ប្រទះឃើញ! សត្វសមុទ្រចម្លែករាប់ពាន់ក្បាល…(មានវីដេអូ)

អង់គ្លេស៖ អ្នកដើរកម្សាន្ដតាមមាត់សមុទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញសត្វដ៏ចម្លែករាប់ពាន់ក្បាល បានប្រមូលផ្ដុំគ្នានៅលើគល់ឈើ ដែលរសាត់អណ្ដែតមកទើរត្រឹមឆ្នេរ Caernarfon តំបន់ North Wales ប្រទេសអង់គ្លេស។

លោក Martyn Green វ័យ៤៧ឆ្នាំ បានប្រទះឃើញ ខណៈពេលលោកកំពុងដើរកម្សាន្ដតាមមាត់សមុទ្រជាមួយគ្រួសារ នាថ្ងៃឈប់សម្រាក។ ដំបូងឡើយ លោកនិងគ្រួសារគិតថា វាគ្រាន់តែជាវត្ថុអណ្ដែតទឹក ហើយមើលទៅចម្លែកប៉ុណ្ណោះ។​ ប៉ុន្ដែ នៅពេលដើរចូលកាន់តែជិត និងពិនិត្យកាន់តែច្បាស់ទើបដឹងថា ជាបំណែកនៃគល់ឈើងាប់ ដែលគ្របដណ្ដប់ទៅដោយសត្វសមុទ្រចម្លែករាប់ពាន់ក្បាល។

បន្ទាប់ពីបានឃើញដូចនេះ លោក Green និងកូនប្រុស បានស្រាវជ្រាវនៅលើ Google ដើម្បីដឹងថា តើសត្វសមុទ្រទាំងនោះអាចជាអ្វី។ នៅទីបំផុតទើបដឹងថា សត្វចម្លែកដែលពួកលោកមិនធ្លាប់ឃើញពីមុននោះ ជាពួកសត្វសមុទ្រម៉្យាងឈ្មោះថា Gooseneck Barnacles ដែលមានតម្លៃថ្លៃបំផុតមួយ ហើយត្រូវបានគេចាត់ទុកជាអាហារឆ្ងាញ់ ក្នុងប្រទេសព័រទុយ⁠កាល់ និងអេស្ប៉ាញ។

លោកគិតថា មួយក្បាលមានតម្លៃប្រហែល២៥ផោន (ប្រហែល៣២ដុល្លារអាមេរិក) ហើយចំនួនសរុបដែលប្រទះឃើញនោះ មានប្រហែល២,០០០ក្បាល។ ដោយឡែក តាមការប៉ាន់ស្មានរបស់ការសែត The Scottish Sun សត្វសមុទ្រទាំងអស់នោះ អាចមានតម្លៃគួរឲ្យភ្ញាក់ផ្អើល ដល់ទៅ ៥ម៉ឺនផោនឯណោះ (ឬប្រហែល ៦៤,៧០០ដុល្លារអាមេរិក)។

ទោះជាយ៉ាងណា លោក Green មិនបានបង្ហាញទីតាំងជាក់លាក់ ដែលលោករកឃើញទេ ដើម្បីធានាថា
ជនឆ្លៀតឱកាសមិនអាចទៅដល់ទីនោះ និងបំផ្លាញពួកវាបានឡើយ៕

វីដេអូ

Leave a Reply

Your email address will not be published. Required fields are marked *