មូលហេតុដែលប្រជាជនអេហ្ស៊ីបបុរាណគោរពបូជាសត្វឆ្មាខ្លាំងម្លេះ!

ប្រជាជនអេហ្ស៊ីបបុរាណ ក៏ដូចជាសម័យទំនើបគោរពបូជាអទិទេពជាសត្វផ្សេងៗជាច្រើន។ ក្នុងនោះសត្វឆ្មា ជាសត្វមួយដែលប្រជាជនដើមចាត់ទុកជាអទិទេពសំខាន់មួយក្នុងជំនឿរបស់ពួកគេ។

ប្រជាជនប្រទេសចំណាស់នេះ ស្រឡាញ់សត្វឆ្មាជាងអ្វីទាំងអស់ ហើយតែងតែមើលថែសុវត្ថិភាពសត្វឆ្មាខ្ពស់បំផុត។ ប្រសិនមានភ្លើងឆាបឆេះផ្ទះប្រជាជនអេហ្ស៊ីបនឹងជួយសង្គ្រោះសត្វឆ្មាជាមុន ទើបត្រឡប់ទៅរករបស់របរផ្ទាល់ខ្លួនផ្សេងទៀត។ បើឆ្មាចិញ្ចឹមត្រូវងាប់គ្រួសារទាំងមូលនឹងកោររោមចិញ្ចើមកាន់ទុក្ខ ហើយចេះតែបន្តកាន់ទុក្ខរហូតទាល់តែរោមចិញ្ចើមដុះវិញ។ ពេលខ្លះសត្វឆ្មាត្រូវបានគេកប់រួមជាមួយម្ចាស់របស់វា ដើម្បីបង្ហាញថា ពួកគេស្រឡាញ់សត្វចិញ្ចឹមនេះខ្លាំងប៉ុណ្ណា។

មិនត្រឹមតែប៉ុណ្ណោះ អេហ្ស៊ីបសម័យបុរាណ មានច្បាប់តឹងរ៉ឹងណាស់ដើម្បីការពារសត្វឆ្មា។ ប្រសិនបើនរណាម្នាក់សម្លាប់ឆ្មា ទោះបីជាចៃដន្យក៏ដោយ ការពិន័យរបស់រដ្ឋគឺត្រូវស្លាប់។ ក្រៅពីនោះ ការធ្វើជំនួញនាំចេញសត្វឆ្មាទៅប្រទេសដទៃក៏ត្រូវពិន័យធ្ងន់ធ្ងរផងដែរ។ហេតុអ្វីបានជាប្រជាជនអេហ្ស៊ីបពីបុរាណស្រឡាញ់សត្វឆ្មាយ៉ាងខ្លាំងបែបនេះ? ខាងក្រោមនេះជាចម្លើយធំៗទាំង ៣៖

១. ប្រជាជនអេហ្ស៊ីបចាត់ទុកឆ្មាជាអ្នកការពារម្នាក់

សត្វឆ្មាត្រូវបានអ្នកស្រុកអេហ្ស៊ីបបុរាណផ្ដើមចិញ្ចឹមប្រហែលជាមួយម៉ឺនឆ្នាំកន្លងមកហើយ។ កាលជំនាន់ដើម សង្គមអេហ្ស៊ីបបុរាណពឹងផ្អែកលើកសិកម្មជាចម្បង ប៉ុន្តែពួកគេរមែងប្រឈមនឹងបញ្ហាជាច្រើនក្នុងការរក្សាកសិផលឱ្យឆ្ងាយពីសត្វល្អិតដូចជា កណ្តុរ និងពស់ជាដើម។ ខណៈនោះសត្វឆ្មាដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងរបស់ពលដ្ឋ។

មិនយូរប៉ុន្មានគ្រួសារជាច្រើនចាប់ផ្តើមទុកអាហារសម្រាប់សត្វឆ្មា ដើម្បីល្បួងពួកវាមកលេងផ្ទះឱ្យបានទៀងទាត់។ បន្ទាប់មកប្រជាជនអេហ្ស៊ីបស្ទើរតែទាំងអស់មានសត្វឆ្មាចិញ្ចឹមដើម្បីជួយការពារសត្វកកេរនិងការគំរាមកំហែងផ្សេងៗទៀត។ រីឯសត្វឆ្មាវិញ វាក៏ចូលចិត្តរស់នៅជាមួយមនុស្ស ពីព្រោះពួកវាមានបានស៊ីអាហារសល់ដោយមិនចាំបាច់នឿយហត់ និងបានការពារខ្លួនពីការគំរាមកំហែងពីសត្វមំសាសីផងដែរ។

២. ជំនឿទេវកថាពីសត្វឆ្មា

សត្វឆ្មាត្រូវបានប្រជាជនដើមផ្សារភ្ជាប់ជាមួយនឹងជំនោះសាសនាសម័យអេហ្ស៊ីបបុរាណ។ ជាក់ស្ដែងទេពធីតា Mafdet ស្រដៀងនឹងកូនខ្លារខិនតូច គឺជាអាទិទេពដំបូងបង្អស់របស់អេហ្ស៊ីបដែលតំណាងឲ្យភាពយុត្តិធម៌ និងត្រូវបានគោរពបូជាដោយសារព្រះនាងអាចការពារពពួកសត្វពស់។

ទោះយ៉ាងណាទេពធីតា Bastet ជាអទិទេពល្បីល្បាញបំផុតក្នុងចំណោមទេពធីតាឆ្មាទាំងអស់។ ទេពធីតា Bastet មានរូបរាងជាមនុស្សស្រីពាក់កណ្តាលនិងឆ្មារពាក់កណ្ដាល ដែលជាអ្នកថែរក្សាផ្ទះ និងការពារពីអំពើអាក្រក់ ព្រមទាំងជំងឺ។ មនុស្សជាច្រើនគោរពបូជាព្រះនាង ព្រោះទេពធីតារនេះ មានទំនាក់ទំនងជាមួយភាពជាស្ត្រី និងការមានកូនផងដែរ។ ប្រជាជនអេហ្ស៊ីបជាច្រើនជឿជាក់ថា ប្រសិនបើឆ្មាបង្ហាញខ្លួននៅក្នុងក្តីសុបិន្តរបស់ពួកគេ នោះសំណាងល្អនឹងមកដល់។

ទេពធីតា Bastet មានប្រជាប្រិយភាពខ្លាំងណាស់ ជារៀងរាល់ឆ្នាំក្នុងប្រទេសអេហ្ស៊ីបតែងតែប្រារព្ធពិធីដ៏ធំបំផុតមួយដើម្បីគោរពផ្ដល់កិត្តិយសដល់អទិទេពរូបនេះ។
ទោះបីជាមានរូបចម្លាក់ទេពធីតា Mafdet និងអទិទេព Sekhmet ក៏ដោយក៏ទេពធីតា Bastet ជាអទិទេពតែមួយគត់ដែលតំណាងឱ្យសត្វឆ្មារបស់ប្រទេស។

៣. ប្រជាជនអេស្ស៊ីបបុរាណនិងការលះបង់ចំពោះសត្វឆ្មា

នៅឆ្នាំ ៥២៥ មុនគ្រឹស្តសករាជ ស្ដេច Cambyses II មកពីប្រទេសពែរ្ស បានច្បាំងឈ្នះអេហ្ស៊ីបក្នុងសង្រ្គាមដោយសារសត្វឆ្មា។ ព្រះមហាក្សត្ររូបនេះ ដឹងថា ​ប្រជាជនអេស្ស៊ីបស្រឡាញ់ឆ្មា ដូច្នេះទ្រង់បានបញ្ជារឲ្យគេប្រមូលវាឲ្យបានច្រើនតាមដែលអាចធ្វើទៅបានហើយថែមទាំងគូររូបសត្វឆ្មានៅលើខែលប្រយុទ្ធទៀតផង។

នៅពេលស្ដេច Cambyses II ដើរក្បួនឆ្ពោះទៅទីក្រុង Pelusium ប្រទេសអេហ្ស៊ីប មានសត្វឆ្មាជាច្រើនដើរពីមុខក្បួន រីឯសត្វដែលនៅសល់ត្រូវបានដាក់នៅក្នុងដៃរបស់ទាហានពែរ្ស។ ពេលនោះប្រជាជនអេហ្ស៊ីបមានការស្ទាក់ស្ទើរក្នុងការចូលរួមក្នុងសមរភូមិដោយសារតែខ្លាចធ្វើបាបសត្វឆ្មា ទើបពួកគេសុខចិត្តចុះចាញ់ដោយបណ្ដោយឲ្យចក្រភពពែរ្សវាយលុក៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ Science ABC

Leave a Reply

Your email address will not be published. Required fields are marked *