សំណាងមែន! បុរសជាអ្នកនេសាទក្រីក្រម្នាក់ ប្រទះឃើញដុំកម្អួតត្រីបាឡែនដ៏កម្រលើឆ្នេរ…តម្លៃខ្ទង់ជាង ៣០ម៉ឺនដុល្លារ! (មានវីដេអូ)

ថៃ៖ អាចចាត់ទុកបានថា ជារឿងមួយដ៏សំណាងបំផុត ចំពោះបុរសវ័យចំណាស់ជាអ្នកនេសាទក្រីក្រជនជាតិថៃម្នាក់ ក្រោយបានប្រទះឃើញដុំលឿងៗដ៏ចម្លែកមួយ ដែលត្រូវបានគេស្គាល់ថា ជាដុំកម្អួតត្រីបាឡែន និងថែមទាំងត្រូវបានគេប៉ាន់ប្រមាណបានថា អាចលក់បានក្នុងតម្លៃរាប់សិបម៉ឺនដុល្លារឯណោះ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បុរសនេសាទដ៏មានសំណាងខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Jumrus Thiachot មានអាយុ ៥៥ឆ្នាំ។ លោក Jumrus បានប្រទះឃើញដុំកម្អួតត្រីបាឡែន ដែលមានទម្ងន់ប្រហែល ៦,៣គីឡូក្រាមនេះ តាំងតែពីកំឡុងដើមឆ្នាំនេះមកម៉្លេះ ពោលគឺ នៅគ្រាដែលរូបលោកបានដើរតាមឆ្នេរលើកោះ Samui (Koh Samui)។

នៅគ្រានោះទៀតសោត លោក Jumrus ក៏ពុំបានដឹងប្រាកដទេថា ដុំលឿងៗស្រដៀងក្រមួននេះ គឺជាដុំកម្អួតត្រីបាឡែននោះឡើយ។ ប៉ុន្តែមិនថាយ៉ាងណា អ្នកនេសាទរូបនេះ ក៏បានសម្រេចចិត្តយកវាទៅទុកនៅផ្ទះ ហើយក៏បន្តទៅធ្វើការងារនេសាទរបស់លោក ដែលអាចរកចំណូលបានប្រហែល ៤០០បាត (ឬប្រហែល ១៣ដុល្លារអាមេរិក) ក្នុងមួយថ្ងៃផងដែរ។

ប្រភពដដែលបន្តថា ក្រោយមក លោក Jumrus ក៏តែងបានលួចសួរអ្នកជិតខាងរបស់លោក ដើម្បីឲ្យពួកគេជួយពិនិត្យមើលថាតើដុំនេះមានផ្ទុកនូវសារធាតុអ្វី។ ប៉ុន្តែជាលទ្ធផលនៅតែមិនកើតការ។

បើទោះបីជាយ៉ាងណា ជាសំណាងរបស់លោក Jumrus កាលពីថ្ងៃថ្ងៃអង្គារ កន្លងទៅនេះ មន្រ្តីមកពីរដ្ឋាភិបាលក្នុងតំបន់ ក៏បានចុះមកដល់ផ្ទះរបស់លោកផ្ទាល់តែម្តង ដើម្បីជួយធ្វើការពិនិត្យទៅលើដុំក្រមួននោះ ហើយនៅទីបំផុតពួកគេបានអះអាងថា វាគឺជាកម្អួតត្រីបាឡែនដែលជារបស់ដ៏មានតម្លៃបំផុត ដែលជាសារធាតុមួយត្រូវបានគេយកទៅផ្សំធ្វើជាទឹកអប់។

ទន្ទឹមនឹងនោះ ដុំកម្អួតត្រីបាឡែនដែលលោក Jumrus រកឃើញនេះ ក៏ត្រូវបានគេប៉ាន់ប្រមាណបានថា អាចលក់បានក្នុងតម្លៃរហូតដល់ទៅ ៣២០,០០០ដុល្លារអាមេរិក​ ឯណោះ។

លោក Jumrus បាននិយាយថា លោកបានរង់ចាំពេលវេលានេះ អស់រយៈពេលជិតមួយឆ្នាំទៅហើយ ទម្រាំតែត្រូវបានខាងមន្រ្តីអាជ្ញាធរទាក់ទងមកកាន់លោកវិញ។
លោក Jumrus ថា៖

«អ្នកជិតខាងរបស់ខ្ញុំ៣នាក់ បានមកជួយមើលខ្ញុំ បន្ទាប់ពីក្មួយប្រុសរបស់ខ្ញុំ មានការសង្ស័យ និងបានប្រាប់ពួកគេថា ខ្ញុំរកបានដុំកម្អួតត្រីបាឡែន។ ក្រោយមក ពួកគេសុំឲ្យខ្ញុំកាត់ដុំកម្អួតត្រីបាឡែននេះ ដោយពួកគេអះអាងថា នឹងជួយធ្វើតេស្តពិនិត្យមើល ដើម្បីឲ្យដឹងកាន់តែច្បាស់។ ប៉ុន្តែជាលទ្ធផល ពួកគេបាននិយាយថា វាពុំបានបង្ហាញអ្វីទាំងអស់ថាជា ដុំកម្អួតត្រីបាឡែននោះឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ខ្ញុំនៅតែចង់ដឹងការពិត ទើបបានជាខ្ញុំព្យាយាមទាក់ទងខាងអាជ្ញាធរ ដើម្បីឲ្យចុះមកជួយត្រួតពិនិត្យ។ ឥឡូវនេះ នៅទីបំផុតខ្ញុំបានដឹងការពិតហើយថា វាគឺពិតជាកុំកម្អួតត្រីបាឡែនយ៉ាងពិតប្រាកដមែន ដែលខ្ញុំនឹងអាចលក់វាបាន» ។

គួរឲ្យដឹងផងដែរថា កម្អួតត្រីបាឡែន ឬ «Whale Vomit» ត្រូវបានគេស្គាល់ម្យ៉ាងទៀតថា «Ambergris» គឺជាសារធាតុកាកសំណល់ចេញពីកោសិកាសរីរាង្គ ដែលមាននៅក្នុងក្រពះរបស់ត្រីបាឡែនរយៈពេលយូរ។ អ្វីដែលពិសេស និងជាគុណប្រយោជន៍របស់វានោះ គឺត្រូវបានគេយកទៅប្រើប្រាស់ ឬធ្វើជាគ្រឿងផ្សំផលិតទឹកអប់ឲ្យមានក្លិនក្រអូប ក្នុងចំណីអាហារ គ្រឿងសម្អាង និងថ្នាំពេទ្យជាដើម។

កម្អួតត្រីបាឡែន ត្រូវបានគេដឹងថា វាពិតជាអាចលក់បានក្នុងតម្លៃខ្ពស់ខ្លាំងណាស់ ហើយវាក៏ត្រូវបានគេយកទៅប្រើប្រាស់ធ្វើជាគ្រឿងផ្សំបែបនេះ តាំងតែពីក្នុងកំឡុងសតវត្សរ៍ទី១៣ មកម៉្លេះ។

អ្នកខ្លះបានចាត់ទុកវាថាជា «កំណប់នៃសមុទ្រ» ឬ «មាសអណ្ដែត» ។ ដូច្នេះសម្រាប់អ្នកដែលបានរកឃើញវា គឺជាសំណាងរបស់ពួកគេបំផុតហើយ ព្រោះថាកម្អួតត្រីបាឡែនពុំងាយនឹងរកបានដោយងាយៗនោះឡើយ។

ប្រភព៖Khmerload

Leave a Reply

Your email address will not be published. Required fields are marked *