វិធីងាយៗសម្រាប់ធ្វើ ខសាច់ជ្រូកពងទា ដ៏ឈ្ងុយឆ្ងាញ់…(មានវីដេអូ)

ខសាច់ជ្រូកពងទា គឺជា អាហារប្រចាំថ្ងៃមួយ ដែលត្រូវបានមនុស្សជាច្រើនតែងតែចម្អិន សម្រាប់បរិភោគជាលក្ខណៈគ្រួសារ។ ដូច្នេះហើយ ប្រសិនបើ ប្រិយមិត្តមានចំណាប់អារម្មណ៍ ចង់សាកល្បងរៀនធ្វើទុកញ៉ាំជាអាហារប្រចាំថ្ងៃនៅឯផ្ទះ អាចធ្វើតាមវិធីខាងក្រោម៖

ខសាច់ជ្រូកពងទា
គ្រឿងផ្សំ៖ សាច់ជ្រូកបីជាន់ ឬ សាច់ជាប់ខ្លាញ់ កន្លះគីឡូ ដែលកាត់ជាដុំៗធំល្មម ពងទា ៦ គ្រាប់ ដែលស្ងោឲ្យឆ្អិន និងបកសម្បកឲ្យស្អាត ទឹកត្រី ២ ស្លាបព្រាបាយ អំបិលបន្តិច ខ្ទឹមសចិញ្ច្រាំរួចបន្តិច ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ ស្ករត្នោត កន្លះពែង ទឹក ២ ពែង ប្រេងខ្យង កន្លះស្លាបព្រាបាយ ប្រេងឆា ១ ស្លាបព្រាបាយ


របៀបធ្វើ៖

១. ជាដំបូង ដាក់ឆ្នាំងក្នុងកម្ដៅទាបរួចដាក់ប្រេងឆាចូល និងដាក់ស្ករត្នោតទៅក្នុងឆ្នាំង ហើយកូរស្កររហូតដល់រលាយចូលគ្នាសព្វ ដល់ចេញពណ៌ក្រហម
២. នៅពេលដែលកូរស្ករចេញពណ៌ក្រហមហើយ ទើបដាក់គ្រឿងផ្សំដូចជា អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ និងប្រេងខ្យង រួចអាចដាក់ទឹកចូលថែមបន្តិចដើម្បីកុំឲ្យ ស្ករខ្លោច ។

ខសាច់ជ្រូកពងទា
៣. បន្ទាប់មកធ្វើការដាក់ពងទាចូល រួចចម្អិនឲ្យវាចេញជាពណ៌ត្នោតចាស់ ហើយដាក់ខ្ទឹមសចិញ្ច្រាំរួចចូលបន្តិច។ បន្ទាប់ពី ពងទាមានពណ៌ល្អ ថែមទាំងចូលជាតិសព្វ ធ្វើការដួសពងទាចេញ ទុកមួយឡែក។

៤. បន្ទាប់មកទៀត ដាក់សាច់ជ្រូកដែលកាត់ជាដុំៗធំល្មម ទៅក្នុងឆ្នាំង រួចកូរឲ្យចូលជាតិ និងចម្អិនឲ្យឆ្អិនល្អ រួចយកពងទាដែលដួសចេញ មកដាក់ចូល ហើយកូរឲ្យប្រយ័ត្នដើម្បីកុំឲ្យពងទាបែក បន្ទាប់មក ដាក់ទឹកចូល ១ ពែង រួចទុកឲ្យពុះ ជាការស្រេច៕​

ប្រភព៖ LyLy Learning
សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *