ពិតទេ? ការរៀបអាពាហ៍ពិពាហ៍ជាប់សាច់ឈាមឯង (ជីដូនមួយ) អាចធ្វើអោយកូនកើតមកមិនគ្រប់លក្ខណៈ!
តើអ្នកធ្លាប់លឺទេថា ការផ្សារសាច់ផ្សារឈាមបងប្អូនឯង អាចធ្វើអោយកូនកើតមកមិនឆ្លាត រឺក៏មានជំងឺម្យ៉ាងហៅថាជំងឺក្រូម៉ូសូម ។ ជាក់ស្តែង យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក ឈ្មោះ Tuy Pich បានរៀបរាប់អំពីជំងឺក្រូម៉ូសូមនេះយ៉ាងក្បោះក្បាយដូច្នេះថា ៖
«វេលាព្រឹកមួយនាថ្ងៃទី ៨ កក្កដា ឆ្នាំ ២០១០ (១០ ឆ្នាំមុន) នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ខ្ញុំបានពិនិត្យមើលអេកូផ្ទៃពោះស្រ្តីម្នាក់ដែលមានគភ៌អាយុ ៥ ខែ កន្លះ ហើយប្រាប់គាត់ថា « កូនអ្នកមានភ្នែកតែមួយនៅចំកណ្តាល (cyclopie) អត់មានច្រមុះទេ (arhinie) ជាពិសេសមានដុះប្រមោយនៅលើថ្ងាសដូចដំរី (proboscis) និង មានទឹកដក់ក្នុងខួរក្បាលទៀត (hydrocéphalie : holoprosencéphalie » ។ គាត់សួរខ្ញុំថា « ហេតុអីបានជាបែបហ្នឹង ?» ខ្ញុំឆ្លើយប្រាប់គាត់ថា « មូលហេតុមកពី អ្នក និងប្តីអ្នក ជាបងប្អូនជីដូនមួយនឹងគ្នា (ម្តាយ-ម្តាយ ជាបងប្អូនបង្កើត)» ។
ស្អែកឡើង ថ្ងៃទី ៩ កក្កដា ឆ្នាំ ២០១០ ក្រោយពេលស្រស់ស្រូបអាហារថ្ងៃត្រង់រួច ខ្ញុំដើរចូលមន្ទីរពេទ្យវិញ ស្រាប់តែឪពុកទារិកានោះស្ទុះមកប្រាប់ខ្ញុំថា « លោកគ្រូអើយ កូនខ្ញុំកើតហើយ មុខដូចលោកគ្រូប្រាប់ចឹង ខ្ញុំអត់ហ៊ានមើលមុខកូនទេ » ។ បានដំណឹងភ្លាម ខ្ញុំក៏ឡើងទៅជាន់ទីមួយផ្នែករោគស្រ្តី ក្រឡេកឃើញភ្លាម មីងឆ្មបក៏យកទារិកានោះមកអោយខ្ញុំមើល បានឱកាស ខ្ញុំក៏យកទូរស័ព្ទ Nokia (សម័យ Nokia ឈានមុខ) ថតយករូបភាព ។
ករណីបែបហ្នឹង យើងអាចមើលឃើញតាំងពីពេលគភ៌មានអាយុ ៣ ខែម្លេះ ។ ប្រសិនបើទុកដល់គ្រប់ខែកើត ប្រហែលជាមានអ្នកសុំទឹកផឹកទៀតផងក៏មិនដឹង ។ នេះជាផលវិបាកធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺក្រូម៉ូសូម (dyschromosomie ជាពិសេស trisomie 13 ou 18 ) ដែលកើតភាគច្រើននៅលើប្តីប្រពន្ធដែលត្រូវជាបងប្អូនជាប់សាច់សារលោហិតនឹងគ្នា ។
ទំលាប់មិនល្អនៃប្រជាជនខ្មែរយើងមួយចំនួន ដែលមានរហូតដល់បច្ចុប្បន្ន គឺ រៀបអាពាហ៍ពិពាហ៍កូនប្រុសស្រី ដែលត្រូវជាបងប្អូនសាច់សារលោហិតនឹងគ្នា ក៏ព្រោះតែពួកគាត់គិតថា កុំអោយបែកទ្រព្យ ឬ ស្រួលដឹងពូជពង្សស្រាប់ …។ ការពិនិត្យអេកូផ្ទៃពោះ ពុំចាំបាច់ត្រូវការ 3D ឬ 4D នោះឡើយ ហើយក៏មិនត្រូវទាមទារ CD ផងដែរ ។
ត្រឹមតែការពិនិត្យដោយ 2D គឺ គ្រប់គ្រាន់ណាស់ទៅហើយ ប្រសិនបើយើងពិនិត្យអោយបានត្រឹមត្រូវទៅតាមពេលវេលានៃគភ៌ និង ថាតើពេលវេលាណាសមស្របសំរាប់ការមើលឃើញសរីរាង្គរបស់ទារក ពីព្រោះឆាប់ពេកអាចមើលមិនទាន់ឃើញ តែបើយឺតពេលពេកអាចនឹងហួសពេល ។ ស្រ្តីមានផ្ទៃពោះ ចាំបាច់ត្រូវតែពិនិត្យអេកូនៅពេលគភ៌មានអាយុ ៣ ខែ ៥ ខែ និង ៧ ខែកន្លះ» ។