកចំណូលបានពី៥-៨ពាន់រៀលប៉ុន្តែថ្ងៃខ្លះក៏អូសរទេះទទេមកផ្ទះផងដែរ។លោកបានពន្យល់ថាដោយសារតែឥឡូវតម្លៃនៃអេតចាយចុះថោកខ្លាំងម្ល៉ោះហើយមនុស្សភាគច្រើនមិនសន្សំទុកដូចកាលពីមុនឡើយគឺភាគច្រើនពួកគាត់បោះចោលក្នុងថង់សំរាមតែម្ដង។

ចំពោះការលំបាកវិញគឺលោកមិនអាចដើរឆ្ងាយបាននោះឡើយព្រោះតែលោកពិការជើងម្ខាង។ជាទូទៅលោកអូសរទេះបាន២០០ម៉ែត្ររួចត្រូវឈប់សម្រាកម្ដងទើបបន្តដំណើរទៅមុខទៀត។ពេលខ្លះត្រូវរុញកាត់ភ្លៀងខ្យល់និងក្រោមកម្ដៅថ្ងៃដ៏ក្ដៅខ្លាំង។ហើយអ្វីដែលលំបាកជាងនេះទៀតគឺពេលអូសរទេះឡើងទួលចុះទួលម្ដងៗ។

ថ្វីត្បិតតែជីវិតពោរពេញដោយការលំបាកបែបនេះក្ដីក៏លោកបានពុះពារប្រកបរបរនេះជិត១០ឆ្នាំមកហើយដែរដើម្បីចិញ្ចឹមប្រពន្ធកូនដោយលោកមិនបានដើរសុំទានគេនោះឡើយ។លោកបានលើកឡើងថាការដើរសុំទានគេគឺជាអ្វីដែលធ្វើអោយលោកខ្មាស។

បច្ចុប្បន្នគ្រួសាររបស់លោកកំពុងស្នាក់នៅក្នុងខ្ទមតូចមួយក្នុងដីឡូរបស់ថៅកែអេតចាយដែលស្ថិតនៅភូមិសន្សំកុសលIសង្កាត់បឹងទំពុនខណ្ឌមានជ័យរាជធានីភ្នំពេញ(ជិតបុរី៩៩៩)។

Leave a Reply

Your email address will not be published. Required fields are marked *